(ភ្នំពេញ)៖ ក្រោយធ្វើការប្រមូលផ្ដុំអស់រយៈពេលជិតមួយសប្ដាហ៍ ក្រុមជម្រើសជាតិកម្ពុជា បានចេញដំណើរទឆ្ពោះ ទៅប្រទេសអារ៉ាប់រួមហើយ នៅព្រឹកថ្ងៃទី១១ ខែមករានេះ ដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត នៅវេលាម៉ោង ១១យប់(ម៉ោងនៅកម្ពុជា) នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ នៅទីក្រុងអាប៊ូដាប៊ីផ្ទាល់តែម្ដង ។

ប៉ុន្ដែមុនចេញដំណើរកាលពីល្ងាចម្សិលមិញ ក្រុមរហស្សនាមគោព្រៃខៀវកម្ពុជា បានយកឈ្នះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ដោយលទ្ធផល ២-០ នៅក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំនៅកីឡដ្ឋាន RSN ។ នេះគឺជាការប្រកួតតែម្ដងគត់ អំឡុងពេលប្រមូលផ្ដុំត្រៀមជួបក្រុមអារ៉ាប់ប៊ីសាអូឌីត ក្រោមការដឹកនាំរបស់លោក Lee Tae Hoon ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មិនប្រកាសបន្ដកុងត្រាថ្មីឲ្យលោកនៅឡើយ ៕

ប្រភព៖ Khmertalking

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ 

ថ្ងៃទី១៣ ដឹងហើយ! ចាំអ៊ុតមើលថា ចាន់ វឌ្ឍនាកា ទៅលេងក្លិបណាឲ្យប្រាកដ?

ជុំវិញសារព័ត៌មានទាក់ទង នឹងកីឡាករ ចាន់ វឌ្ឍនាកា ផ្លាស់ទៅលេងក្លិបថ្មី គឺសឹងតែ១០០ភាគរយហើយជាការពិត ដោយថ្មីៗនេះ ម្ចាស់សាមីខ្លួន បានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែមករា ខាងមុខនេះ នឹងទទួលបានដំណឹងហើយ។ នេះបើយោងតាម Comment របស់ វឌ្ឍនាកា ឆ្លើយតបទៅកាន់អ្នកគាំទ្រនៅក្នុងហ្វេសប៊ុក។

ជាមួយនឹងរូបភាព គួបផ្សំនឹងសារមួយឃ្លារបស់ ខ្សែប្រយុទ្ធឆ្នើមរូបនេះ បានបង្ហោះក្នុងហ្វេសប៊ុកឲ្យដឹងថា «ជីវិតនៅលើវិថីបាល់ទាត់ ទោះមានរឿងអ្វីកើតឡើងក៏ត្រូវតែស៊ូទ្រាំ» ។ ដោយយោងតាមរយៈសារមួយឃ្លានេះហើយ ទើបធ្វើឲ្យអ្នកគាំទ្រម្នាក់ ចូលមកសួរកីឡាកររូបនេះថា «តើនៅពេលណាដែលពួកយើងអាចដឹងដំណឹងទាក់ទងនឹងក្លិបថ្មី?» ស្របពេលនោះ វឌ្ឍនាកា ក៏បានឆ្លើយទៅវិញថា «ថ្ងៃទី១៣» មួយម៉ាត់យ៉ាងខ្លី ធ្វើឲ្យអ្នកគាំទ្រផ្សេងៗទៀត មានការភ្ញាក់ផ្អើល និងនាំគ្នាទន្ទឹងចង់ដឹងពីដំណឹងនេះ។  

ចំពោះអនាគតក្លិបរបស់ កីឡាករវ័យ២២ឆ្នាំរូបនេះ ត្រូវបានមជ្ឈដ្ឋានជុំវិញ សន្និដ្ឋាន និងប៉ានស្មានថា ជាក្លិបរបស់ប្រទេសជប៉ុន ដែលធ្លាប់ទាក់ទង វឌ្ឍនាកា កាលពីលើកមុន ឯខ្លះទៀតនិយាយថា អាចជាក្លិបមកពីប្រទេសថៃ និងម៉ាឡេស៊ី ព្រោះកាលពីប៉ុន្មានថ្ងៃមុន ក្នុងគេហទំព័រ Wikipedia បានដាក់ឈ្មោះកីឡាកររូបនេះ នៅក្នុងក្លិបមួយរបស់ប្រទេសម៉ាឡេស៊ី ប៉ុន្តែក្រោយមកត្រូវបានលុបចោលវិញ។

បើទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្របាល់ទាត់កម្ពុជាភាគច្រើន បាននាំគ្នាសម្តែងក្តីត្រេកអរផងដែរ ចំពោះដំណឹងមួយនេះ ព្រោះវាគឺជាឱកាសពិសេសមួយ ដែលកីឡាករខ្មែរយើងអាចបញ្ចេញសមត្ថភាពក្នុងឆាកអន្តរជាតិ ក៏ដូចជាការលើកស្ទួយឲ្យកីឡាករខ្មែរយើងផ្សេង ខំប្រឹងហ្វឹកហាត់ឲ្យខ្លាំងបន្ថែមទៀតផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]