ថៃ៖ សារព័ត៌មាន អ៊ីនឌីផេនដិន (Independent) បានចុះផ្សាយកាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ថា គ្រោះទឹកជំនន់ ដែលវាយប្រហារនៅភាគខាងត្បូងប្រទេសថៃ បានឆក់យកជីវិតមនុស្សចំនួន ២៥នាក់ហើយ និងបានបំផ្លាញស្ពានមួយ សម្រាប់តភ្ជាប់ផ្លូវហាយវេ ដ៏សំខាន់ទៅភាគខាងត្បូងប្រទេស កាលពីថ្ងៃអង្គារម្សិលមិញ ដោយបង្កឲ្យមានការកកស្ទះចរាចរណ៍ជាង ២០០គីឡូម៉ែត្រ។

ជាងនេះទៅទៀត មានមនុស្សជាង ៣៦០ ០០០គ្រួសារ ឬប្រមាណជាង១លាននាក់ បានរងផលប៉ះពាល់ពីគ្រោះទឹកជំនន់មួយនេះ ដោយវាបានបំផ្លាញផ្ទះជាច្រើនខ្នង សាលារៀន ហើយក៏ប៉ះពាល់ដល់ចំការកៅស៊ូ ក៏ដូចជាសង្វាក់ផលិតកម្មនៃការផលិតដូងប្រេងផងដែរ។ នេះបើយោងតាមការឲ្យដឹងរបស់នាយកដ្ឋានបង្ការគ្រោះមហន្តរាយ និងមន្ត្រីខាងផ្នែកឧស្សាហកម្ម។ 

ប្រភពព័ត៌មានបានឲ្យដឹងថា តាមរយៈរូបភាពនៅលើបណ្តាញទូរទស្សន៍ បានបង្ហាញឲ្យឃើញ រថយន្តដែលគេបោះបង់ចោលជាច្រើន បានកប់នៅក្នុងទឹកជំនន់ដ៏ល្អក់ដែលជន់លិច ក្នុងខេត្ត Prachuap Khiri Khan ជាកន្លែងដែលទឹកជំនន់ដ៏ធំនេះ បានបំផ្លាញស្ពានមួយខ្សែ សម្រាប់តភ្ជាប់ក្រុងបាងកក នៅកាន់ភាគខាងត្បូង ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍រាប់រយគីឡូម៉ែត្រ។

ប្រភពព័ត៌មានបានឲ្យដឹងថា ផ្លូវដែក ដែលតភ្ជាប់ទៅភាគខាងត្បូង និងប្រទេសម៉ាឡេស៊ី ត្រូវបានគេប្រើជំនួសផ្លូវជាតិវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដែលបង្កជាទឹកជំនន់បែបនេះ។ ខណៈរដូវវស្សានៅក្នុងប្រទេសថៃ ជាធម្មតាត្រូវបានបញ្ចប់នៅចុងខែវិច្ឆិកា ក៏ប៉ុន្តែនៅក្នុងឆ្នាំនេះ ភ្លៀងបែរជាធ្លាក់ខ្លាំងនៅក្នុងពេលវេលា ដែលវាគួរជារដូវប្រាំងទៅវិញ។

គួរបញ្ជាក់ថា ភាគខាងត្បូងប្រទេសថៃ គឺជាតំបន់ដាំដំណាំកៅស៊ូធំមួយ ហើយអាកាសធាតុសើម បានបង្កផលប៉ះពាល់ដល់សង្វាក់ផលិតកម្ម ខណៈដាំដូងប្រេងជាច្រើន ត្រូវបានទឹកជន់លិច។ នេះបើយោងតាមការឲ្យដឹងរបស់មន្ត្រីឧស្សាហកម្មនិងក្រុមកសិករក្នុងតំបន់៕ 

ប្រភព៖ Independent

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]