រាជធានី​ភ្នំពេញ ៖ ដោយសារ​ឃើញ​លោកតា​ នៅ​បន្ទប់​ជួល​តែ​ម្នាក់ឯង ស្ត្រី​ម្នាក់​ដែល​មានចិត្ត​មិន​ត្រង់ ​បាន​ចូល​ទៅ​សុំ​ខ្សែ​.​ក​លោក តា​មើល ហើយ​យក​ខ្សែ​.​ក​កាឡៃ​មក​បន្លំ​ប្តូរ​យក​ខ្សែ​មាស របស់​លោកតា​ទៅ​បាត់​ អស់​២៤​ថ្ងៃ​ ទើប​ឃើញ​កូនស្រី​ចេញ​មុខ​ធានា​សង​វិញ ។ ហេតុការណ៍​នេះ ​កើតឡើងកាលពី​វេលា​ម៉ោង​ ៨​យប់​ថ្ងៃ​ទី​៩ មករា នៅផ្ទះ​ជួល​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​ដែល​លួច​បន្លំ​យក​ខ្សែ​.​ក​លោកតា​នេះ​ឈ្មោះ នៃ សុខុម អាយុ​៤៦​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ខាងលើ និង មានស្រុក​កំណើត​នៅ​ក្នុង​ឃុំ​បា​សាក់ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ។ ចំណែក​លោកតា​ឈ្មោះគង់ សាត អាយុ​៧៤​ឆ្នាំ មាន​ជំងឺលើសឈាមប្រចាំ​កាយ​ និង​ត្រចៀកធ្ងន់ ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​កូនស្រី​ក្នុងភូមិ​ខាងលើ​ដែរ ដែល​មានបន្ទប់​ជាប់​គ្នា​ ជាមួយ​បន្ទប់​របស់​ស្ត្រី​រូប​នេះ​ និងមានស្រុក​កំណើត​នៅ​ស្រុក​ស្វាយ​ជ្រំ ខេត្ត​ស្វាយរៀង​ដូច​គ្នា​ទៀត ។ រីឯ​ខ្សែ​.​ក​មាស​ ដែល​ស្ត្រី​រូប​នេះ​ឆបោក​យក​ទៅ មាន​ទម្ងន់​២​ជី ។

ទោះជា​យ៉ាងណា កូនស្រី​របស់​ស្ត្រី​ខាងលើ ក្រោយ​កើតហេតុ​២៤​ថ្ងៃ ក៏​បាន​ចេញ​មុខ​មក​ធានា​ចេញ​សង​ទាំងស្រុង ។ នាង​ឈ្មោះ អិន រស្មី អាយុ​២៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ និង​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ជម្ពូ​វ័ន​ដែរ ។ប្រភព​ព័ត៌មាន​ទាក់ទង​នឹង​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ ១២​និង​២៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៦ កន្លង​ទៅ លោកតា​នៅ​ចាំផ្ទះ​តែ​ម្នាក់ឯង​ ព្រោះ​កូនចៅ​របស់​គាត់​ ជាប់រវល់​ទៅ​ច្រូតស្រូវ​នៅ​ឯ​ស្រុក​កំណើត​អស់ ។ ពេល​នោះ ស្រាប់តែ​ស្ត្រី​ម្នាក់​ស្នាក់​នៅ​ បន្ទប់​ជួល​ក្បែរ​គ្នា​បាន​ប្រើ​ល្បិច​សុំ​មើល​ខ្សែ​.​ក​មាស​របស់​លោកតា រួច​បន្លំ​យក​ខ្សែ​.​ក​ កាឡៃ​មក​ឲ្យ​លោកតា​វិញ ។

ពេល​លោកតា​ពាក់​ខ្សែ​.​ក ដឹង​ថា​ខ្សែ​ក​វែង​ខុស​ ពី​មុន​ក៏​រក​ស្ត្រី​រូប​នេះ​ ដើម្បី​ប្តូរ​ខ្សែ​.​ក​វិញ ប៉ុន្តែ​ស្ត្រី​ខាងលើ​បាន​គេចខ្លួន​បាត់ រហូត​ទាល់តែ​កូន​ត្រឡប់​មក​ពី​ស្រុក​កំណើត​វិញ​យក​ខ្សែ​.​ក​នោះ​ ទៅ​ឲ្យ​ជាង​មើល​ទើប​ដឹង​ថា​ ជា​ខ្សែ​ក​កាឡៃ ។ចាប់តាំងពី​ថ្ងៃ​កើតហេតុ​រហូត​មក​ដល់​ថ្ងៃ​ទី​៩ ខែមករា គឺ​មាន​រយៈពេល​២៤​ថ្ងៃ​ ហើយ​ជនសង្ស័យ​នៅ​តែ​បន្ត​គេចខ្លួន ចំណែក​លោកតាក្រោយ​កើតហេតុ​ បាន​ធ្លាក់ខ្លួន​ឈឺ​ចូល​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​-​ខ្មែរ​រុ​ស្ស៊ី ។ ចំពោះ​ករណី​នេះ កូនស្រី​របស់​ស្ត្រី​ឆបោក​បាន ធានា​ថា​សង​ប្រាក់​វិញ​ដោយ​ធ្វើ​កិច្ចសន្យា​ នៅ​ចំពោះ​មុខ​មេ​ភូមិ​ផង​ដែរ ។

ដោយ​មិនឃើញ​កូនស្រី​ របស់​ស្ត្រី​ឆបោក​សង​ទៀត ទើប​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៩ ខែមក​រា​នោះ កូន​របស់​លោកតា​បាន​នាំ​កូន ស្រី​របស់​ស្ត្រី​ឆបោក​ទៅ​ដោះស្រាយ​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ដោយ​ធ្វើ​កិច្ចសន្យា​សង​ប្រាក់​ចំនួន​ ៣០០​ដុល្លារ ប៉ុន្តែ​កូនស្រី​របស់​ស្ត្រី​ឆបោក​សង​ប្រាក់​១០០​ដុល្លារ​សិន សន្យា​ថ្ងៃក្រោយ​ ទើប​សង​បន្ត​ទៀត​រហូត​គ្រប់​ចំនួន ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]