ភ្នំពេញ៖ អតីតតារាចម្រៀងដ៏ល្បីល្បាញកាលពីជំនាន់ ទសវត្សរ៍ឆ្នាំ៨០ និង៩០ អ្នកនាង ស៊ិន ឧត្តមផល្លា ដែលបានផ្តាច់ខ្លួនចេញពីវិស័យសិល្បៈអស់រយៈពេលជិត ២០ឆ្នាំកន្លងមកហើយនោះ បច្ចុប្បន្ននាងបានប្រកាសក្តែងៗជាសាធារណៈថា បានវិលត្រលប់ចូលមកប្រឡូកនៅពិភពសិល្បៈចម្រៀងវិញហើយ ដោយសារតែមូលហេតុ ចិត្តនៅតែមិនដាច់អាល័យពីសិល្បៈ។

តារាចម្រៀងស្រីជើងចាស់រូបនេះ ទោះបីជាសព្វថ្ងៃមានវ័យ៣៧ឆ្នាំទៅហើយក្តី ប៉ុន្តែអ្នកនាងនៅតែស្រស់ស្អាតមិនអន់ឡើយ ហើយក៏បានប្រាប់ថា នៅតែស្រលាញ់សិល្បៈ ស្រលាញ់ការធ្វើខ្លួនស្លៀកពាក់ស្អាតបាត និងចង់ជួបជុំមិត្តភក្ដិសិល្បករ-សិល្បៈការិនី និងតន្ត្រីករធ្លាប់ស្គាល់គ្នាពីមុនៗមក។

គួរឱ្យដឹងដែរថា អ្នកនាង ស៊ិន ឧត្តមផល្លា ក៏បានបញ្ជាក់ថា ទទួលឡើងច្រៀងគ្រប់កម្មវិធីរបស់ស្ថានីយទូរទស្សន៍ និងក្នុងកម្មវិធីមង្គលការ ខួបកំណើត ពិធីជប់លៀងផ្សេងៗ ប៉ុន្តែមិនទទួលច្រៀងក្នុងក្លឹបរាត្រីនៅពេលយប់នោះទេ ព្រោះខ្លួនមានរបររកស៊ីផ្ទាល់ខ្លួនមួយទៀត គឺបច្ចុប្បន្នជាអ្នកដូរស្បង់ចីវរមួយកន្លែងនៅរាជធានីភ្នំពេញ។

ខាងក្រោមនេះគឺជាអ្វី ដែលអ្នកនាង ស៊ិន ឧត្តមផល្លា បានប្រាប់នៅលើគណនីហ្វេសប៊ុករបស់នាងទាំងស្រុង៖

«សេចក្ដីជូនដំណឹង និងសូមប្រកាសជាចំហ ឥឡូវនេះម៉ោងនេះនាងខ្ញុំ ស៊ិន ឧត្តមផល្លា បានវិលត្រឡប់មកកាន់វិថីសិល្បៈវិញហើយ មូលហេតុចិត្តនៅតែមិនដាច់អាល័យពីសិល្បៈនេះ ណាមួយកូនៗក៏ធំៗអស់ហើយដែរ ចំណែកការងាររកស៊ីលក់ដូរ គឺនៅតែលក់ដូរធម្មតា នាងខ្ញុំមិនហ៊ានសង្ឃឹម ហើយក៏មិនហ៊ានរំពឹងថាភាពល្បីល្បាញនឹងវិលត្រឡប់មកកាន់ជីវិតខ្ញុំសាជាថ្មីដូចកាលពី២០ឆ្នាំមុនកាលជំនាន់ខ្ញុំច្រៀងជាមួយតារាភាពយន្តដ៏ល្បីល្បាញហុងកុង (ឡុង ហ្វុង និង អ៊ឹង ជុងហ៊ាង) ទេ

ចិត្តរបស់ខ្ញុំផ្ទាល់ ខ្ញុំគ្រាន់តែគិតថា ខ្ញុំនៅតែស្រឡាញ់សិល្បៈនេះ ស្រឡាញ់ការធ្វើខ្លួនស្លៀកពាក់ស្អាតបាត ចង់ជួបជុំមិត្តភក្ដិសិល្បៈករសិល្បៈការិនីនិងតន្ត្រីករធ្លាប់ស្គាល់ៗគ្នាពីមុនមក និងម្យ៉ាងទៀតខ្ញុំយល់ថារាល់ថ្ងៃខ្ញុំជាអ្នកលក់ដូរស្រាប់ បើខ្ញុំនៅតែមានមុខក្នុងសិល្បៈក៏ល្អម្យ៉ាងដែរស្រណុកដល់ពេលយើងឡើងកម្មវិធីទូរទស្សន៍ រឺច្រៀងក្នុងកម្មវិធីផ្សេងៗយើងបានផ្សព្វផ្សាយពីទីកន្លែងយើងលក់ដូរ អ៊ីចឹងកាន់តែធ្វើឲ្យ ពុកម៉ែបងប្អូនកាន់តែស្គាល់ពី ទីកន្លែងដែលយើងលក់ដូរ រីឯភាពល្បីល្បាញអាចដូចមុន ឬយ៉ាងណានោះ គឺអាស្រ័យទៅលើពុកម៉ែបងប្អូនទាំងអស់គ្នាជាអ្នកវិនិច្ឆ័យ។

បញ្ជាក់៖ នាងខ្ញុំទទួលឡើងច្រៀងគ្រប់កម្មវិធីរបស់ស្ថានីយទូរទស្សន៍ និងក្នុងកម្មវិធីមង្គលការ ខួបកំណើត និងពិធីជប់លៀងផ្សេងៗ តែនាងខ្ញុំមិនទទួលច្រៀងក្នុងក្លឹបរាត្រីនៅពេលយប់ទេ ព្រោះនាងខ្ញុំត្រូវងើបពីព្រឹកដើម្បីបើកទ្វារលក់ដូរ ខ្លាចកំលាំងស៊ូមិនបាន សូមអរគុណដល់បងប្អូនទាំងអស់គ្នា ដែលតែងតែផ្ដល់ការរាប់អានស្រឡាញ់ និងចូលចិត្តនាងខ្ញុំ នាងខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា»៕

ដូច្នេះការវិលត្រឡប់មកកាន់វិស័យសិល្បៈរបស់អ្នកនាងលើកនេះ តើនឹងមានការគាំទ្រយ៉ាងណាប៉ុណ្ណាដែរ ពីទស្សនិកជន?

អ្នកនាង ស៊ិន ឧត្តមផល្លា
រូបភាពអតីតកាលរបស់ អ្នកនាង ស៊ិន ឧត្តមផល្លា និងលោក អ៊ឹង ជុងហ៊ាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ិន ឧត្តមផល្លា