ស្វីស៖ ទីបំផុតព្រឹត្តការណ៍បាល់ទាត់ពិភពលោក World Cup នឹងបន្ថែមចំនួន ឡើងដល់៤៨ក្រុមនៅក្នុងឆ្នាំ២០២៦។ នេះបើយោងតាមការបោះឆ្នោតមតិភាគច្រើន ដែលប្រកាសដោយសហព័ន្ធបាល់ទាត់ FIFA។

ការបោះឆ្នោតតំឡើងក្រុមទៅដល់៤៨នេះ ត្រូវបានប្រារព្ធឡើងកាលពីល្ងាចថ្ងៃទី១០ ខែមករា ម្សិលមិញនេះ ក្នុងទីក្រុងហ្សឺរិុច ប្រទេសស្វីស។

ចំពោះការសម្រេចបន្ថែមក្រុម ដែលបច្ចុប្បន្នមានតែ៣២ ត្រូវបានប្រធានរបស់ FIFA លោក Gianni Infantino បញ្ជាក់ថា « World Cup ត្រូវតែលេងបញ្ចូលគ្នា។ នេះជាសតវត្សទី២១ហើយ ដូច្នេះពួកយើងត្រូវតែកែប្រែ World Cup ឲ្យទៅតាមសម័យកាលដូចគ្នា»

លោក Infnatino ដែលទើបឡើងតំណែងថ្មី បានបន្តទៀតថា «នេះគឺជាអនាគត។ បាល់ទាត់ មិនមែនមានតែក្នុងតំបន់អឺរ៉ុប ឬអាមេរិកនោះទេ គឺបាល់ទាត់ មានទូទាំងសាកលលោក។ រឹតពីនេះទៀត ប្រសិនជាប្រទេសណាមួយរបស់អ្នក អាចឡើងមកលេង World Cup បាននោះ វាគឺជារឿងមួយដ៏ល្អ ក្នុងការពង្រឹងនូវវិស័យបាល់ទាត់ ក៏ដូចជាការផ្សព្វផ្សាយឲ្យពិភពលោកបានដឹងផងដែរ»។ 

គួរបញ្ជាក់ដែរថា ការតំឡើងចំនួនរហូតទៅដល់៤៨ក្រុមនេះ នឹងមានការបន្ថែមចំនួនប្រកួតរហូតដល់ ៨០ប្រកួត ខណៈក្រុមដែលអាចឡើងដល់វគ្គផ្តាច់ព្រ័ត ត្រូវឆ្លងកាត់ទាំងអស់ ៧ប្រកួត។

បើទោះជាយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ២០២៦ ដែលជាឆ្នាំសម្រេចបន្ថែមក្រុមនេះ មិនទាន់រើសបានទីតាំង និងប្រទេសដែលមានសិទ្ធិធ្វើជាម្ចាស់ផ្ទះនៅឡើយទេ ស្របពេលដែល World Cup ឆ្នាំ២០១៨ខាងមុខ នឹងធ្វើនៅប្រទេសរុស្ស៊ី ហើយឆ្នាំ២០២២ នៅប្រទេសកាតា៕ 

ប្រភព៖ BBC

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ Ronaldo ឈ្នះពានកីឡាឆ្នើមជាងគេលើពិភពលោក ក្នុងព្រឹត្តការណ៍ FIFA Football Award

ព្រឹត្តការណ៍ FIFA Football Award ជាព្រឹត្តការណ៍ពានរង្វាន់បាល់ទាត់ទើបតែបង្កើតឡើងក្នុងឆ្នាំនេះ ដែលរៀបចំដោយសហព័ន្ធបាល់ទាត់ FIFA បានរកឃើញម្ចាស់ពានកីឡាករឆ្នើមជាងគេលើពិភពលោកហើយ គឺខ្សែប្រយុទ្ធរបស់ក្លិប Real Madrid កីឡាករ Cristiano Ronaldo ។

គួរបញ្ជាក់ដែរថា Ronaldo គឺជាកីឡាដំបូងគេបង្អស់ ដែលឈ្នះពានរង្វាន់នេះ តាមរយៈសម្លេងបោះឆ្នោតខ្ពស់ជាងគេ លើកីឡាករ Lionel Messi និង Griezmann ខណៈយប់មិញនេះ Messi មិនចូលរួមក្នុងព្រឹត្តការណ៍នេះទេ។

ក្នុងការទទួលបានពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA កីឡាករវ័យ៣១ឆ្នាំរូបនេះ បានថ្លែងរៀបរាប់ពីអារម្មណ៍របស់ខ្លួនផងដែរថា «វាពិតជាអស្ចារ្យណាស់! នេះមិនមែនជាលើកទីមួយទេក្នុងការឈ្នះពានកីឡាករល្អ ប៉ុន្តែពានរង្វាន់មួយនេះ គឺជាពានទីមួយដែលខ្ញុំឈ្នះ» ។

Ronaldo បានបន្តថា «ខ្ញុំចង់អរគុណទៅមិត្តរួមក្រុមរបស់ខ្ញុំ គ្រូបង្វឹក ហើយខ្ញុំអរគុណគ្រប់យ៉ាងទៅកាន់គ្រួសាររបស់ខ្ញុំ និងបុគ្គលិកទាំងអស់ផងដែរ» ។

លើសពីនេះទៀត Ronaldo បានបន្ថែមថា «ខ្ញុំក៏មានការសោកស្តាយផងដែរ ដែលកីឡាករមួយចំនួនរបស់ Barcelona មិនមែនវត្តមាននៅទីនេះ ប៉ុន្តែខ្ញុំយល់នូវអារម្មណ៍នេះ» ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]