ភ្នំពេញ៖ ប្រជាប្រិយភាព របស់តារាស្រីរូបស្អាត កញ្ញា គៀត សុវណ្ណាឡាង បានឡើងស្រឺតៗ ក្រោយពីរូបនាងឈានជើងចូលប្រឡូកក្នុងវិស័យខ្សែភាពយន្ត ដោយបោះបង់អាជីពជាអ្នកចម្រៀងចោលទាំងស្រុង។

ខណៈពេលទីផ្សារការងារកំពុងទទួលបានជោគជ័យ ការប្រើប្រាស់របស់របរទំនើបៗរបស់នាង ក៏ឡើងទៅតាមហ្នឹងផងដែរ ដែលនាពេលបច្ចុប្បន្ន គេសង្កេតឃើញថា នាងបានប្រើសុទ្ធតែកាបូប ស្បែកជើង និងសម្លៀកបំពាក់ ម៉ាកល្បីៗ ពីប្រទេសក្រៅទាំងអស់។

កាលពីថ្មីៗ តារាស្រីរូបនេះ ស្រាប់តែប្រកាសលក់កាបូបម៉ាកល្បីៗជាច្រើនកាបូបរបស់នាង ក្នុងតម្លៃសមរម្យ ប្រហែលជាកាបូបនាងច្រើនពេក ចង់លក់ចេញខ្លះហើយមើលទៅ។

ក្នុងនោះ កញ្ញា គៀត សុវណ្ណាឡាង បានបង្ហោះ រូបកាបូបដោយដាក់គរលើគ្នា មានទាំងទំហំធំ និងខ្លះទៀត មានទំហំតូចជាដើម។ ជាពិសេសនាង ក៏បានសរសេរពីលើរូបនោះដែរថា "ឡៃឡុង"។

បន្ទាប់ពីឃើញនាង បានប្រកាសលក់កាបូបម៉ាកល្បីៗរួចមក ក៏មានបណ្តាអ្នកលេងបណ្តាញសង្គម ជាពិសេសគឺនារីៗ បាននាំគ្នាសាកសួរគ្រប់ៗគ្នា ពីតម្លៃផងដែរ ព្រោះថារបស់ម៉ាកល្បី និងតម្លៃថោកសមរម្យ អ្នកណាក៏ចង់បានដែរ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាគៀត សុវណ្ណាឡាង បានបង្ហាញថា ទោះតម្លៃខ្លួនបែបណា ក៏មិនថតថើបមាត់គ្នាដែរ។

តួឯកស្រីក្នុងរឿង«អមតៈ» ស្រីស្រស់ គៀត សុវណ្ណាឡាង បន្ទាប់ពីបានដាក់ចិត្តដាក់កាយ វិលមកអុកឡុក ក្នុងពិភពសម្ដែងវិញ បានដាក់បំរាមជាមុនដាច់ខាតថា នាងមិនទទួលថត ឈុតស្រើបស្រាល រហូត ឈានដល់ថ្នាក់ បឺតមាត់គ្នាជាដាច់ខាត ព្រោះនាងមិនចូលចិត្ត ហើយគ្រួសារក៏មិនចង់ឃើញ រូបភាពសម្ដែង ក្នុងលក្ខណៈ បែបនេះដែរ ។

គៀត សុវណ្ណាឡាង បានបញ្ជាក់ថា មុននឹងសម្រេចចិត្តសម្ដែង ក្នុងរឿងអ្វីមួយ នាងបានសួរអ្នកដឹកនាំរួចរាល់ហើយ ថាតើមានឈុតស្នេហា រោលរាល បឺតជញ្ជក់មាត់គ្នា ដែរឬអត់ ? ហើយបើអ្នកដឹកនាំសម្ដែងប្រាប់ថា មាន គឺនាងមិនទទួលថតជាដាច់ខាត ទោះបីជាឲ្យតម្លៃខ្លួន ខ្ពស់កប់ពពក យ៉ាងណាក្ដី។ ប៉ុន្តែបើឈុតឆាក ក្នុងសាច់រឿងនោះ មានត្រឹមឈុតស្នេហាធម្មតាៗ គឺនាងមិនបដិសេធនោះទេ ព្រមថតបាន។

«អត់ទេបង..! ដាច់ខាតអត់ថតឈុតហ្នឹងហ្មង..! តែបើត្រឹមថើបថ្ពាល់ អាហ្នឹងបាន..(សើច) ខ្ញុំអាចទទួលយកបាន ។ ការពិតទៅ ខ្ញុំមិនខ្លាចអីទេ..! តែមកពីខ្ញុំខ្លួនឯងហ្នឹង អត់ចូលចិត្តតែម្ដង..! ហើយអ្នកដឹកនាំសម្ដែងក៏គាត់យល់ពីអារម្មណ៍ខ្ញុំដែរ..!»។ គៀត សុវណ្ណាឡាង បញ្ជាក់បន្ថែម ។

ជាការពិត នៅក្នុងមជ្ឈដ្ឋាន តារាសម្ដែង មានតារាស្រីមួយចំនួន ដើម្បីឲ្យខ្លួនមានឈ្មោះ បោះសំឡេងល្បីឆាប់រហ័ស គឺពួកគេ តែងហ៊ានលះបង់គ្រប់បែបយ៉ាង ហើយពេលអ្នកដឹកនាំ តម្រូវឲ្យសម្ដែងឈុតបែបណា ក៏ហ៊ានដែរ។ ជាក់ស្ដែងគេសង្កេតឃើញ នៅក្នុងឈុតខារ៉ាអូខេ បច្ចុប្បន្ន មានតារាស្រីខ្លះ ហ៊ានថតរហូតដល់ថ្នាក់ ដោះអាវ បង្ហាញល្វែងលើទាំងស្រុង ដេកដួលឱបរឹត ជាមួយតួប្រុសនៅលើគ្រែ ក៏មានដែរ ឲ្យតែឆាប់ល្បី ។ ចំណែកក្នុងរឿងវិញ ក៏មានឈុតឆាកស្រើបស្រាល ស្អិតដូចស្ករតាំងម៉ែ ជាមួយតួប្រុស ក្នុងន័យ ដើម្បីតែឆាប់ល្បីដូចគ្នា។

យ៉ាងណាមិញ ងាកមកតារាសម្ដែង គៀត សុវណ្ណាឡាង វិញ នាងមិនត្រឹមតែដាក់បំរាម ចំពោះប្លង់ថត បឺតជញ្ជក់មាត់នោះទេ សូម្បីតែឲ្យនាងស្លៀកពាក់សិចស៊ី ខើចលើខើចក្រោម បញ្ចេញសាច់សខ្ចី ដាក់គេឯង ក៏នាងពិបាកនឹងធ្វើដែរ ព្រោះនាងអះអាងថា ដាច់ខាតនាង មិនយកភាពសិចស៊ី ឬការលះបង់ ក្នុងឈុតរោលរាលអ្វីមួយ ដើម្បីសាងភាពល្បីឈ្មោះ នោះឡើយ ពោលគឺនាងចង់ល្បី ដោយសមត្ថភាព និងទេពកោសល្យសម្ដែងពិតៗ ហើយការប្រមូលអ្នកគាំទ្រ ឲ្យងាកមកគាំទ្រនាងឡើងវិញ គឺមិនពិបាកនោះទេ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គៀត សុវណ្ណាឡាង