ចិន៖ វីដេអូដ៏រន្ធត់មួយ ត្រូវបានគេយកទៅបង្ហោះនៅក្នុងបណ្តាញសង្គមចិន Weibo កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ។ ក្នុងនោះគេឃើញបុរសម្នាក់ បានចាប់ក្មេងស្រីតូចម្នាក់បោកទៅនឹងទូដាក់ចំនីអាហារនៅក្នុងផ្សារទំនើបមួយមកន្លែងទាំងកំរោល។

យោងទៅតាមសារព័ត៌មានក្នុងស្រុកមួយ បានឲ្យដឹងថា តាមពិតទៅបុរសម្នាក់នោះត្រូវជាពូរបស់ក្មេងរងគ្រោះ ហើយមូលហេតុដែលរូបគេធ្វើបែបនេះ  ក្មួយស្រីបានលួចលុយពីកាបូបលុយរបស់ខ្លួន។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៦ និងមានសាក្សីជាក្មេងសិស្សសាលាជាច្រើន ស្ថិតនៅទីនោះ ដែលមានទីតាំងនៅផ្សារទំនើបមួយ ក្នុងទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន។

លើសពីនេះទៅទៀត សារព័ត៌មាន Lagal Daily ក៏បានធ្វើការស៊ើបអង្កេតចំពោះវីដេអូមួយនេះដែរ។ ពួកគេបានរកឃើញថា ក្មេងស្រីរូបនេះបានលួចលុយពីក្នុងកាបូបពូរបស់គេចំនួន ៣ ០០០យ័ន (ប្រហែល ៤៣០ដុល្លារអាមេរិក)​  និងថែមទាំងយកកាតធនាគារទៀតផង។

កុមារីរងគ្រោះដែលមានអាយុទើបតែ៧ឆ្នាំ និងជាសិស្សសាលាបឋមសិក្សារូបនេះ បានរងរបួសត្រង់មុខ  ដោយសារបោកខ្ទប់ជាមួយនឹងទូដាក់ចំនីអាហារ។

បើទោះបីជាវីដេអូមួយនេះ មិនបានបញ្ចេញសម្លេងក្តី ក៏គេអាចមើលដឹងដែរថា បុរសម្នាក់នេះបានស្រែកគំហោកដាក់ក្មេងៗដទៃទៀត ដែលនៅក្នុងហាងនោះ។

ចំនែកឯម្ចាស់ហាងផ្ទាល់ និងឪពុកម្តាយរបស់ក្មេងផ្សេងៗទៀត ដែលជាសាក្សីនៅក្នុងហេតុការណ៍នេះ ក៏បានធ្វើការរារាំង និងព្យាយាមបញ្ឈប់សកម្មភាពបុរសនេះឲ្យឈប់ធ្វើបាបក្មេងរងគ្រោះផងដែរ។ ទោះជាយ៉ាងនេះក្តី ជននេះមិនស្តាប់អ្នកណាឡើយ ផ្ទុយទៅវិញ គេបែរជាទាត់ក្មេងស្រីរងគ្រោះមួយជើងថែមទៀត  ធ្វើឲ្យក្មេងស្រីនោះព្យាយាមរត់ពួនពីក្រោយខ្នងមិត្តរួមថ្នាក់របស់គេ។

តាមការឲ្យដឹង បុរសជាពូនេះបានចោទប្រកាន់ទៅលើម្ចាស់ផ្សារទំនើប ថា ដោយសារតែពួកគេអនុញ្ញាតឲ្យក្មេងទិញទំនិញជំពាក់  ទើបក្មួយរបស់គេដាច់ចិត្តលួចលុយបែបនេះ។

គួរឲ្យដឹងដែរថា វីដេអូមួយនេះ បានធ្វើឲ្យមហាជនមួយចំនួនមានប្រតិកម្មទៅលើឪពុកម្តាយដែលមិនបានអប់រំទូន្មានកូនឲ្យបានល្អ  និងមួយចំនួនទៀតក៏បានលើកយកច្បាប់ការពារអនីតិជននៃអំពើហឹង្សាក្នុងគ្រួសារមកវែកញែកផងដែរ៕ 

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ រន្ធត់ណាស់! ក្របីមួយក្បាលដាច់ហ្វូង បោលទៅបុកអ្នកជិះម៉ូតូ ទាំងកំរោល (មានវីដេអូ)

ប៉ាគីស្ថាន៖ វីដេអូមួយបានធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថារន្ធត់យ៉ាងខ្លាំង ដោយសារនៅក្នុងវីដេអូនោះ បានបង្ហាញអំពីសកម្មភាពរបស់ក្របីមួយក្បាល កំពុងរត់យ៉ាងកំរោល ជ្រុលទៅបុកបុរសជាអ្នកបើកបរម៉ូតូមួយគ្រឿង ដែលធ្វើឲ្យបុរសនោះដេកដួលនៅនឹងផ្លូវ សន្លប់មិនដឹងខ្លួនតែម្តង។

វីដេអូដ៏រន្ធត់នេះ ត្រូវបានថតនៅតំបន់ Punjab នាប្រទេសប៉ាគីស្ថាន ដែលបានបង្ហាញឲ្យឃើញថា មានបុរសម្នាក់កំពុងជិះម៉ូតូនៅលើផ្លូវដ៏មមាញឹកមួយ បន្ទាប់មកក៏មានក្របីមួយក្បាលរត់មកពីខាងឆ្វេងដៃបុរសនោះ រួចក៏បុកគាត់ពេញមួយទំហឹងតែម្តង។

បន្ទាប់ពីកើតហេតុ ក្របីមួយក្បាលនោះ ក៏បានរត់ទៅបាត់ បន្សល់ទុកនូវបុរសរងគ្រោះដេកដួលនៅនឹងដីតែម្នាក់ឯង។

ទោះជាយ៉ាងណា ក៏មានមនុស្សម្នាដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវនោះ ប្រញ៉ាប់ប្រញ៉ាល់ចូលមកជួយបុរសរងគ្រោះ ដោយភាពតក់ស្លុតផងដែរ។

យ៉ាងណាមិញ មិនទាន់មានព័ត៌មានច្បាស់ការណ៍ណាមួយ ដែលបង្ហាញថា បុរសជាអ្នកបើកបរម៉ូតូរូបនេះ បានរងរបួសកំរិតណានោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]