ចិន៖ វីដេអូដ៏គួរឲ្យចាប់អារម្មណ៏មួយ ត្រូវបានគេថតនៅខាងក្រៅការិយាល័យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាពន្លឺសូឡា Risun នៅក្នុងទីក្រុង Xinyu ខេត្តជាំងស៊ី ប្រទេសចិន ដែលបានបង្ហាញឲ្យឃើញថា មានត្រីបាឡែនដ៏ធំមួយក្បាលត្រូវបានគេដឹកយកមកធ្វើជាចំនីឆ្កែ។

បន្ទាប់ពីវីដេអូមួយនេះត្រូវបានបង្ហោះ អាជ្ញាធរខេត្តក៏បានចាប់ផ្តើមសម្លឹងមើលទៅលើបញ្ហាមួយនេះ។ យោងទៅតាមក្រសួងរុក្ខាប្រមាញ់ និងនេសាទ ប្រចាំខេត្តជាំងស៊ី បានឲ្យដឹងថា ត្រីបាឡែនមួយក្បាលនេះ ជាអំណោយដែលត្រូវបានប្រគល់ទៅឲ្យក្រុមហ៊ុន Risun ពីសំណាក់ក្រុមហ៊ុនមួយផ្សេងទៀត ដែលមានទីតាំងនៅក្នុងខេត្តចឺជាំង។ 

យ៉ាងណាមិញ ពួកគេត្រូវចំណាយទឹកប្រាក់ប្រមាណ ៤០០០ យ័ន (ប្រហែល ៥៧៧ ដុល្លារ) ដើម្បីធ្វើការដឹកជញ្ជូនត្រីទម្ងន់ ៨តោននេះពីតំបន់ឆ្នេរខេត្ត Zhejiang មកកាន់ខេត្តជាំងស៊ី។

លើសពីនេះទៅទៀត អាជ្ញាធរក៏បានបន្ថែមទៀតដែរថា បើទោះបីជាតម្លៃនៃការដឹកជញ្ជូននេះថ្លៃក៏ពិតមែន ក៏ត្រីបាឡែននេះត្រូវបានគេកាត់យកទៅធ្វើជាចំនីឆ្កែដែរ ហើយសាច់មួយចំនួនទៀត ត្រូវបានបែងចែកទៅឲ្យបុគ្គលិកដែលបម្រើការនៅក្នុងក្រុមហ៊ុននេះយកទៅផ្ទះ ដើម្បីធ្វើជារង្វាន់ចុងឆ្នាំសម្រាប់ពួកគេ៕

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ឃោរឃៅណាស់! គ្រាន់តែដឹងថាក្មួយស្រីលួចលុយ ពូកំណាចចាប់បោកខ្ទប់ជាមួយទូអីវ៉ាន់ កណ្តាលផ្សារទំនើប (មានវីដេអូ)

ចិន៖ វីដេអូដ៏រន្ធត់មួយ ត្រូវបានគេយកទៅបង្ហោះនៅក្នុងបណ្តាញសង្គមចិន Weibo កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ។ ក្នុងនោះគេឃើញបុរសម្នាក់ បានចាប់ក្មេងស្រីតូចម្នាក់បោកទៅនឹងទូដាក់ចំនីអាហារនៅក្នុងផ្សារទំនើបមួយមកន្លែងទាំងកំរោល។

យោងទៅតាមសារព័ត៌មានក្នុងស្រុកមួយ បានឲ្យដឹងថា តាមពិតទៅបុរសម្នាក់នោះត្រូវជាពូរបស់ក្មេងរងគ្រោះ ហើយមូលហេតុដែលរូបគេធ្វើបែបនេះ ក្មួយស្រីបានលួចលុយពីកាបូបលុយរបស់ខ្លួន។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៦ និងមានសាក្សីជាក្មេងសិស្សសាលាជាច្រើន ស្ថិតនៅទីនោះ ដែលមានទីតាំងនៅផ្សារទំនើបមួយ ក្នុងទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន។

លើសពីនេះទៅទៀត សារព័ត៌មាន Lagal Daily ក៏បានធ្វើការស៊ើបអង្កេតចំពោះវីដេអូមួយនេះដែរ។ ពួកគេបានរកឃើញថា ក្មេងស្រីរូបនេះបានលួចលុយពីក្នុងកាបូបពូរបស់គេចំនួន ៣ ០០០យ័ន (ប្រហែល ៤៣០ដុល្លារអាមេរិក)​ និងថែមទាំងយកកាតធនាគារទៀតផង។

កុមារីរងគ្រោះដែលមានអាយុទើបតែ៧ឆ្នាំ និងជាសិស្សសាលាបឋមសិក្សារូបនេះ បានរងរបួសត្រង់មុខ ដោយសារបោកខ្ទប់ជាមួយនឹងទូដាក់ចំនីអាហារ។

បើទោះបីជាវីដេអូមួយនេះ មិនបានបញ្ចេញសម្លេងក្តី ក៏គេអាចមើលដឹងដែរថា បុរសម្នាក់នេះបានស្រែកគំហោកដាក់ក្មេងៗដទៃទៀត ដែលនៅក្នុងហាងនោះ។

ចំនែកឯម្ចាស់ហាងផ្ទាល់ និងឪពុកម្តាយរបស់ក្មេងផ្សេងៗទៀត ដែលជាសាក្សីនៅក្នុងហេតុការណ៍នេះ ក៏បានធ្វើការរារាំង និងព្យាយាមបញ្ឈប់សកម្មភាពបុរសនេះឲ្យឈប់ធ្វើបាបក្មេងរងគ្រោះផងដែរ។ ទោះជាយ៉ាងនេះក្តី ជននេះមិនស្តាប់អ្នកណាឡើយ ផ្ទុយទៅវិញ គេបែរជាទាត់ក្មេងស្រីរងគ្រោះមួយជើងថែមទៀត ធ្វើឲ្យក្មេងស្រីនោះព្យាយាមរត់ពួនពីក្រោយខ្នងមិត្តរួមថ្នាក់របស់គេ។

តាមការឲ្យដឹង បុរសជាពូនេះបានចោទប្រកាន់ទៅលើម្ចាស់ផ្សារទំនើប ថា ដោយសារតែពួកគេអនុញ្ញាតឲ្យក្មេងទិញទំនិញជំពាក់ ទើបក្មួយរបស់គេដាច់ចិត្តលួចលុយបែបនេះ។

គួរឲ្យដឹងដែរថា វីដេអូមួយនេះ បានធ្វើឲ្យមហាជនមួយចំនួនមានប្រតិកម្មទៅលើឪពុកម្តាយដែលមិនបានអប់រំទូន្មានកូនឲ្យបានល្អ និងមួយចំនួនទៀតក៏បានលើកយកច្បាប់ការពារអនីតិជននៃអំពើហឹង្សាក្នុងគ្រួសារមកវែកញែកផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]