(កណ្តាល)៖ អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជាបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេស លោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់ការិយាល័យជំនាញចំណុះបញ្ជាការដ្ឋាន អង្គភាពកងរាជអាវុធហត្ថក្រុង ស្រុក ត្រូវស្វះសែ្វងរកបទល្មើស និងបង្រ្កាបបទល្មើសជាប្រចាំ។

ជាក់ស្តែងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គឹម សុខសំណាង ហៅយ៉យ ភេទប្រុស អាយុ​៣៨ឆ្នាំ ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន និងករណីលួច។ បន្ទាប់ពីបានធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានខេត្ត ដើម្បីធ្វើការសាកសួរ។

បន្ទាប់ពីសួរចម្លើយជនសង្ស័យរូបនេះ កម្លាំងអាវុធហត្ថបានបន្តចុះទៅបង្ក្រាបទីតាំងលក់ និងទិញម៉ូតូខុសច្បាប់ដ៏ធំមួយកន្លែង​នៅស្រុកសំរោង ដែលបានទិញម៉ូតូពីចោរ គ្រប់ទីកន្លែង ព្រមទាំងមានការដាប់លេខខុសច្បាប់ទៀតផង។

នៅមុខមន្ត្រីកងរាជអាវុធហត្ថជនសង្ស័យបានសារភាពថា ខ្លួនធ្លាប់បានធ្វើសកម្មភាពលួចម៉ូតូជាច្រើនដងមកហើយ ហើយបានយកម៉ូតូទាំងនោះ ទៅលក់ឲ្យឈ្មោះ សុំ សៀប រស់នៅភូមិត្រពាំងរាំង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

ដោយទទួលបានការអនុញ្ញាតពីព្រះរាជអាជ្ញាខេត្តកណ្តាល និងព្រះរាជអាជ្ញាខេត្តតាកែវ ព្រមទាំងមានការចូលរូមពីអាជ្ញាធរមូលដ្ឋាន កម្លាំង កងរាជអាវុធហត្ថ ខេត្តតាកែវ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ទោ ទូច អ៊ីណាន បានបន្តចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ សុំ សៀប នៅភូមិត្រពាំងរាំង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មុខរបរទិញ-លក់ម៉ូតូខុសច្បាប់ និងដាប់ឈូសលេខម៉ូតូខុសច្បាប់ បានឆ្លើយសារភាពថា ខ្លួនបានរកស៊ីទិញ លក់ម៉ូតូ ដាប់ឈូសលេខខុសច្បាប់ អស់រយៈពេល២ឆ្នាំមកហើយ រាល់ម៉ូតូដែលគេយកមកលក់ឲ្យខ្លួនជាម៉ូតូឆបោក លួច ប្លន់ ហើយពុំមានធ្វើលិខិតស្មាម។

ក្នុងការបង្រ្កាបបទល្មើសទទួលផលចោរកម្មនេះលោកវរសេនីយ៍ទោ ពក សាង បានឲ្យ ដឹងថា កម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាលបានដកហូតវត្ថុតាងរួមមាន៖ ស្លាកលេខ​ម៉ូតូ ១០១បន្ទះ, ស្លាកលេខរថយន្ត២បន្ទះ, កូនសោរម៉ូតូ២៥បន្ទះ, កុងទ័រម៉ូតូ៥បន្ទះ, ប្រដាប់កឹប ប្រដាប់កែច្នៃឈូសលេខម៉ូតូមួយចំនួន, គ្រាប់អាវុធខ្លី២០គ្រាប់, បណ្ណសំគាល់យានយន្ត៤៨សន្លឹក, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ១៣សន្លឹក និងបណ្ណបើកបរ៣សន្លឹក។

ក្នុងនោះដែរ លោកវរសេនីយ៍ទោ ពក សាង បានស្នើដល់បងប្អូនប្រជាពលរដ្ឋដែលបាត់បង់ម៉ូតូ កាតគ្រី អត្តសញ្ញាណបណ្ណ មកដាក់ពាក្យបណ្តឹងនៅ បញ្ជាការដ្ឋានកង​រាជអាវុធហត្ថខេត្តកណ្តាល ដើម្បីដាក់បន្ទុកទៅលើជនសង្ស័យ សុំ សៀប បន្ថែមទៀត ក្នុងការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលចាត់ការតាមនីតិវិធី៕

ប្រភព៖ Fresh News

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ បកស្បែក​ក្រុម​ចោរ​AK 7​នាក់​ប្លន់​កក្រើក​ជាយក្រុង​ភ្នំពេញ

សមត្ថកិច្ច​នគរបាល​ នាយកដ្ឋាន​ព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​៧ មក​រា កន្លងទៅ បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ការ​បង្ក្រាប និង​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ជា​ចោរ​ប្រើ​កាំភ្លើង​អាកា​ចំនួន​៧​នាក់ ដែល​ជា​ក្រុម​ជនសង្ស័យ​ប្លន់​ផ្ទះ​លក់​ស្រូវ និង​ដកហូត​បាន​កាំភ្លើង​អាកា​ចំនួន​២​ដើម ។

ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ជា​ជំហាន​ដំបូងថា កិច្ចសហការ​បង្ក្រាប​នេះ គឺ​ក្រោម​ការ​បញ្ជារ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ឯក សុខ ខេ​ម​រិ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​ដឹកនាំ​កម្លាំង​ផ្ទាល់​ ដោយ​លោក​ឧត្តមសេនីយ៍ទោ ង៉េ​ង ជួរ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង និង​លោក​វរសេនីយ៍ឯក អេ​ង សោភា ប្រធាន​ការិយាល័យ​នគរបាល​ ព្រហ្មទណ្ឌ​រាជ​ធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​សមត្ត​កិច្ច​ចាប់ខ្លួន​៧​នាក់ រួមមាន ៖

១-​ឈ្មោះ អ៊ី សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជន​រូប​នេះ​ជា​អ្នក​កាន់​កាំភ្លើង​ភ្ជង់ និង​បាញ់​ជន​រង​គ្រោះ ។

២-​ឈ្មោះ ស៊ុន ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ។

៣-​ឈ្មោះ សាត ធឹ​ម ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ (​ពីរ​នាក់​នេះ​ជា​អ្នកចូលរួម​ធ្វើ​សកម្មភាព និង​ជា​អ្នក​ប្រមូល​ទ្រព្យសម្បត្តិ​ក្នុង​អំពើ​ប្លន់​) ។

៤-​ឈ្មោះ អឿ​ន សុ​ផា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ (​ជា​អ្នក​ឌុ​ប​បក្សពួក​ដាក់​តាម​គោលដៅ​ធ្វើ​សកម្មភាព​) ។

៥-​ឈ្មោះ ហម ហាន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ។

៦-​ឈ្មោះ មាស ធឹ​ម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ២​នាក់​នេះ​ជា​អ្នក​ដើរ​ស៊ើប​មើល​ផ្ទះ​ដែល​ត្រូវ​ប្លន់​ដើម្បី​កំណត់​ឲ្យ​បក្សពួក​ធ្វើ​សកម្មភាព ។

និង​៧-​ឈ្មោះ ស្វាយ តាក់ ហៅ ច ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​អ្នក​ធ្វើ​សកម្មភាព ។

ប្រភព​ព័ត៌មាន​បន្ត​ថា ក្រៅពី​ជនសង្ស័យ​ចំនួន​៧​នាក់​ដែល​ចាប់ខ្លួន​នេះ នៅ​មាន​សមាសភាព ៤​នាក់​ទៀត​ដែល​កំពុង​គេចខ្លួន ក្នុង​នោះ​មាន​ម្នាក់​ជា​មេខ្លោង និង​ជា​អ្នក​កាន់​កាំភ្លើង​អាកា​បាញ់​សម្លាប់​ជន​រង​គ្រោះ​យ៉ាង​ស្ទាត់ជំនាញ​ទៀត​ផង ។

ក្រុម​ជនសង្ស័យ​ជា​ចោរប្លន់់​ទាំង​៧​នាក់ ត្រូវ​បាន​សមត្ថកិច្ច​សហការ​ស្រាវជ្រាវ និង​ចាប់ខ្លួន​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ដែល​ជា​កន្លែង​ពួក​គេ​ប្រមូលផ្តុំ​គ្នា​មុន​ចេញ​ធ្វើ​សកម្មភាព និង​ជា​ភូមិសាស្ត្រ​លាក់​ទុក​អាវុធ​អាកា​២​ដើម ។

ក្រោយ​ពី​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​កាន់​នាយកដ្ឋាន​នគរ បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ហើយ​ពួក​គេ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​យក​ចម្លើយ​យ៉ាង​យកចិត្តទុកដាក់​ថែម​ទៀត ។ ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​បាន​ទទួលស្គាល់​ចំពោះ​ករណី​ប្លន់​ផ្ទះ​អ្នកលក់​ស្រូវ នៅ​ភូមិ​ព្រៃ​ក្រាយ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​២៦ ធ្នូ ២០១៦​ចុងឆ្នាំ​កន្លង​មកនេះ ដែល​អំពើ​ប្លន់​នោះ​ក្រុម​ជនសង្ស័យ​បាន​ចាប់​ម្ចាស់ផ្ទះ និង​កូន​ៗ​ចងស្លាបសេក និង​យក​ស្កុ​ត​បិទ​មាត់​មិន​ឲ្យ​ស្រែក ព្រមទាំង​ផ្ទុះអាវុធ​៣​គ្រាប់​បាញ់​ទៅ​លើ​បុរស​ម្នាក់​ដែល​ជា​ប្រជា​ការពារ​ភូមិ ដែល​ព្យាយាម​ចូល​ទៅ​ជួយ​បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់​រហូត​ដល់​ស្លាប់​បាត់បង់​អាយុជីវិត​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]