(ភ្នំពេញ)៖ ក្នុងចំណោមទំនិញជាង ៧០មុខនៅក្នុងផ្សារអូរឬស្សី ដែលមន្រ្តីកាំក្រុងត្រូលបានដកហូតយកពិនិត្យនោះ គេបានរកឃើញថា ជ្រក់ស្ពៃ មានប្រើប្រាស់ជាតិអាស៊ីត ដែលហាមឃាត់ ខណៈបង្គារកឃើញដាក់សារធាតុហ្វកម៉ាលីន ការពារកុំឲ្យឆាប់ស្អុយ។ មន្រ្តីថា សារធាតុ ដែលបានដាក់ក្នុងជ្រក់ស្ពៃ និងបង្គានេះ សុទ្ធជាតែសារធាតុប៉ះពាល់ខ្លាំងដល់សុខភាពអ្នកបរិភោគ ជាពិសេសក្រពះពោះវៀនតែម្តង សម្រាប់ជាតិហ្វកម៉ាលីន បើមានកម្រិតធ្ងន់ធ្ងរអាចបណ្តាលឲ្យអ្នកបរិភោគស្លាប់ទៀតផង។

បង្គា និងជ្រក់ស្ពៃ ដែលមានដាក់សារធាតុនាំឲ្យប៉ះពាល់ដល់សុខភាពនេះ បានរកឃើញក្នុងពេលដែលលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដំណើរដោយលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល ចុះទៅពិនិត្យគុណភាពទំនិញនៅក្នុងផ្សារអូរឬស្សីនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ។

លោក ម៉ក់ ពេជ្ជរិទ្ធ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្នុងពេលចុះពិនិត្យនោះ មានទំនិញរហូតដល់ទៅ ៧០មុខ ត្រូវបានយកទៅពិសោធន៍។ ជាលទ្ធផលពិសោធន៍ភ្លាមៗទៅលើទំនិញ ២៨មុខ ជាមួយរថយន្តពិសោធន៍ចល័តនោះ គឺបានរកឃើញទំនិញពីរមុខមានបញ្ហា រួមមានជ្រក់ស្ពៃ និងបង្គា។

លោក ម៉ក់ ពេជ្ជរិទ្ធ បានឲ្យដឹងថា ជ្រក់ស្ពៃ គឺមានដាក់សារធាតុអាស៊ីតខ្ពស់ ខណៈដែលបង្គាវិញ មានដាក់ជាតិហ្វកម៉ាលីន ដែលជាសារធាតុសម្រាប់ការពារកុំឲ្យឆាប់ខូចគុណភាព។ ដោយឡែកទំនិញជាច្រើនមុខផ្សេងទៀត ត្រូវបានមន្រ្តីយកទៅពិសោធន៍បន្ត ហើយមិនទាន់ទទួលបានលទ្ធផលនោះឡើយ។

បើតាមលោក ម៉ក់ ពេជ្ជរិទ្ធ ក្រោយការពិសោធន៍រកឃើញបែបនេះ ទាំងជ្រក់ស្ពៃ និងបង្គា ត្រូវបានដកហូត ហើយក៏បានអប់រំដល់អ្នកលក់ផងដែរ។

ជាការកត់សម្គាល់ទាំងក្រុមអាជីវករ និងប្រជាពលរដ្ឋ សុទ្ធតែបង្ហាញក្តីរីករាយ និងសាទរ ចំពោះសកម្មភាពចុះត្រួតពិនិត្យគុណភាពរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងកាំកុងត្រូល ព្រោះជាការចូលរួមចំណែកជួយការពារសុខភាពរបស់ប្រជាពលរដ្ឋបានកាន់តែខ្ពស់៕

ប្រភព៖ Fresh News

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ បំបែកហើយ​ ! ករណីដែលចេះ​តែ​ផ្អើលចោមរោម​លើ​ស្ពាន​ស្ទឹង​មាន​ជ័យ​

​ប្រជាពលរដ្ឋ​បាន​ផ្អើល​ឈូរ​ឆ​​ នាំ​គ្នាទៅ​​ចោមរោម​មើល​យ៉ាង​កុ​កុញ​ កាលពី​រសៀល​ថ្ងៃ​ទី​១០ មករា ស្ថិត​នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​នោះ គឺការប្រទះឃើញ​​ពស់ថ្លាន់​ញី​-ឈ្មោល​២​ក្បាល​​ធំ​ៗ ដែល​​ត្រូវ​​បាន​កម្លាំង​អាជ្ញាធរ​សង្កាត់​ ស្ទឹង​មាន​ជ័យតាម​​ចាប់​បាន ​​​ត្រឹម​វេលា​ម៉ោង​១​រំលង​អ​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១១ មករា ។

ពស់ថ្លាន់​ទាំង​២​ក្បាល​នេះ​ គឺជា​ពស់​គូ​ញី​-ឈ្មោល ដែល​ពស់​ឈ្មោល​មាន​ទម្ងន់១៨​គីឡូក្រាម ដោយឡែក​ពស់​ញី​មាន​ទម្ងន់២១​គីឡូ (ដោយ​ពស់​ញី​កំពុង​ផើម) ​ពស់​ទាំង​២​មាន​ប្រវែង​ប្រមាណ​២​ម៉ែត្រ​ដូច​គ្នា ។ បច្ចុប្បន្ន​ ពស់ថ្លាន់​ញី​-ឈ្មោល​នេះ ត្រូវ​បាន​យក​មក​រក្សា​​​ទុក​នៅ សាលាសង្កាត់​ស្ទឹង​មាន​ជ័យ រង់​ចាំ​អាជ្ញាធរ​អភិរក្ស​សត្វព្រៃ​មក​ទទួល​យក ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង៣​រសៀល​ថ្ងៃ​ទី​១០​ មករា នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង បន្ទាប់​ពី​មាន​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អ្នកដំណើរ​នាំ​គ្នា​ ចោមរោម​មើល​យ៉ាង​អូរ​អរ ថា​បានឃើញ​ពស់ថ្លាន់​២​ក្បាល​ដ៏​ធំ​វារ​រត់​កាត់​ចំណុច​ខាងលើ ។ ក្នុង​ការ​ភ្ញាក់ផ្អើល​ចោមរោម​មើល​នេះ បាន​ធ្វើ​អោយ​មានការ​រាំងស្ទះ​ជា​ខ្លាំង​ដល់​ចរាចរណ៍​ ធ្វើ​ដំណើរ​របស់​ពល​រដ្ឋ​ទូទៅនៅ​ចំណុច​ស្ពាន​អាកាស​ខាងលើស្ទើរ​ពេញ​មួយ​​រសៀល ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]