ថៃ៖ ខណៈពេលនេះទៅហើយ កូនប្រុសតារាកំប្លែងជើងចាស់ នាយក្រឹម មិនទាន់ធូរស្បើយនៅឡើយទេ បើទោះបីជា បានបូមដុំគីស ចេញពីឆ្អឹងខ្នងក៏ដោយ។

នេះបើយោងតាមកិច្ចសម្ភាសន៍ ជាមួយនឹងកាសែតភ្នំពេញប៉ុស្តិ៍ នាយក្រឹម បានឲ្យដឹងថា តាមពិតទៅ លោកស្ទើរតែមិនដឹងថា កូនប្រុស កើតជម្ងឺដុំគីសនៅឆ្អឹងខ្នង ព្រោះកូនប្រុសពៅគាត់ មិនសូវនិយាយ និងមិនសូវប្រាប់ពីអាការៈរបស់ខ្លួន ឲ្យក្រុមគ្រួសារបានដឹងនោះទេ ហើយទើបកាលពីថ្មីៗនេះ រូបគេ បានប្រាប់ឪពុកម្តាយថា ឈឺចង្កេះនិងចុកខ្លាំង។

ក្នុងនោះដែរ នាយក្រឹមបានបន្តថា ដំបូងឡើយ បញ្ជូនទៅកាន់មន្ទីរពេទ្យជោរីទេ តែដោយចរាចរណ៍ផ្លូវ ទៅកាន់ទីនោះ កាន់តែស្ទះខ្លាំង ក៏សម្រេចចិត្តមកមន្ទីរពេទ្យសែនសុខវិញ។ ប៉ុន្តែក្រោយសម្រាកក្នុងមន្ទីរពេទ្យសែនសុខ បាន២ថ្ងៃ ក៏បញ្ជូនទៅកាន់មន្ទីរពេទ្យប្រទេសថៃតែម្តង។

ប៉ុន្តែទោះបីកូនប្រុសរបស់នាយក្រឹម បានទៅដល់ដៃគ្រូពេទ្យក៏ដោយ ក៏រូបលោក នៅតែអំពល់ចិត្តដដែល ព្រោះលឺពេទ្យនិយាយថា មេរោគដុំគីសនេះ វាអាចឆ្លងចូលមកក្រពះពោះវៀន និងអាចធ្វើទុក្ខខ្លាំង ដល់អ្នកជម្ងឺ។ ជាពិសេស រូបលោក ក៏បានបញ្ជាក់ថា ដំណាក់កាលនេះ រូបលោក បានចំណាយដល់ខ្ទង់ម៉ឺនដុល្លារ តែស្ថានភាពជម្ងឺ មិនទាន់ប្រសើរ ហើយក៏នឹងត្រូវព្យាបាលយូរតទៅទៀត។ ប៉ុន្តែរូបលោកក៏បានសង្កត់ធ្ងន់ដែរថា អស់ប៉ុន្មានក៏មិនរាដែរ សំខាន់កូនជា។

នេះជាទឹកចិត្តឪពុក ដែលបារម្ភពីសុខទុក្ខរបស់កូនជាពន់ពេក ទោះបីជាត្រូវចំណាយប៉ុន្មានក៏ហ៊ាន ដើម្បីឲ្យកូនជាសះស្បើយពីជម្ងឺ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា កូនប្រុសតារាកំប្លែងជើងចាស់ នាយក្រឹម បានព្យាបាលនៅឯមន្ទីរពេទ្យក្នុងទីក្រុងបាងកកប្រទេសថៃ ដោយមានអាការៈធ្ងន់ធ្ងរគួរឱ្យបារម្ភ។

ស្ថានភាពជំងឺរបស់គេបានធ្វើទុក្ខយ៉ាងខ្លាំង ដោយមានអាការៈរាគផង ក្អួតផង ហើយទទួលទានអាហារក៏មិនបានដែរ រហូតដល់គ្រូពេទ្យដែលរង់ចាំនៅមើលថែទាំ ត្រូវព្យួរសេរ៉ូមអាហារឱ្យទៀតផង។

ពេលនេះតារាកំប្លែងនាយក្រឹមកំពុងតែសោកសៅយ៉ាងខ្លាំង ចំពោះស្ថានភាពជំងឺរបស់កូនប្រុសជាទីស្រលាញ់របស់ខ្លួន។

ក្រោយបានឮដំណឹងនេះ ក៏បានធ្វើឱ្យអ្នកគាំទ្រលោកក្រឹម សម្តែងការព្រួយបារម្ភ និងជូនពរឱ្យកូនប្រុសរបស់គាត់ ឆាប់បានជាសះស្បើយពីជំងឺសាច់អាប់សែនៅត្រង់ខ្នងនាលើកនេះផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រឹម