ចិន៖ ដោយសារតែភាពក្រីក្រ ទើបបណ្តោយឲ្យស្រ្តីវ័យចំណាស់ជនជាតិចិនម្នាក់ រស់នៅទាំងភាពឈឺផ្សា អស់រយៈពេលជាង ២០ឆ្នាំ ដោយការរក្សាពោះវៀនក្នុងថង់ប្លាស្ទិចនៅខាងក្រៅខ្លួនរបស់គាត់ បន្ទាប់ពីគ្មានលទ្ធភាពចំណាយលើថ្លៃវះកាត់។

បើយោងតាមប្រភព ទីភ្នាក់សារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយថ្ងៃទី១០ មករា ឆ្នាំ២០១៧ បានឲ្យដឹងថា ស្រ្តីចំណាស់វ័យ ៨០ឆ្នាំដ៏គួរឲ្យអាណិតខាងលើនេះ មានឈ្មោះថា Lan Guo’e ជាអ្នកស្រុករស់នៅក្នុងភូមិ Niuche ក្នុងទីក្រុង Wuxue ភាគកណ្តាលខេត្ត Hubei ប្រទេសចិន បានបង្ហាញទិដ្ឋភាពជាក់ស្តែង មកកាន់ក្រុមភ្នាក់ងារយកព័ត៌មាន អំពីរបៀបរក្សាទុកពោះវៀនរបស់គាត់ នៅក្នុងថង់ប្លាស្ទិចមួយ នៅខាងក្រៅខ្លួន ជាមួយនឹងរូបភាពគួរឲ្យតក់ស្លុតជាទីបំផុត។

បើតាមការរៀបរាប់ ពីសំណាក់លោកតា Mao Yongfu ស្វាមីរបស់លោកយាយ Lan បានឲ្យដឹងថា ប្រពន្ធរបស់គាត់ទទួលរងស្ថានភាពឈឺចាប់យ៉ាងដូច្នេះ ដោយសារតែធ្លាប់ឆ្លងកាត់ ប្រតិបត្តិការវះកាត់មួយ (ក្រៀវ-ដើម្បីកុំឲ្យមានកូន) កាលពីអំឡុងឆ្នាំ១៩៧១។

ជាអកុសលការវះកាត់ដ៏គួរឲ្យភ័យខ្លាចមួយនោះ ទទួលបានលទ្ធផលមិនល្អ ដោយការដេរពីជាលិកាមួយ តភ្ជាប់ទៅជាលិកាមួយផ្សេងទៀត ចាក់ស្រេះគ្នានៅជុំវិញតំបន់ ពោះវៀនធំរបស់គាត់ ដែលបណ្តាលឲ្យមានការ រលាកជាច្រើនកន្លែង ជាមូលហេតុធ្វើឲ្យលោកយាយ Lan ពិបាកក្នុងការបញ្ចេញជាតិ ទឹកនិងកាកសំណល់ពីក្នុងខ្លួនរបស់គាត់ជាខ្លាំង ទើបបណ្តាលឲ្យស្ថានភាពដ៏អាក្រក់នេះកាន់តែហើមទៅៗតែម្តង។

លោកយាយ Lan ក៏បានឲ្យដឹងដែរថា ពោះវៀនរបស់គាត់បានរលាកហើម និងថែមទាំងធ្វើឲ្យគាត់ឈឺចាប់នេះ អស់រយៈពេលជាង២០ឆ្នាំទៅហើយ។ លោកយាយបានបន្តថា គាត់ពិតជាពិបាក ឬសឹងតែមិនអាច ទទួលទានអ្វីបានទាំងអស់ សូម្បីតែការស្លៀកពាក់ ឬពេលគេងម្តងៗ គឺពិតជាពិបាកខ្លាំងណាស់ ប្រសិនណាបើគ្មានជំនួយពីប្តីរបស់គាត់។ លោកយាយ Lan បានអះអាងថា អ្វីដែលគាត់អាចធ្វើបាន ដើម្បីជាការជួយសម្រួលដល់ការព្យាបាល  គឺការលាងសម្អាតពោះវៀនជាមួយនឹងទឹកក្តៅឧណ្ហៗជារៀងរាល់ថ្ងៃ។

ប្រភពដដែលបានឲ្យដឹងទៀតថា កាលពីប៉ុន្មានថ្ងៃមុននេះ គ្រូពេទ្យឈ្មោះថា Dai នៅក្នុងភូមិរបស់លោកយាយ Lan បានចុះទៅសួរសុខទុក្ខលោកយាយ និងធ្វើការសម្ភាសន៍ខ្លះៗ ទាក់ទងទៅនឹងជំងឺរបស់គាត់ ហើយគ្រូវពេទ្យក៏បានផ្តល់ជាថ្នាំបំបាត់ការឈឺចាប់មួយចំនួន ជូនដល់លោកយាយ Lan ដើម្បីជួយសម្រួលដល់ អាការៈឈឺចាប់របស់គាត់ផងដែរ។

ជាចុងក្រោយ គ្រូវពេទ្យក៏សង្ឃឹមយ៉ាងមុតមាំថា ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ គឺជាផ្នែកមួយដ៏សំខាន់ ដែលនឹងអាចឲ្យមានសប្បុរជន ទាំងអស់បានមើលឃើញ នឹងជួយផ្តល់ជាជំនួយខ្លះៗ ដើម្បីជួយដល់ការវះកាត់ របស់លោកយាយ Lan ផងដែរ ៕

ទស្សនាវីដេអូ៖ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]