បរទេស៖ នៅពេលដែលអ្នកចេញទៅខាងក្រៅម្តងៗ អ្នកប្រាកដជាស្លៀកពាក់និងរៀបចំខ្លួនបានយ៉ាងស្រស់សង្ហា ផ្ទុយទៅវិញ នៅពេលដែលអ្នកត្រលប់មកផ្ទះវិញ អ្វីៗគឺខុសគ្នាទាំងស្រុងតែម្តង។

ទោះជាយ៉ាងណា ឥឡូវនេះ លោកអ្នកមិនពិបាកទៀតឡើយ ជាមួយអាវ Labfresh គឺអាចធានាបានថា ទំរង់នៃអាវរបស់អ្នកមុនពេលចាកចេញពីផ្ទះ និងនៅពេលត្រលប់មកវិញ គឺដូចគ្នាទាំងស្រុងតែម្តង។

ជាដំណឹងល្អមួយដែលផលិតផលមួយនេះ បានបង្កើតឡើងដើម្បីឆ្លើយតបទៅហ្នឹងតម្រូវការរបស់អតិថិជន ព្រោះថាអាវមួយនេះមានលក្ខណៈពិសេស បើទោះបីជាវាមានពណ៌សក៏ពិតមែន ប៉ុន្តែវាមិនជ្រាបទឹក មិនប្រឡាក់ និងមិនជាប់ក្លិនឡើយ។

តើអ្វីទៅដែលធ្វើឲ្យអាវមួយនេះ អស្ចារ្យយ៉ាងនេះ?

ជាមួយបច្ចេកវិទ្យាថ្មី បានធ្វើឲ្យអាវមួយនេះ​ មិនងាយជាប់ស្នាមប្រឡាក់ មិនកាន់បាក់តេរី និងមិនជ្រាបវត្ថុរាវផ្សេងៗឡើយ។ ដូច្នេះ​វាធ្វើឲ្យលោកអ្នកមានភាពងាយស្រួលបំផុត ព្រោះថាពេលខ្លះ អ្នកគ្រាន់តែរល័សអាវរបស់អ្នក ក៏អាចយកវាមកពាក់ម្តងទៀតបានដែរ។

លើសពីនេះទៅទៀត អាវដ៏ពិសេសនេះ ក៏ត្រូវបានគេយកទៅធ្វើតេស្ដសាកល្បងជាមួយសកម្មភាពផ្សេងៗដូចជា រាំ ជិះកង់ រត់ និងការសាកល្បងស្នាមប្រឡាក់ជាមួយ ស្រាក្រហម ទឹកប៉េងប៉ោះ ទឹកជ្រលក់ និងប្រេងអូលីវជាដើម។

បន្ថែមពីនេះ អ្នកផលិតអាវ Labfresh ក៏មានបំណងចង់ធ្វើឲ្យអាវមួយនេះ មានលក្ខណៈកាន់តែពិសេសដែលអាចរក្សាបាននូវទ្រង់ទ្រាយរបស់អាវ ទោះបីជាអ្នកបានធ្វើការបោកគក់៦០ដងទៅហើយក្តី។

ទោះជាយ៉ាងណា នេះគ្រាន់តែជាការបង្ហាញឲ្យមានការចាប់អារម្មណ៍តែប៉ុណ្ណោះ។ ការពិតនោះគឺ អាវមួយនេះនៅមិនទាន់បានធ្វើការដាក់លក់នៅឡើយទេ។

ផ្ទុយទៅវិញ អ្នកបង្កើតអាវមួយនេះកំពុងសុំជំនួយតាមរយៈគេហទំព័រ Kickstarter ក្នុងគំរោងទឹកប្រាក់ប្រមាណ ២២ ០០០ ដុល្លារអាមេរិក ហើយការបរិច្ចាកក៏កំពុងតែដំណើរការជាបណ្តើរៗដែរ។

អ្នកផលិតអាវ Labfresh បានសន្យាថា នឹងដាក់់លក់អាវនេះឲ្យបានក្នុងរយៈពេលខ្លីបំផុត ដោយមានភ្ជាប់ជាមួយក្រវ៉ាត់ក ដែលធ្វើឡើងពីសាច់ក្រណាត់ដូចគ្នាជាមួយនឹងសាច់អាវ។ 

អាវ Labfresh នឹងត្រូវដាក់លក់ក្នុងតម្លៃ ១១៩ដុល្លារអាមេរិក និងមានការផ្តល់ជូនតម្លៃពិសេសបំផុតសម្រាប់អតិថិជនដែលកម្ម៉ង់ទិញក្នុងចំនួនច្រើន។

ជាការពិត វាមិនមែនជាតម្លៃមួយដែលថោកនោះទេ ប៉ុន្តែវាអាចផ្លាស់ប្តូរជីវិតរបស់អ្នកឲ្យកាន់តែងាយស្រួល និងស៊ីវិល័យ៕

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួួយផ្សេងទៀត៖  iPhone ល្បីខ្លាំង តែក្រុមហ៊ុន Apple បែរជាកាត់ប្រាក់ខែ នាយកប្រតិបត្តិ ១៥ភាគរយចោល ដោយសារ...

បរទេស៖ សារព័ត៌មាន CNN បានចុះផ្សាយកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ថា ក្រុមហ៊ុន Apple បានកាត់ប្រាក់ខែរបស់ លោក Tim Cook នាយកប្រតិបត្តិនៃក្រុមហ៊ុន Apple ចំនួន១៥ភាគរយ សម្រាប់ឆ្នាំ២០១៦ បន្ទាប់ពីមិនអាចសម្រេចផែនការលក់របស់ក្រុមហ៊ុនបាន។

លោក Tim Cook បានទទួលប្រាក់ខែ និងប្រាក់បន្ថែមលើកទឹកចិត្តសរុបចំនួន ៨,៧លានដុល្លារប៉ុណ្ណោះ សម្រាប់ឆ្នាំ២០១៦ បន្ទាប់ពីលោកធ្លាប់ទទួលបានចំនួន ១០,៣លានដុល្លារកាលពីឆ្នាំ២០១៥។

នាយកគ្រប់គ្រងផ្សេងទៀតនៃក្រុមហ៊ុន Apple ក៏ត្រូវបានខាងក្រុមហ៊ុនកាត់ប្រាក់ខែរបស់ពួកគេដែរ ក្នុងចំនួន ៩.៦ភាគរយ ខណៈលោក Tim Cook ត្រូវបានក្រុមហ៊ុនកាត់ចំនួន ១,៦លានដុល្លារ បន្ទាប់ពីការលក់ និងប្រាក់ចំណូលក្រុមហ៊ុនបានធ្លាក់ចុះ កាលពីឆ្នាំមុន។

នាយកគ្រប់គ្រងផ្សេងៗទៀត ដែលរួមទាំងលោក លូកា មេស្ទ្រី (Luca Maestri) ប្រធានគ្រប់គ្រងហិរញវត្ថុ និង លោកស្រី អ៊ែនជែលឡា អារេន (Angela Ahrendts) អនុប្រធានគ្រប់គ្រងការលក់រាយរបស់ក្រុមហ៊ុននេះ បានទទួលប្រាក់ខែជិត ២៣លានដុល្លារ ក្នុងម្នាក់ៗ ដោយធ្លាក់ចុះពីចំនួនប្រាកខែជិត ២៥លានដុល្លារ កាលពីឆ្នាំ២០១៥។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Apple បានបង្ហាញថា ការលក់ និងប្រាក់ចំណូលរបស់ខ្លួននៅក្នុងឆ្នាំ២០១៦ គឺមានចំនួនត្រឹមតែ ៧,៧ភាគរយ គឺធ្លាក់ចុះ ១៥,៧ភាគរយ បើធៀបនឹងកំណត់ត្រាការលក់ និងប្រាក់ចំណូលក្នុងឆ្នាំ២០១៥។

ការលក់ទូរស័ព្ទ iPhone បានធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងរយៈពេលបីត្រីមាស មកនៅត្រឹម ៤៥,៥លានគ្រឿង ក្នុងត្រីមាសខែកញ្ញា។ ការធ្លាក់ចុះនេះ គឺបណ្តាលមកពី ក្រុមហ៊ុន Apple បានប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងពីស្មាតហ្វូនផ្សេងទៀត ដូចជាក្រុមហ៊ុន Samsung និងក្រុមហ៊ុនមួយចំនួនទៀត ហើយទូរស័ព្ទ iPhone ស៊េរីថ្មី ហាក់មិនទាន់មានលក្ខណៈពិសេសគ្រប់គ្រាន់ ដើម្បីធ្វើការទាក់ទាញអតិថិជនផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]