ខេត្តកណ្ដាល ៖ គ្រោះថ្នាក់​ចរាចរណ៍​បុក​បន្តកន្ទុយ​គ្នា​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​១០​នាទី​យប់ ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​២​នាក់​រង​របួសធ្ងន់ ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​មុខកំពូល បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ ស៊ី សៀ​ក ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាំង​ជ្រៃ ឃុំ​សណ្ដែក ស្រុក​បា​ធា​យ ខេត្តកំពង់ចាម និង​ម្នាក់​ទៀត ឈ្មោះ ផា​ន់ សុធា​រ៉ា ភេទ​ស្រី អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូន​រាម ឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

សមត្ថកិច្ច​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​កើតហេតុ​ខាងលើ​ជន​រង​គ្រោះ​២​នាក់​ខាងលើ បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DE-9762 បើកបរ​ដោយ​ឈ្មោះ ស៊ី សៀ​ក ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បុក​គ្នា​ជាមួយ​ថ​យន្ត​១​គ្រឿង​ម៉ាក C.R.V ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2D-8848 បើកបរ​ដោយ​ឈ្មោះ ស ហៀ​ង ភេទ​ប្រុស អាយុ​៧២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២២ ផ្លូវ​លេខ​៣៣៩ ស្ថិត​ភូមិ​៥ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ពី​ជើង​ទៅ​ត្បូង បណ្ដាល​ឲ្យ​ម៉ូតូ​ដួល​នៅ​លើ​ទ្រូងផ្លូវ ស្រប​ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​មិន​ស្គាល់​ម៉ាក​បើក​លឿន​មក​ពី​ទិស​ខាងត្បូង បាន​មក​កិន​មនុស្ស​ដែល​ដួល​ទាំង​២​នាក់​នោះ​បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ទាំង​២​នាក់​តែ​ម្ដង ហើយ​រថយន្ត​នោះ​បាន​បើក​គេច​បាត់​ទៅ ។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ ក៏​មាន​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1FD-6678 ជិះ​គ្នា​២​នាក់ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន បាន​មក​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​របស់​ជន​រង​គ្រោះ​ខាងលើ​នោះ​បន្ថែម​ទៀត បណ្ដាល​ឲ្យ​ដួល​រង​របួសធ្ងន់​ទាំង​២​នាក់​ទៀត ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ដែល​រង​បួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ ឯ​សព​ជន​រង​គ្រោះ​២​នាក់​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​អ្នកបើកបរ​រថយន្ត C.R.V ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

ក្រឡេកមកមើលព័ត៌មាន គួរឲ្យចាប់អារម្មណ៍មួយវិញទៀត ៖

ហេតុអ្វីគិតខ្លីម្ល៉េះ! ក្មេងស្រីវ័យ ១២ឆ្នាំ ចងកសម្លាប់ខ្លួន ហើយ Live វីដេអូតាម Facebook ឲ្យគេមើលទៀត ។

អាមេរិក៖ យោងទៅតាមលោក Tony Brazier ដែលជាអ្នកជំនាញផ្នែកពិនិត្យសាកសពប្រចាំតំបន់ Polk រដ្ឋផ្លរីដា បានឲ្យដឹងថា ក្មេងស្រីឈ្មោះ Katelyn Nichole Davis អាយុ១២ឆ្នាំ ដែលរស់នៅតំបន់ Polk បានបាត់បង់ជីវិតនៅឯមន្ទីរពេទ្យ ក្រោយពីក្រុមជួយសង្គ្រោះ បានប្រទះឃើញនាងធ្វើអត្តឃាតដោយចងកនៅខាងក្រៅផ្ទះ កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី ៣០ ធ្នូ ២០១៦ កន្លងទៅនេះ។

លោក Tony Brazier បាននិយាយថា ឥឡូវនេះសាកសពរបស់ក្មេងស្រីរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ និងស៊ើបអង្កេតឧក្រិដ្ឋកម្មប្រចាំនៅតំបន់ Georgia ដើម្បីធ្វើកោសល្យវិច្ច័យ។

ប្រភពព័ត៌មានឲ្យដឹងថា ក្រុមប៉ូលិសនៅក្នុងតំបន់ Polk កំពុងធ្វើការស៊ើបអង្កេតទៅលើភស្តុតាងមួយចំនួន ដែលមានដូចជា ទូរស័ព្ទដៃ គណនី Facebook និងបណ្តាញសង្គមផ្សេងៗទៀតរបស់ Davis ដើម្បីឲ្យកាន់តែច្បាស់អំពីមូលហេតុដែលធ្វើឲ្យមានហេតុការណ៍មួយនេះកើតឡើង។ ប្រភពបន្ថែមទៀតថា ការស៊ើបអង្កេតកំពុងតែដំណើរការ ហើយការពិតនឹងត្រូវបានបង្ហាញក្នុងពេលឆាប់ៗនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]