(កំពង់ធំ)៖ រថយន្តម៉ាក់ RAV4 ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2P-8441 បានជ្រុលចង្កូតទៅបុករថយន្តយីឌុបម៉ាក ហ៊ីនដាយ ពាក់ស្លាកលេខ កំពង់ធំ 3A-1500 ដឹកគ្រឿងសំណង់ដែលកំពុងចតចោលតាមចិញ្ចើមថ្នល់​ បណ្ដាលឲ្យអ្នកជិះទន្ទឹមតៃកុងម្នាក់បានស្លាប់ភា្លម ដោយមុតនឹងដែកថ្នាំងអំពៅ។​

ហេតុការណ៍គ្រោះចរាចរណ៍នេះ បានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧។

សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្តយីឌុបបានចតលើចិញ្ចើមផ្លួវទំនងជាខូច ឬឈប់សម្រាកមួយសន្ទុះ ស្រាប់តែរថយន្តម៉ាក RAV4 បើកចេញពីត្បូង​ទៅជើងក្នុងល្បឿនយ៉ាងលឿន ជ្រុលចង្កូតទៅបុកពីក្រោយរថយន្តដឹកគ្រឿងសំណង់ពេញទំហឹង បណ្តាលឲ្យដែកថ្នាំងអំពៅមុតធ្លាយទ្រូងខាងស្តាំ ចំនួន៣ដើម អ្នកជិះទន្ទឹមតៃកុងម្នាក់ស្លាប់ភ្លាមៗ គួរឱ្យអាណោចអធ័ម ប៉ុន្តែតៃកុងរថយន្ត RAV4 ត្រូវជាឪពុកមាបង្កើត និងម្នាក់ទៀតត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ ពុំមាននរណារងរបួសឡើយ។

លោក សន តាល់ អធិការងចរាចរស្រុកបារាយ៍ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះទី សៀងហុក អាយុ២៤ឆ្នាំ ឯតៃរថយន្តមានឈ្មោះ ឡុង ប៉ូឡែន អាយុ៣៦ឆ្នាំ ទីលំនៅក្រុងភ្នំពេញដូចគ្នា ចំណែកខាងរថយន្តដឹកគ្រឿងសំណង់បានគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្ន រថយន្តកើតហេតុទាំងពីរ ត្រូវបានកម្លាំងនគរបាលចរាចរស្រុកបារាយណ៍ អូសយកទៅរក្សាទុក ដើម្បីរងចាំការដោះស្រាយ នៅពេលក្រោយ។ រីឯសាកសពជនរងគ្រោះត្រូវបងប្អូន​ឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ Fresh News

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ៖ នាយករងរដ្ឋបាលសាលាខេត្តកោះកុង ជួបគ្រោះថ្នាក់ចរាចរងរបួសធ្ងន់ នៅស្រុកគិរីសាគរ

លោក សៅ ស៊ីនធួន នាយករងរដ្ឋបាលសាលាខេត្តកោះកុង ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ កន្លងទៅ ស្ថិតនៅលើដងផ្លូវវិថីសាយភូថង នៅចំណុចខាងត្បូង​ ផ្លូវបំបែកចូលទៅពយជប៉ុន ស្រុកគីរីសាគរ ខេត្តកោះកុង។

មន្ដ្រីនគរបាលចរាចរស្រុកបានឲ្យដឹងថា គ្រោះចរាចរណ៍ខាងលើនេះ គឺបណ្តាលមកពីរថយន្តម៉ាក LEXUS RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2J-9959 បែកកង់​មុខខាងឆ្វេង ក្នុងល្បឿនលឿនហើយក៏រេចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងមុខខ្ទេច និងអ្នកបើកបររងរបួសធ្ងន់​។ ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]