រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ខឹង​ថៅកែ​រោងចក្រ​រឿង​កុម្ម​ង់​ឲ្យ​ធ្វើ​ម៉ូ​ដ​ខោអាវ​ហើយ​ បែរជា​មិន​យក​តាម​ការ​កុម្ម​ង់ និង​ថែម​ទាំង​ព្យាយាម​គេច​មុខ​ទៀត លុះ​ពេល​បាន​ជួប​គ្នា​ក៏​បាន​សួរនាំ​ពី​រឿង​កុ​ម្ម់​ង​ម៉ូ​ដ​ខោអាវ និង​ការ​គេច​មុខ​នោះ បង្ក​ឱ្យ​មានការ​ទាស់​ពាក្យ​ សម្តី​គ្នា​តឹង​សរសៃ​ក ។

ខណៈនោះ ជនជាតិ​ចិន​រូប​នេះ​បាន​ចាប់​ក្របួច​ក​អាវ​ថៅកែ​រោងចក្រ​នោះ​បោក​ផ្ទប់​ទៅ​នឹង​ដី ព្រមទាំងរ​ត់ទៅ​យក​កាំបិតប៉័ងតោ​មក កាប់​ថែម​ទៀត ប៉ុន្តែ​សំណាងល្អ​ដោយ​ជន​រងគ្រោះ​ព្យាយាម​គេច​ទើប​គ្រាន់តែ​រង​របួសស្រាលប៉ុណ្ណោះ​។

ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី ល្ងាច​ថ្ងៃ​ទី​៥ ខែមករា នៅ​ក្នុង​ហាង​កាហ្វេ ធាន​ធាន ស្ថិត​នៅ​ក្នុង​បុរី​ញូ​វ​ថោ​ន ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ម៉ា វៃ​ម៉ា​ន់ អាយុ​៣០​ឆ្នាំ ជា​ថៅកែ​រោងចក្រ​កាត់ដេរ​មួយ ស្ថិត​នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ ខណ្ឌមានជ័យ និង​ស្នាក់​នៅ​ក្នុង​សង្កាត់​​អូរ​ឫស្សី​ទី​២ ខណ្ឌ​៧​មក​រា ។ចំណែក​ជនជាតិ​ចិន​នោះ​ឈ្មោះ ជាំ​ង ជី​ង​លុន ជា​អ្នក​នាំ​ខោអាវ​ចេញ​និង​ចូល​ក្នុង​រោងចក្រ ។

ប្រភព​ដដែល​បន្ត​ថា ថៅកែ​រោងចក្រ​ខាងលើ បាន​កុម្ម​ង់​ទិញ​ខោអាវ​ពី​ជនជាតិ​ចិន​រូប​នេះ ប៉ុន្តែ​មិនដឹង​ថា​ទិញ​ចំនួន​ប៉ុន្មាន​ឡើយ ហើយ​ក្រោយ​ពី​កុម្ម​ង់​រួច​បែរជា​មិន​ទិញ​ទៅ​វិញ ទើប​ធ្វើ​ឲ្យ​ជន​ដៃដល់​មាន​កំហឹង​និង​មាន​គំនុំ​នៅ​ក្នុង​ចិត្ត​រហូត​មក ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​មានការ​ប្រទូស្ត​រ៉ា​យ​គ្នា​នោះ ខណៈ​មានការ​ជ្រួលច្របល់ ជន​ដៃដល់​ក៏​បាន​ឡើង​ជិះ​រថយន្ត​បក្សពួក​របស់​ខ្លួន​រត់គេច​ទៅ​បាត់​ស្រមោល​តែ​ម្តង ដោយ​មិនដឹង​ថា​ទៅ​ពួន​សម្ងំ​លាក់ខ្លួន​នៅ​កន្លែង​ណា​ឡើយ ។

ដោយឡែក ជន​រង​គ្រោះជា​ថៅកែ​រោងចក្រ​បាន​ធ្វើ​ដំណើរ​ទៅ​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ដាក់​ពាក្យ​បណ្តឹងសុំ​ឲ្យ​ជួយ​អន្តរាគមន៍​តាម​ចាប់​ជន​ដៃដល់​នាំ​ទៅ​ធ្វើការ​សួរនាំ និង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ចាំ បុរសដើមឈើនេះអត់? ក្រោយទទួលការវះកាត់ ១៦ដង ឥឡូវស្អាតមើលសឹងតែមិនស្គាល់

បរទេស៖ បុរសជាឪពុកសញ្ជាតិបង់ក្លាដែសម្នាក់ ដែលមានរហស្សនាមថា "បុរសដើមឈើ" ដោយសារដៃជើងគ្របដណ្តប់ដោយសាច់ដុះដូចឫសឈើនោះ នឹងចេញពីមន្ទីរពេទ្យក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីបានទទួលការព្យាបាល សម្រាប់ជំងឺចម្លែកបំផុតក្នុងពិភពលោកមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន TheGuardian ។

លោក Abul Bajandar បានទទួលការវះកាត់យ៉ាងហោចណាស់ ១៦ ដង ដើម្បីកាត់យកដុំសាច់ដុះទម្ងន់ ៥ គីឡូក្រាមដែលចុះចេញពីដៃ និងជើងរបស់គាត់ តាំងពីពេលដែលស្ថានភាពជំងឺរបស់គាត់ បានដឹងទៅដល់វេជ្ជបណ្ឌិត កាលពីមួយឆ្នាំកន្លងទៅ។

ប្រភពព័ត៌មានបានឲ្យដឹងថា អតីតអ្នកអូសឆៃកែវ វ័យ ២៧ឆ្នាំរូបនេះ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៤ នាក់ក្នុងពិភពលោក ដែលកើតមានជំងឺចម្លែកមួយនេះ ជាភាសាបច្ចេកទេសហៅថា Epidermodysplasia Verruciformis។ វាជាប្រភេទជំងឺហ្សែនកម្របំផុត ដោយត្រូវគេហៅថា "ជំងឺមនុស្សដើមឈើ" ដែលបណ្តាលឱ្យគាត់គ្មានសមត្ថភាព សូម្បីបីកូនស្រីអាយុ៣ឆ្នាំរបស់គាត់បាន។ 

លោក Samanta Lal Sen អ្នកសម្របសម្រួលផ្នែកវះកាត់ប្លាស្ទិក នៅមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ Dhaka Medical College បាននិយាយថា "ការព្យាបាលជំងឺឱ្យ Bajandar គឺជាព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រវេជ្ជសាស្ត្រសុខាភិបាល"។

លោកបាននិយាយបន្ថែមថា "យើងបានធ្វើការវះកាត់លើគាត់យ៉ាងតិច ១៦ ដង ដើម្បីយកសាច់ដុះចេញ។ ដៃ និងជើងរបស់គាត់នៅពេលនេះ ស្ទើរជាសះស្បើយទាំងស្រុងទៅហើយ មិនតែប៉ុណ្ណោះថែមទាំងមានសាច់ឈាមជាងមុនទៀតផង។ ហើយគាត់នឹងចាកចេញពីមន្ទីរពេទ្យ ក្នុងរយៈពេល ៣០ថ្ងៃទៀត បន្ទាប់ពីការវះកាត់តូចៗប៉ុន្មានដងទៀត ដើម្បីធ្វើឱ្យដៃមានសភាពស្អាតបាតវិញ"។

លោក Samanta បានបញ្ជាក់ថា លោកជឿជាក់ថា លោក Abul Bajandar នឹងក្លាយទៅជាមនុស្សទី១ ដែលអាចជាសះស្បើយពីជំងឺដ៏កម្រមួយនេះ ហើយនឹងមិនដុះឡើងវិញនោះទេ។ ខណៈលោក Abul Bajandar បាននិយាយទាំងក្តីរំភើបថា “ខ្ញុំមិនដែលគិតថា ខ្ញុំអាចបីកូនស្រីនៅលើដៃរបស់ខ្ញុំ បានទៀតនោះទេ។ ឥឡូវនេះខ្ញុំមានអារម្មណ៍ប្រសើរជាងមុនច្រើនណាស់។ ខ្ញុំអាចបីកូនស្រីរបស់ខ្ញុំ ដាក់នៅលើភ្លៅ និងលេងជាមួយនាង។ ខ្ញុំពិតជាមិនអាចរង់ចាំការត្រឡប់ទៅផ្ទះរបស់ខ្ញុំវិញនោះទេ”៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]