ការរុករកឃើញវត្ថុបុរាណដ៏មានតម្លៃ ដែលត្រូវបានកសាង ឬកកើតឡើង ក្នុងកាលសម័យខុសៗគ្នា មួយចំនួនធំ ជុំវិញពិភពលោកយើងនេះ គឺជាកំហេតុប្រវត្តិសាស្រ្តដ៏ល្អអស្ចារ្យ ពីព្រោះតែវាបានធ្វើឲ្យមនុស្សជំនាន់ក្រោយ អាចស្វែងយល់ដឹងអំពីអាថ៌កំបាំង និងរឿងរ៉ាវសម្ងាត់ផ្សេងៗ របស់សម័យកាលនោះ។

ដោយហេតុនេះហើយ គេហទំព័រ Bright Side បានចងក្រងស្នាដៃស្ថាបត្យកម្ម និងវត្ថុបុរាណចំនួន ១២ ដែលមានភាពអស្ចារ្យក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក គួរឲ្យស្ញប់ស្ញែង។ គួរបញ្ជាក់ផងដែរថា ក្នុងនោះក៏មានប្រាសាទអង្គរវត្ត របស់កម្ពុជាដែរ។ ចង់ដឹងយ៉ាងណានោះ សូមតាមដានទាំងអស់គ្នា!

# Terracotta Army (កងទ័ពចម្បាំង)

Terracotta Army គឺជាបណ្តុំរូបចម្លាក់ របស់កងទ័ពចម្បាំង របស់ Qin Shi Huang ដែលជាអធិរាជដំបូងគេនៃប្រទេសចិន ដែលមានកងទ័ពជាង ៨,០០០ នាក់ រទេះសេះចំនួន ១៣០ សេះចំនួន ១៥០ និងកងទ័ពសេះចំនួន ៥២០។ រូបចម្លាក់នេះ រកឃើញដោយកសិករខេត្ត Shaanxi កាលពីឆ្នាំ ១៩៤៧ នៅពេលគាត់កំពុងតែជីកអណ្តូង។ អត្ថន័យនៃរូបចម្លាក់កងទ័ពរាប់ពាន់នាក់នោះ ត្រូវគេដឹងថា មានគោលបំណងការពារអធិរាជ នៅជាតិក្រោយៗទៀត។ គេបានរកឃើញ កងទ័ពទាំងនោះពិតជាមានពិតមែនតាំងពី ៦០ ឆ្នាំមុន ប៉ុន្តែសម្រាប់ផ្នូររបស់អធិរាជ​ នៅមិនទាន់រកឃើញជាក់ស្តែង នៅឡើយទេ។ 

# The Dead Sea Scrolls

The Dead Sea Scrolls គឺជាបណ្តុំអត្ថបទផ្សេងៗគ្នាចំនួន ៩៨១ ដែលត្រូវបានគេរកឃើញនៅចន្លោះឆ្នាំ ១៩៤៦ ដល់ ១៩៥៦ ក្នុងគុហាចំនួន ១១ នៅតាមតំបន់ភាគពាយព្យនៃសមុទ្រ Dead Sea ។ វាត្រូវបានគេចាត់ទុកថា ជាបំណែកព្រះគម្ពីរ Bible ដែលចាស់ជាងគេបង្អស់ផងដែរ។ អក្សរភាគច្រើន ត្រូវបានសរសេរឡើងជាភាសា Hebrew មានលាយជាមួយនឹងភាសា Aramaic ខ្លះ (ជាលក្ខណៈគ្រាមភាសាតាមតំបន់) និងភាសាក្រិចខ្លះ។ ក្រដាសគម្ពីរនេះហើយ ដែលជួយមនុស្សសម័យនេះ ឲ្យមានការយល់ដឹង អំពីជីវិតរបស់មនុស្សសម័យនោះ បានយ៉ាងច្បាស់។ 

# Behistun Inscription

Behistun Inscription (មានន័យថា “ទីកន្លែងនៃព្រះ”) គឺជាបណ្តុំអក្សរចារឹក និងសិលាចារឹកជាច្រើន នៅលើថ្មច្រាំង លើភ្នំ Behistun ខេត្ត Kermanshah នៃប្រទេសអ៊ីរ៉ង់។ សិលាចារឹកនេះ ត្រូវបានរកឃើញដោយ អ្នកធ្វើដំណើរ និងជាអ្នកផ្សងព្រេងម្នាក់ ជនជាតិអង់គ្លេសឈ្មោះ Robert Sherley ក្នុងអំឡុងពេល ដែលគាត់ទៅធ្វើដំណើរបេសកកម្ម Persia (អ៊ីរ៉ង់ សព្វថ្ងៃ) កាលពីឆ្នាំ ១៥៩៨។ សិលាចារឹកនោះ រៀបរាប់អំពីព្រះចៅ Darius ដែមានដូចជាជីវប្រវត្តិសង្ខេប រួមទាំងខ្សែស្រលាយពូជពង្សរបស់ទ្រង់ ជាពិសេស ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទាំងមូល អំឡុងឆ្នាំ ៥២៣ ដល់ ៥២១ មុនគ.ស។ 

# Olduvai Gorge

Olduvai Gorge ឬ Oldupai Gorge គឺជាតំបន់សេសសល់ពីសម័យបុរេប្រវត្តិ ស្ថិតនៅក្នុងប្រទេស តង់ហ្សានី និងជាកន្លែង សម្រាប់សិក្សាស្វែងយល់ពី ការវិវត្តិរបស់មនុស្សដំបូងទៀតផង។ វាត្រូវបានរកឃើញដោយ អ្នកសិក្សាខាងសត្វផ្នែកល្អិតម្នាក់ ជនជាតិអាល្លឺម៉ង់ឈ្មោះ លោក Wilhelm Kattwinkel កាលពីឆ្នាំ ១៩១១ នៅពេលដែលគាត់ ដេញតាមចាប់ សត្វមេអំបៅមួយ។ ប្រភេទពពួកមនុស្ស Hominins មានដូចជា Australopithecus (១.៨ លានឆ្នាំមុន) Homo habilis (១.៩ លានឆ្នាំមុន) និង Homo erectus (១.២ លានឆ្នាំមុន) សុទ្ធតែត្រូវបានរកឃើញថារស់នៅតំបន់នោះ។ 

# ប្រាសាទអង្គរវត្ត

ប្រាសាទអង្គរវត្ត គឺជាសំណង់ប្រាសាទមួយ ស្ថិតនៅក្នុងប្រទេសកម្ពុជា និងត្រូវបានចាត់ចូលជា “វិមាន ឬប្រាសាទសាសនាធំជាងគេបំផុតនៅលើពិភពលោក” ថែមទៀតផង ដោយមានផ្ទៃក្រឡាប្រមាណជា ១៦២.៦ ហិកតា (១,៦២៦,០០០ ម៉ែត្រការ៉េ) សាងសង់ដោយព្រះបាទសូរ្យវរ្ម័នទី ២ នៅដើមសតវត្សទី ១២ ក្នុងរាជធានីយសោធបុរៈ (ទឹកដីអង្គរបច្ចុប្បន្ន) នៃអាណាចក្រខ្មែរ។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ១៦០១ Marcelo Ribandeyro ពីប្រទេសអេស្ប៉ាញ បានប្រទះឃើញប្រាសាទនេះ ក្នុងព្រៃដោយចៃដន្យ ប៉ុន្តែកាលនោះ លោកមិនអាចបកស្រាយពីប្រវត្តិ និងអាថ៌កំបាំងរបស់ប្រាសាទអង្គរវត្តនេះបានឡើយ។

# Troy

Troy គឺធ្លាប់ជាទីក្រុងមួយ ត្រូវបានគេស្គាល់ថាជា Asia Minor កាលពីជំនាន់បុរាណ ស្ថិតនៅភាគពាយព្យ ប្រទេសទួរគី ប៉ុន្តែសព្វថ្ងៃនេះ ត្រូវបានគេស្គាល់ថា Anatolia វិញ។ ទីក្រុងដែលសេសសល់នោះ មានរៀបរាប់តាមអក្សរចារឹក អំពីកំណាព្យរបស់ Homer និង Virgilជាច្រើន។ ទីក្រុង Troy ត្រូវបានរកឃើញនៅឆ្នាំ ១៨៧០ ដោយបុរាណវិទូឯករាជ្យម្នាក់ ជនជាតិអាឡឺម៉ង់ ឈ្មោះ Heinrich Schliemann ។ បន្ទាប់ពីជីកកកាយរួច ទីក្រុងបុរាណនេះ ត្រូវបានគេបែងចែកចេញជាច្រើនសម័យកាល ចាប់ពីសម័យ Troy ទី១ រហូតដល់សម័យ Troy ទី៩ ។ 

# Antikythera Mechanism

Antikythera mechanism គឺដូចជាគ្រឿងកុំព្យូរទ័របុរាណមួយ ដែលគេប្រើសម្រាប់ សង្កេតមើលចលនារបស់ផ្កាយ និងភព ជាពិសេសវាក៏ជាឧបករណ៍កំណត់ ការប្រកួតកីឡាអូឡាំពិក ពីសម័យបុរាណផងដែរ។ ឧបករណ៍នេះ ត្រូវបានបង្កើតឡើងនៅជំនាន់ក្រិចបុរាណ ប្រមាណជា ១០០ ឆ្នាំមុនគ.ស និងត្រូវបានគេរកឃើញនៅក្នុងនាវាបាក់បែកមួយ នៅជិតកោះ Greek ក្នុងឆ្នាំ ១៩០១។ អ្នកវិទ្យាសាស្រ្ត បាននិយាយថា វាផ្សំឡើងពី ស្ពឺធ្វើពីលង្ហិន ចំនួន ៣០ និងរុំព័ទ្ធដោយប្រអប់ឈើពីក្រៅ។ 

# ធ្មេញរបស់មនុស្សពពួក Denisovan ពីជំនាន់មុន

Denisovan ឬ Denisova hominin គឺជាប្រភេទពពួកមនុស្ស ដែលបានផុតពូជទៅហើយ ឬអាចនិយាយបានថា ជាពពួកមនុស្សកាលវិវឌ្ឍដំបូង អំបូរ Homo ។ អ្នកបុរាណវិទូ បានរកឃើញ ធ្មេញនិងឆ្អឹងម្រាមដៃមួយ របស់មនុស្សសម័យដំបូង ក្នុងគុហាមួយដែលគេឲ្យឈ្មោះថា Denisova ក្បែរទីក្រុង Biysk ប្រទេស រុស្ស៊ី។ អ្នកវិទ្យាបាននិយាយថា វាមានអាយុប្រមាណជា ៥០,០០០ ឆ្នាំមកហើយ។ យោងតាមការពិសោធន៍ អ្នកវិទ្យាសាស្រ្ត ហាក់ដូចជាទាញបានថា ពពួកមនុស្ស Denisovan មានស្បែកសំបុរខ្មៅ មានសក់ខ្មៅ និងមានគ្រាប់ភ្នែកពណ៌ខ្មៅ។ 

# Pompeii

ទីក្រុង Pompeii ធ្លាប់ជាទីក្រុងរបស់រ៉ូម៉ាំងបុរាណ ស្ថិតនៅជិតទីក្រុង Naples សព្វថ្ងៃ ក្នុងតំបន់ Campania នៃប្រទេស អ៊ីតាលី។ ទីក្រុង Pompeii និងទីក្រុង Herculaneum រួមជាមួយភូមិផ្សេងៗជុំវិញនោះ ត្រូវបានបំផ្លាញ និងកប់ជ្រៅទៅក្រោមពី ៤ ទៅ ៦ ម៉ែត្រ ដោយសារតែបន្ទុះភ្នំភ្លើង Vesuvius កាលពីឆ្នាំ ៧៩ មុនគ.ស។ ទីក្រុងនេះ ត្រូវបានគេរកឃើញនៅក្នុងឆ្នាំ ១៥៩៩ ដោយ Domenico Fontana ប៉ុន្តែការជីកកកាយបានចាប់ផ្តើមនៅក្នុងឆ្នាំ ១៧៤៨។ ការជីកកកាយនេះ បានធ្វើឱ្យអ្នកបុរាណវិទូ មានការយល់ដឹងទូលំទូលាយ ទាក់ទងនឹងជីវិតប្រជាជនរ៉ូម៉ាំងសម័យនោះ។ 

# គុហា Lascaux

Lascaux គឺជាបណ្តុំគុហា ដ៏ស្មុគ្រស្មាញ នៅក្បែរភូមិ Montignac តំបន់ Dordogne នៅភាគនិរតី នៃប្រទេស បារាំង។ គុហានេះ ទទួលបានភាពល្បីល្បាញដោយសារតែ គំនូរនៅជាប់នឹងជញ្ជាំងផ្ទាំងថ្ម ដែលមានភាពលម្អិត និងមានភាពអស្ចារ្យ គួរឲ្យកោតសរសើរ។ រូបភាពគំនូរទាំងនោះ មានដូចជាបណ្តាសត្វជាង ២,០០០ ប្រភេទ (ក្តាន់ គោព្រៃ ឆ្មា បក្សី រមាស ខ្លាឃ្មុំ -ល-) មានរូបមនុស្ស និងគំនូរជាសញ្ញាបែបអរូបិយប្លែកជាច្រើន។ គួរបញ្ជាក់ផងដែរថា គុហា Lascaux ត្រូវបានរកឃើញដោយយុវជនចំនួន ៤ នាក់ កាលពីថ្ងៃទី ១២ កញ្ញា ឆ្នាំ ១៩៤០។ 

# Rosetta Stone

Rosetta Stone គឺជាសិលាចារឹក លើថ្មប្រភេទ granodiorite (ស្រដៀងសិលាក្រានីត) ដែលត្រូវបានគេរកឃើញនៅក្នុងប្រទេស អេហ្ស៊ីប កាលពីឆ្នាំ ១៧៩៩ ប៉ុន្តែត្រូវបានឆ្លាក់តាំងពីឆ្នាំ ១៩៦ មុនគ.ស ក្នុងរជ្ជកាលស្តេច Ptolemy ទី ៥ ។ អក្សរចារឹកនោះមាន ៣ ផ្នែក ដោយចែកចេញជាផ្នែកអក្សរអេហ្ស៊ីបបុរាណ អក្សរអេហ្ស៊ីប Demotic និងអក្សរក្រិចបុរាណ។ អត្ថបទទាំង ៣ ផ្នែកនោះ បង្ហាញពីអត្ថន័យសឹងតែដូចគ្នាទាំងស្រុង (មានចំណុចខុសគ្នាបន្តិចបន្តួច) ដែលបានផ្តល់ជាគន្លឹះយ៉ាងសំខាន់ ក្នុងការស្វែងយល់ភាសាអេហ្ស៊ីបបុរាណ។ 

# Machu Picchu

Machu Picchu គឺជាកំពែងរបស់អាណាចក្រ Inca ពីបុរាណ កាលពីអំឡុងសតវត្សទី ១៥ មានទីតាំងនៅលើជួរភ្នំ ដែលមានកម្ពស់ ២,៤៣០ ម៉ែត្រ ពីកម្រិតទឹកសមុទ្រ។ វាមានទីតាំងក្នុងតំបន់ Cusco ខេត្ត Urubamba ស្រុក Machupicchu នៅក្នុងប្រទេសប៉េរូ សព្វថ្ងៃ។ កំពែងនេះរកឃើញដោយលោក Hiram Bingham ដែលជាប្រវត្តវិទូ ជនជាតិអាមេរិក ហើយត្រូវបានគេជឿថាកំពែងនេះ ត្រូវបានសាងសង់ឡើង សម្រាប់ថ្វាយអធិរាជ Pachacuti (ឆ្នាំ ១៤៣៨ ដល់ ១៤៧២)។ គួរបញ្ជាក់ផងដែរថា វាក៏ជាកំពែងដែលមានសំណង់ថ្ម ដែលល្អអស្ចារ្យបំផុត និងមានអាថ៌កំបាំងបំផុត ប្រចាំអាណាចក្រ Inca ៕ 

ប្រភព៖ Bright Side | Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]