ថៃ៖ ក្មេងប្រុសអាយុ ៥ឆ្នាំម្នាក់ ត្រូវបានគេយកមកទម្លាក់ចោល នៅក្នុងមន្ទីរពេទ្យមួយកន្លែង បន្ទាប់ពីពីត្រូវបានគេវាយដំ និងស្រោចទឹកក្តៅលើប្រដាប់ភេទរបស់គេថែមទៀត។

ក្រុមគ្រូពេទ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលពួកគេបានឃើញក្មេងប្រុសរងគ្រោះត្រូវបានគ្របដណ្តប់ទៅដោយស្នាមជាំពាសពេញរាងកាយ និងថែមទាំងទទួលរងការរលាកនៅជុំវិញក្រលៀន និងពោះរបស់គេថែមទៀត។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសតូចរូបនេះ បានប្រាប់ទៅកាន់បុគ្គលិកនៅមន្ទីរពេទ្យក្នុងខេត្ត Pathum Thani ភាគកណ្តាលប្រទេសថៃថា "ម្តាយចុង ជាអ្នកធ្វើរឿងទាំងអស់នេះមកលើរូបគេ"។ 

អ្នកនាំពាក្យរបស់មន្ទីរពេទ្យក្នុងខេត្ត Pathum Thani បាននិយាយថា “ក្មេងប្រុសម្នាក់នេះ កំពុងតែទទួលបានការព្យាបាល ហើយស្ថានភាពរបស់គេបានធូរស្រាលបន្តិចហើយ។ ខណៈប៉ូលិស និងក្រុមការងារតាមបណ្តាញសង្គម កំពុងព្យាយាមតាមរកក្រុមគ្រួសាររបស់ក្មេងតូចនេះ”។

ប្រភពព័ត៌មាន បានដកស្រងសម្តីរបស់អ្នកនាំពាក្យរូបនោះបន្តថា “ពួកយើងមិនដឹងថា នរណាជាអ្នកនាំក្មេងនេះ មកកាន់មន្ទីរពេទ្យនោះទេ ហើយយើងក៏មិនដឹងថា តើអ្នកណាដែលអាចធ្វើរឿងបែបនេះមកលើកុមារបានដែរ”។ មិនយូរប៉ុន្មានក្រុមការងារនៅលើបណ្តាញសង្គម ក៏ស្គាល់ពីអត្តសញ្ញាណក្មេងប្រុសតូចនោះ ហើយពួកគេក៏បានទៅផ្ទះក្មេងប្រុសនោះ រួមជាមួយក្រុមប៉ូលិសផងដែរ ប៉ុន្តែមិនមាននរណានៅក្នុងផ្ទះទេ។

អ្នកជិតខាងដែលនៅក្បែរផ្ទះនោះ បាននិយាយថា បុរសម្នាក់ និងស្រ្តីម្នាក់ដែលរស់នៅទីនោះ បានចាកចេញទីធ្វើការនៅក្នុងខេត្ត Uttaradit តំបន់ភាគខាងជើងប្រទេសថៃ បាត់ទៅហើយ ដែលមានចម្ងាយប្រមាណ៤៥០គីឡូម៉ែត្រ ពីខេត្ត Pathum Thani។ បច្ចុប្បន្នប៉ូលិសកំពុងប្រម៉ាញ់បុរសម្នាក់ និងស្ត្រីម្នាក់ដែលត្រូវបានគេអះអាងថា ជាឪពុកម្តាយរបស់កុមារ និងកំពុងរត់គេចខ្លួន។

មន្រ្តីប៉ូលិស បានជឿជាក់ថា មនុស្ស២នាក់ ដែលបានយកក្មេងប្រុសនោះ មកទុកចោលនៅក្នុងមន្ទីពេទ្យ មិនមែនជាឪពុកម្តាយរបស់គេនោះទេ ហើយប៉ូលិសក៏នៅតែកំពុងព្យាយាមតាមដានពួកគេផងដែរ។ មន្ត្រីប៉ូលិសមួយរូប នៅក្នុងស្ថានីយប៉ូលិស Thunyaburi បាននិយាយថា “ក្មេងប្រុសរូបនោះ បានរងរបួសធ្ងន់នៅកន្លែងមួយចំនួន ប៉ុន្តែគេរឹងមាំខ្លាំងណាស់។ ហើយមនុស្សដែលបានប្រពឹត្តរឿងនេះ ត្រូវតែចាប់ខ្លួនឲ្យបាន ហើយទទួលការពិន័យ”៕ 

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]