អូស្រ្តាលី៖ រូបភាពចំនួន ២សន្លឹកបានបង្ហាញពីក្តីស្រលាញ់របស់ម្តាយចំពោះកូន ដែលមិនអាចកាត់ថ្លៃបាន ដោយស្រ្តីជាម្តាយម្នាក់ បានលើកកូនប្រុសរបស់ខ្លួនចេញពីក្នុងពោះដោយផ្ទាល់ដៃ ដែលកំពុងតែដេកសម្រាលកូននៅក្នុងមន្ទីរពេទ្យ ជារឿងដែលម្តាយលើលោកមិនងាយនឹងបានធ្វើឡើយ។

ស្ថិតក្នុងសម្លៀកបំពាក់របស់មន្ទីរពេទ្យ និងកំពុងតែដេកនៅលើគ្រែវះកាត់ ស្រ្តីជនជាតិអូស្រ្តាលី និងជាម្តាយកូន៤ ម្នាក់ បានលូកដៃលើកយកទារកដែលទើបនឹងកើតរបស់នាង ឈ្មោះ Spencer និងទទួលស្វាគមន៍គេដែលចូលមកកាន់ពិភពលោកជាលើកដំបូង។

ប្រភពព័ត៌មានបានឲ្យដឹងថា ទារក Spencer ត្រូវបានគេសម្រាលដោយការវះកាត់ ជាកូនរបស់នាង Sarah Toyer រស់នៅក្នុងទីក្រុងមាត់សមុទ្រ Gold Coast រដ្ឋ Queensland ប្រទេសអូស្រ្តាលី។ ហើយរូបភាពរបស់ពួកគេត្រូវបានបង្ហោះលើបណ្តាញសង្គម Facebook ដើម្បីជម្រុញទៅដល់ម្តាយផ្សេងទៀត ឲ្យធ្វើតាមអ្វីដែលពួកគេចង់ធ្វើ នៅពេលសម្រាលកូន។

នាង Sarah Toyer បាននិយាយថា «ខ្ញុំចង់ចែករំលែកបទពិសោធន៍របស់ខ្ញុំទៅដល់ស្រ្តីជាម្តាយផ្សេងទៀត ឲ្យបានដឹងថា មានវិធីជាច្រើនសម្រាប់ពួកគេ ដើម្បីផ្តល់កំណើតដល់កូនៗដោយផ្ទាល់ដៃ បើទោះបីជាអ្នកត្រូវសម្រាលកូន ដោយការវះកាត់ក៏ដោយ» 

ប្រភពព័ត៌មានបន្តថានាង Sarah Toyer បាននិយាយលម្អិតពីបទពិសោធន៍ដែលនាងបានឆ្លងកាត់នៅលើទំព័រ Facebook របស់នាងផ្ទាល់ផងដែរ។ នាងបានសរសេរថា «នៅពេលដែលខ្ញុំបានដឹងថា ខ្ញុំមានផ្ទៃពោះកូនទី៤ ខ្ញុំត្រូវបានគេកំណត់ថា ត្រូវសម្រាលកូនដោយការវះកាត់។ ខ្ញុំបានជួបពិភាក្សាជាមួយឆ្មប ក្រុមគ្រូពេទ្យ និងគ្រូពេទ្យវះកាត់ អំពីអ្វីដែលខ្ញុំចង់ធ្វើ ប៉ុន្តែពួកគេបាននិយាយថា វាអាស្រ័យទៅលើស្ថានភាពវះកាត់នៅថ្ងៃនោះផ្ទាល់»

នាងបន្តថា «នៅពេលនាងគ្រប់ខែ ដល់ថ្ងៃសម្រាល នាងបានរង់ចាំនៅក្នុងមន្ទីរពេទ្យអស់ ៨ម៉ោងមុនពេលចូលបន្ទប់វះកាត់។ ហើយប្រហែលជា១ម៉ោងកន្លះក្រោយទៀត ខ្ញុំក៏បានដេកនៅលើគ្រែវះកាត់ សម្លឹងមើលក្បាលរបស់កូនប្រុសខ្ញុំ ត្រូវគ្រូពេទ្យទាញចេញពីក្នុងស្បួនមក ហើយពេលនោះខ្ញុំក៏បានលូកដៃរបស់ខ្ញុំចាប់បីកូនប្រុស លើកចេញពីរាងកាយរបស់ខ្ញុំផ្ទាល់។ វាគឺជារឿងដែលមិនគួរឱ្យជឿ ហើយអស្ចារ្យបំផុត ដែលខ្ញុំមិនធ្លាប់បានធ្វើពីមុនមក”។

បទពិសោធន៍ដ៏អស្ចារ្យមួយនេះ បានធ្វើឲ្យនាង Sarah Toyer មានមោទនភាពជាខ្លាំង ហើយនាងក៏បានជំរុញឲ្យស្រីជាម្តាយផ្សេងទៀត មានសុទិដ្ឋិនិយម ទៅលើរបៀបដែលពួកគេចង់បង្កើតកូនរបស់ពួកគេ៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]