កូឡុំប៊ី៖ ស្ពានយោលមួយកន្លែង ក្នុងប្រទេសកូឡុំប៊ី បានដាច់ធ្លាក់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន១១នាក់ និងមានអ្នករងរបួសជាច្រើននាក់ផ្សេងទៀត កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅជិតទីក្រុង Villavicencio ភាគអាគ្នេយ៍ទីក្រុង Bogota។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។

សាក្សីដែលបានឃើញផ្ទាល់ភ្នែកនូវហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយនេះ បាននិយាយថា ខ្សែមួយរបស់ស្ពានយោលនេះបានដាច់ ខណៈមានមនុស្សច្រើនជាង ២០នាក់កំពុងតែធ្វើដំណើរឆ្លងកាត់ស្ពាននេះ។ មនុស្សមួយចំនួន បានព្យាយាមតោងស្ពាននោះជាប់ ប៉ុន្តែមនុស្សមួយចំនួនទៀត រួមទាំងទារកម្នាក់ បានធ្លាក់ចុះទៅក្នុងជ្រោះដែលនៅពីក្រោម។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្ពានយោលនេះត្រូវបានគេសាងសង់ឡើង ឆ្លង់កាត់ជ្រោះមួយ ដែលមានកម្ពស់ប្រមាណជាង១០ម៉ែត្រ ប៉ុន្តែដោយសារជ្រោះខាងក្រោមមានលក្ខណៈចោត ដូច្នេះអ្នកដែលធ្លាក់ទៅក្រោម គឺអាចធ្លាក់ទៅឆ្ងាយពីកន្លែងដែលស្ពាននោះបានដាច់។  

យោងតាមលោក Hilton Gutierrez មន្រ្តីការិយាល័យអភិបាលក្រុង ដែលនៅនៅក្បែរទីក្រុង Villavicencio បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យស្ពានយោលនេះដាច់ គឺបណ្តាលមកពីស្ពាននេះផ្ទុកមនុស្សលើសទម្ងន់របស់វា។ លោកបន្តថា មនុស្សជិត៣០នាក់ ស្ថិតនៅលើស្ពាននោះ ហើយពួកគេមួយចំនួនធំ គឺនាំគ្នាដើរនៅផ្នែកមួយចំហៀង នៅពេលដែលខ្សែបានដាច់ ដែលធ្វើឲ្យស្ពានផ្អៀងទៅម្ខាង។

សាក្សីដែលបានឃើញហេតុការណ៍នេះបានថ្លែងប្រាប់អ្នកសារព័ត៌មានថា មនុស្សម្នាក់ត្រូវចំណាយលុយចំនួន ០,៧០ដុល្លារ ដើម្បីដើរឆ្លងកាត់ស្ពានយោលមួយនេះ ប៉ុន្តែមិនមាននរណាម្នាក់នៅចាំមើលត្រួតពិនិត្យចំនួនមនុស្សដែលដើរឆ្លងកាត់វា នោះទេ។ ខណៈស្រ្តីម្នាក់បានថ្លែងថា គ្រោះថ្នាក់នេះ ប្រុងតែកើតឡើងជាយូរមកហើយ។

តាមរយៈរូបភាពដែលថតបាននៅកន្លែងកើតហេតុ បានបង្ហាញពីទិដ្ឋភាពដ៏គួរឲ្យរន្ធត់ សឹងមានហ៊ានមើលនឹងភ្នែក ខណៈស្ពានយោងដែលដាច់នោះ មានស្លែដុះពាសពេញលើស្ពានយោលនោះទាំងអស់ ហើយខ្សែមើលទៅមិនមានសុវត្ថិភាពទាល់តែសោះ។

ក្រោយកើតហេតុ ប៉ូលិស និងក្រុមសង្គ្រោះបានទៅដល់កន្លែងកើតហេតុ ហើយក្រុមសង្គ្រោះក៏បានព្យាយាមចុះទៅជួយដល់ជនរងគ្រោះ និងប្រមួលយកសាកសពអ្នកដែលបានស្លាប់ទាំងអស់ផងដែរ៕ 

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]