(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៧ ខែមករានេះ ក្លឹបបឹងកេតអង្គរ បានជូនដំណឹងឲ្យគួរឲ្យភ្ញាក់ផ្អើលមួយ គឺការប្រកាសចែកផ្លូវជាមួយគ្រូបង្វឹកកម្រិត Pro-License លោក ប្រាក់ សុវណ្ណារ៉ា ស្របពេលអតីតគ្រូបង្វឹកក្រុមជម្រើសជាតិរូបនេះ កំពុងស្ថិតនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា(Hiroshima) ប្រទេសជប៉ុន ដើម្បីចូលរួមសន្និសិទកំពូលសម្រាប់គ្រូបាល់ទាត់ប្រចាំទ្វីបរយះពេល ៥ថ្ងៃនៅទីនោះ ។

យោងតាមការជូនដំណឹងលើទំព័រ Facebook ផ្លូវការរបស់ក្លឹបបានបញ្ជាក់ថា «គ្រប់ៗគ្នានៅក្លិបបឹងកេតអង្គរសូមអរគុណដល់លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ចំពោះការរួមចំណែកយ៉ាងសំខាន់ក្នុងជោគជ័យរបស់ក្លិបអំឡុងពេល ២រដូវកាលចុងក្រោយ ដោយយើងបានឈ្នះជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១៦ និងរងជើងឯកក្នុងពានរង្វាន់ Toyota Mekong Cup 2015 ដែលធ្វើឲ្យលោកគ្រូក្លាយជាគ្រូជោគជ័យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប» ។

ប៉ុន្តែក្លិប និងលោកគ្រូទទួលស្គាល់នូវលទ្ធផលមិនសូវសមប្រកបក្នុងរយ:ពេលចុងក្រោយនេះ ហើយជឿជាក់ថា ការចែកផ្លូវគ្នានេះធ្វើឡើងដើម្បីផលចំណេញជាអតិបរមាចំពោះភាគីទាំងសងខាង ។ ទន្ទឹមនឹងនេះដែរ ក្លិបសូមបញ្ជាក់ថាការចាកចេញរបស់លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ពុំមានបញ្ហាល្អក់កករអ្វីឡើយ ហើយបឹងកេតអង្គនៅតែមានការគោរព និងក្ដីស្រលាញ់ចំពោះលោកគ្រូជានិច្ច។

នេះគឺជាដំណឹងគួរឲ្យសោកស្ដាយមួយ ខណៈលោក ប្រាក់ សុវណ្ណារ៉ា ធ្លាប់ជួយបឹងកេតលើកពានលីគកំពូលកម្ពុជា ឆ្នាំ២០១៦ និងឈ្នះជើងឯករងពាន TOYOTA Mekong Cup 2015 ។

លើសពីនេះក្លឹបក៏កំពុងត្រៀមខ្លួនប្រកួតពានលីគកំពូលកម្ពុជា រដូវកាលថ្មី និងត្រៀមចូលរួមប្រកួតជម្រុះពានរង្វាន់ AFC Cup 2017 នាពេលឆាប់ៗខាងមុខផងដែរ ។ ប៉ុន្ដែក្លឹបមិនទាន់បញ្ជាក់ពីសញាណគ្រូបង្វឹកថ្មី ដើម្បីបន្ដដឹកនាំក្រុមមានប្រភពមកពីខេត្តកំពង់ចាមនេះនៅឡើយទេ៕

ប្រភព៖ Khmertalking

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ គួរឲ្យស្ដាយ! កីឡាករឆ្នើម វឌ្ឍនាកា និងអ្នកចាំទី ស៊ូ យ៉ាទី អត់មានឈ្មោះក្នុងបញ្ជីប្រមូលផ្តុំជម្រើសជាតិថ្មី

អ្នកគាំទ្រក្រុមគោព្រៃកម្ពុជា បានសម្ដែងការសោកស្ដាយ ក្រោយបានឃើញបញ្ជីឈ្មោះ ក្រុមជម្រើស ជាតិកម្ពុជា ត្រូវប្រមូលផ្ដុំត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិអារ៉ាប់រួម នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ខាងមុខ តែគ្មានវត្តមាន Idol របស់ពួកគេចំនួន ២រូប គឺខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា និងអ្នកចាំទីដៃស្អិត ស៊ូ យ៉ាទី។

យោងតាមបញ្ជីឈ្មោះថ្មី ដែលបង្ហោះលើ Page ទំនាក់ទំនងសង្គមរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) គឺមាន សមាជិកសរុប ២៤នាក់មកពី ៦ក្លឹប ដើម្បីធ្វើការប្រមូលផ្ដុំនៅថ្ងៃទី៥ ខែមករាស្អែកនេះ សម្រាប់ត្រៀមចេញទៅ ប្រកួត មិត្តភាពទល់នឹងក្រុមម្ចាស់ផ្ទះអារ៉ាប់រួមនាចុងសប្ដាហ៍ក្រោយ។ ប៉ុន្ដែគេពិតជាមានការភ្ញាក់ផ្អើល និងសោកស្ដាយជាខ្លាំង ដែលកីឡាករ ២រូបខាងលើមិនអាចរួមដំណើរ ក្នុងបេសកកម្មនេះបាន។

ជុំវិញការបង្ហាញបញ្ជីឈ្មោះកីឡាករ ដោយមិនទាន់ដឹងពីសមត្ថភាពថ្នាក់ដឹកនាំ ឬគ្រូបង្វឹកនេះ សហព័ន្ធក៏មិន បាន បង្ហាញពីមូលហេតុនៃការមិនកោះហៅ ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ដែរ។ ប៉ុន្ដែបើយោងតាមមូលហេតុជាក់ស្ដែង គឺដោយសារកីឡាករទាំងពីរ សុទ្ធតែមានរបួស អំឡុងពេលប្រកួតពានអន្ដរជាតិ នៅប្រទេសវៀតណាម កាលពីដើម ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ប្រកួតពាន Toyota Mekong Cup កាលពីសប្ដាហ៍មុន វឌ្ឍនាកា នៅតែលេងមិនទាន់បាន ខណៈ ស៊ូ យ៉ាទី ត្រូវបានបង្ខំចិត្ដលេងទាំងមានអារម្មណ៍ថាឈឺទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]