ស៊ុយអែត៖ សារព័ត៌មាន BBC បានចុះផ្សាយថា ម្ចាស់ក្សត្រី Silvia នៃប្រទេសស៊ុយអែត ជឿជាក់ថា នៅក្នុងព្រះបរមរាជវាំងទ្រង់របស់ មានខ្មោចសណ្ឋិត នេះបើយោងតាមភាពយន្តឯកសារ ដែលនឹងត្រូវចាក់ផ្សាយនៅលើទូរទស្សន៍របស់ប្រទេសស៊ុយអែត នៅថ្ងៃព្រហស្បតិ៍។

ម្ចាស់ក្សត្រីបានមានបន្ទូលថា ទ្រង់បានរស់នៅក្នុងព្រះរាជវាំង Drottningholm Palace ដែលកសាងក្នុងសតវត្សទី១៧ មួយនេះ ជាមួយនឹងមិត្តភក្តិមួយចំនួនតូច  គឺជាខ្មោច។ វាពិតជាគួរឱ្យរំភើប ប៉ុន្តែអ្នកមិនទទួលបានការភ័យខ្លាចណាមួយឡើយ។

ប្រភពព័ត៌មានបានឲ្យដឹងថា ព្រះមរមរាជវាំងនេះ គឺស្ថិតនៅក្បែរទីក្រុង Stockholm ហើយវាគឺជាលំនៅដ្ឋានអចិន្ដ្រៃយ៍មួយសម្រាប់ព្រះមហាក្សត្រិយានី និងព្រះស្វាមីរបស់ទ្រង់ គឺស្ដេច Carl XVI Gustaf ។ ភាពយន្តឯកសារនេះមានចំណងជើងថា Drottningholm Palace: A Royal Home វាត្រូវបានថតដោយទូរទស្សន៍ SVT ដោយត្រូវចាក់ផ្សាយទូទាំងប្រទេសស៊ុយអែតទាំងមូល នៅថ្ងៃព្រហស្បត្តិ៍។ 

ម្ចាស់ក្សត្រី Silvia បានមានបន្ទូលប្រាប់អ្នកផលិតភាពយន្តឯកសារខាងលើថា ពេលរស់នៅក្នុងរាជវាំងមួយនេះ ពេលខ្លះអ្នកមានអារម្មណ៍ថាអ្នកមិនមែនរស់នៅតែម្នាក់ឯងនោះទេ។ បណ្តាវិញ្ញាណដែលសណ្ឋិតនៅក្នុងព្រះរាជវាំងមួយនេះ សុទ្ធសឹងតែមានភាពស្និទ្ធស្នាលបំផុត។

ព្រះនាង Christina ដែលត្រូវជាព្រះកនិដ្ឋារបស់ស្ដេច Carl XVI Gustaf បានមានព្រះបន្ទូល ពេលជូបសម្ភាសន៍ជាមួយក្រុមការងារថតភាពយន្តឯកសារថា “ទ្រង់មានអារម្មណ៍ថា មានថាមពលជាច្រើននៅក្នុងរាជវាំង។ ហើយវាអាចនឹងចម្លែក ប្រសិនបើថាមពលទាំងអស់នោះ មិនបានបង្ហាញឲ្យយើងដឹងពីរូបរាងរបស់វា”។

បន្ទាប់ពីភាពយន្តឯកសារនោះបានចាក់ផ្សព្វផ្សាយ មានវេបសាយស៊ុយអែត មួយចំនួនបានផ្សាយក្នុងន័យបែបកំប្លុកកំប្លែងថា “អ្នកប្រមាញ់ខ្មោច មានចិត្តក្លាហាន អាចនឹងហ៊ាន ទៅដើរកម្សាន្តនៅក្នុងព្រះបរមរាជវាំង ដើម្បីចង់ដឹងថាពាក្យចចាមអារ៉ាមដែលថាមានខ្មោចនោះពិតឬអត់?” ខណៈមានដំណឹងថា រាជវាំង Drottningholm Palace នឹងបើកឲ្យចូលទស្សនាឆាប់ៗនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្នម្ចាស់ក្សត្រី Silvia ទ្រង់មានព្រះជន្ម៧៣ព្រះវស្សាហើយ ដោយទ្រង់បានរៀបអភិសេកជាមួយព្រះមហាក្សត្រ Carl ទី១៦ កាលពី៤០ឆ្នាំមុន និងជាម្ចាស់ក្សត្រីដែលកាន់តំណែងយូរបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសស៊ុយអែត ៕ 

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]