(ភ្នំពេញ)៖ បន្ទាប់ពីប្រមូលផ្ដុំអស់រយៈពេល ៥ថ្ងៃ ក្រោមការដឹកនាំរបស់គ្រូបង្វឹកផុតកុងត្រាលោក Lee Tae Hoon កន្លងទៅ នៅវេលាម៉ោង ៤រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ស្អែកនេះ ក្រុមជម្រើសជាតិកម្ពុជា ឬក្រុមគោព្រៃ កម្ពុជា នឹងធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំលើកដំបូងជាមួយក្រុមភ្នំពេញក្រោន ដើម្បីត្រៀមជួបប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត នៅទីក្រុងឌូបៃ នាថ្ងៃទី១៤ ខែមករាខាងមុខនេះ ។

បើយោងតាមការជូនដំណឹងរបស់ក្លឹបភ្នំពេញក្រោន បានបញ្ជាក់ថា ជំនួបមិត្តភាពនេះ នឹងធ្វើឡើងនៅកីឡដ្ឋាន RSN ដោយគ្មាន​ការ​លក់​សំបុត្រអ្វីឡើយ ។ ប៉ុន្ដែការប្រកួតនេះភ្នំពេញក្រោន ត្រូវអវត្តមានកីឡាករសំខាន់ៗ ៤រូបដែលជាប់បេសកកម្មជួយក្រុម​ជម្រើសជាតិ រួមមានកីឡាករ សឿត បារាំង, អ៊ិន សុដាវីត, កែវ សុខផេង និងអ្នកចាំទី កែវ សុខសិលា ។ ចំណែកភាគីក្រុម​គោ​ព្រៃ​កម្ពុជា សម្រាប់ការប្រមូលផ្ដុំត្រៀមប្រកួតមិត្តភាព អន្ដរជាតិនាពេលខាងលើនេះ គឺមានសមាជិកសរុប ២៤នាក់ ៕

ប្រភព៖ Khmertalking

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ចាន់ វឌ្ឍនាកា បញ្ចេញសារមួយក្នុងហ្វេសប៊ុក ទំនងជា....

ចាន់ វឌ្ឍនាកា គឺជាកីឡាករឆ្នើមមួយរូប ដែលទទួលបានគាំទ្រខ្ពស់ និងមានប្រជាប្រិយភាព ប្រចាំក្រុមជម្រើសជាតិកម្ពុជា។ លើសពីនេះទៀត ជាមួយនឹងទម្រង់លេង និងទេពកោសល្យរបស់កីឡាកររូបនេះ បានធ្វើឲ្យបណ្តាក្លិបនៅបរទេសជាច្រើន នៅក្នុងតំបន់អាស៊ី មានការចាប់អារម្មណ៍ និងចង់បានគេទៅលេង។ តែទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ២២ឆ្នាំរូបនេះ មិនទាន់បានឆ្លើយតប ឬធ្វើការសម្រេចចិត្តនៅឡើយទេ។

ដោយឡែក ថ្មីៗនេះ ស្រាប់តែអ្នកគាំទ្រមានការងៀយឆ្ងល់ និងសង្ស័យពីសារមួយដែល វឌ្ឍនាកា បានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា «អគុណបងប្អូនទាំងអស់គ្នា យើងជិតបែកគ្នាហើយ» ដែលបានស្តែងឲ្យឃើញថា កីឡាកររូបនេះ អាចទំនងជា ត្រូវទៅលេងនៅក្លិបផ្សេងទៀត នៅថ្ងៃណាមួយខាងមុខនេះ។

មួយវិញទៀត វឌ្ឍនាកា ក៏បានឆ្លើយតបទៅកាន់អ្នកគាំទ្រផងដែរថា នឹងទទួលបានដំណឹងឆាប់ៗនេះ ខណៈដែលមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់ណាមួយពីអនាគតក្លិបរបស់កីឡាករូបនេះ។

គួររំលឹកផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ ក្លិបនៅលីកទី៣ របស់ប្រទេសជប៉ុន ក៏ធ្លាប់បានអនុញ្ញាតិឲ្យ វឌ្ឍនាកា មកធ្វើការហ្វឹកហាត់ពង្រឹងសមត្ថភាព និងដាក់សំណើរមកកាន់ កីឡាកររូបនេះ ផងដែរ ប៉ុន្តែ វឌ្ឍនាកា មិនទាន់ធ្វើការសម្រេចចិត្ត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]