(ភ្នំពេញ)៖ តួលេខផ្លូវការ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅព្រឹកព្រលឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា នៅឆ្នាំ២០១៦​កន្លង​ទៅថ្មីៗនេះ ភ្ញៀវទេសចរចិន បានទិញប័ណ្ណចូលទស្សនា តំបន់អង្គរច្រើនជាងគេបំផុត រហូតដល់ជិត៦៧ម៉ឺននាក់ កើនឡើង៣០% បើធៀបនឹងឆ្នាំ២០១៥ ខណៈ​ប្រទេសកូរ៉េខាងត្បូង ជាប់លេខ២ មានចំនួនជិត២៥ម៉ឺននាក់ និងសហរដ្ឋអាមេរិក ជាប់លេខ៣ មានចំនួនជាង១៥ម៉ឺននាក់។

ដោយឡែកសម្រាប់ប្រទេសជាប់លេខ៤ គឺប្រទេសអង់គ្លេស មានចំនួនជាង១២ម៉ឺននាក់, លេខ៥ ប្រទេសជប៉ុន មានជាង១២ម៉ឺននាក់, លេខ៦ ប្រទេសបារាំង មានចំនួន​ជិត១០ម៉ឺននាក់, លេខ៧ ប្រទេសអូស្ត្រាលី មានចំនួនជាង៩ម៉ឺននាក់, លេខ៨ ប្រទេសថៃ មានចំនួនជាង៨.៥ម៉ឺននាក់, លេខ៩ ប្រទេសអាល្លឺម៉ង់ ជាង៧.៧ម៉ឺននាក់ និង​លេខ​១០ ប្រទេសវៀតណាម មានចំនួនជិត៧ម៉ឺននាក់។

សូមជម្រាបថា នៅឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ភ្ញៀវទេសចរអន្តរជាតិចំនួន១៨៨ប្រទេស បានចូលមកទស្សនាតំបន់អង្គរ ស្មើនឹងជាង២លាននាក់។

យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា រយៈពេល១២ខែ ចាប់ពីខែមករា ដល់ ខែធ្នូ ឆ្នាំ២០១៦ គ្រឹះស្ថានអង្គរបានលក់ប័ណ្ណ ចូលទស្សនា​តំបន់អង្គរ ទៅឲ្យភ្ញៀវទេសចរបរទេស ចំនួន ២,១៩៧,២៥៤ នាក់ កើនឡើង៤.៦៣ភាគរយ ប្រមូលចំណូលបាន ៦២,៥៨២,២០០ដុល្លារអាមេរិក កើនឡើង៤.២១ភាគរយ បើធៀបនឹងឆ្នាំ២០១៥។

ដោយឡែកសម្រាប់ខែធ្នូ ឆ្នាំ២០១៦ គ្រឹះស្ថានអង្គរបានលក់ប័ណ្ណចូលទស្សនាតំបន់អង្គរជូនភ្ញៀវបរទេសបានចំនួន ២៤៩,៤៨២នាក់ ប្រមូលចំណូលបាន ៧,១៦១,៣០០ដុល្លារ។

សូមជម្រាបថា បណ្ណ័ចូលទស្សនារមណីយដ្ឋានអង្គរ នាបច្ចុប្បន្នត្រូវបានកំណត់ជា៣ប្រភេទ រួមមានតម្លៃ២០ដុល្លារ ចូលទស្សនាបាន១ថ្ងៃ, ប័ណ្ណតម្លៃ៤០ដុល្លារ មានរយៈ​ពេល​១សប្តាហ៍ ចូលទស្សនាបាន៣ដង, និងប័ណ្ណតម្លៃ៦០ដុល្លារ មានរយៈពេល១ខែចូលទស្សនា បាន៧ដង។

ដោយឡែក ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ទៅ គ្រឹះស្ថានអង្គរនឹងដំឡើងថ្លៃលក់ប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងនោះប័ណ្ណ ដែលចូលទស្សនាមាន ៣ប្រភេទ រួមមាន៖ ទី១.ចូលទស្សនា១ថ្ងៃ មានតម្លៃ៣៧ដុល្លារ, ទី២.ចូលទស្សនា៣ថ្ងៃ មានតម្លៃ៦២ដុល្លារ ដែលមានសុពលភាពរយៈពេល១០ថ្ងៃ និងទី៣.តម្លៃ៧២ដុល្លារ ចូល​ទស្សនា​បាន៧ថ្ងៃ មានសុពលភាពរយៈពេល ៣០ថ្ងៃ៕

ប្រភព៖ Fresh News

ដោយឡែក រំលឹកព័ត៌មានចាស់ផងដែរថា៖ ប្រទេស​ទាំង១០​ដែលនាំចូល​អង្ករពីកម្ពុជា​ច្រើន​ជាងគេ នៅ​ឆ្នាំ​២០១៦, ចិន​​លេខ១, បារាំង​លេខ២ និង​ប៉ូឡូញលេខ៣​

រយៈពេលពេញ​១ឆ្នាំ ក្នុងឆ្នាំ​២០១៦ ប្រទេសកម្ពុជា​បាននាំចេញ​អង្ករជាង​៥៤ម៉ឺនតោន ទៅកាន់ទីផ្សារ​អន្ដរជាតិ កើតឡើង​តិចតួច ត្រឹមតែ០.៧ភាគរយ​ប៉ុណ្ណោះ បើធៀប​នឹងឆ្នាំ២០១៥ នេះបើយោង​តាមរបាយការណ៍​ផ្លូវការ របស់លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយសម្រាប់​បំពេញ​បែបបទ​ នាំចេញអង្ករ។

ខាងក្រោមនេះ ជាបញ្ជីឈ្មោះប្រទេសទាំង១០ ដែលនាំចូលអង្ករ ពីកម្ពុជាច្រើនជាងគេ៖

១៖ ប្រទេសចិន នាំចូលអង្ករពីកម្ពុជា ១២៧,៤៦០តោន។

២៖ ប្រទេសបារាំង នាំចូលអង្ករពីកម្ពុជា ៧៨,៣២៩តោន។

៣៖ ប្រទេសប៉ូឡូញ នាំចូលអង្ករពីកម្ពុជា ៦៤,០៣៥តោន។

៤៖ ប្រទេសម៉ាឡេស៊ី នាំចូលអង្ករពីកម្ពុជា ៣៨,៨៧៧តោន។

៥៖ ប្រទេសហូឡង់ នាំចូលអង្ករពីកម្ពុជា ២៨,៦៩០តោន។

៦៖ ប្រទេសប៊ែលហ្សិក នាំចូលអង្ករពីកម្ពុជា ២២,៨៨៥តោន។

៧៖ ប្រទេសឆែក នាំចូលអង្ករពីកម្ពុជា ២២,៨១៥តោន។

៨៖ ប្រទេសអ៊ីតាលី នាំចូលអង្ករពីកម្ពុជា ១៨,៦១៩តោន។

៩៖ ប្រទេសអង់គ្លេសនាំចូលអង្ករពីកម្ពុជា ១៧,៦៧៣តោន។

១០៖ ប្រទេសអាឡឺម៉ង់ នាំចូលអង្ករពីកម្ពុជា ១៦,៦១៦តោន។

សូមជម្រាបថា មានប្រទេសចំនួន៦៦ នៅលើពិភពលោក បាននាំចូលអង្ករពីកម្ពុជា។ កម្ពុជាត្រូវបានគេស្គាល់ថា ជាប្រទេសដែល​ផលិតស្រូវលើស​ប្រមាណ​៥លានតោន​ក្នុងមួយឆ្នាំៗ។ លើសពីនេះ អង្ករកម្ពុជាត្រូវ​បានទទួល​ស្គាល់ថា ជាអង្ករឆ្ងាញ់​ជាងគេ​របស់ពិភពលោក ដោយបានឈ្នះ​ពានរង្វាន់​៣ឆ្នាំ​ជាប់ៗគ្នា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]