រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​បាន​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​ទ្វារ​រថយន្ត និង​វាយ​កញ្ចក់​យក​កាបូប​ពី​ក្នុង​រថយន្ត​រួច​ជិះ​គេចខ្លួន​បាត់​ស្រមោល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣ និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​ផ្ទះ​យីហោ ដី​ហ្វូ​នខា​ផេ​ត លក់​កំរាលព្រំ​គ្រប់​ប្រភេទ ផ្លូ​លេខ​២៧១ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។

រថយន្ត​ដែល​ក្រុម​ជនសង្ស័យ​ឆ្កឹះ​សោ និង​វាយ​កញ្ចក់​យក​កាបូប​នោះ​ម៉ាក​ហា​យ​លែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2V-3960 ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​ឈ្មោះ ពៅ សម្បត្តិ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឯ​ស្សី​កែវ ចំណែក​សម្ភារៈ​ដែល​បាត់បង់​នៅ​ក្នុង​កាបូប​នោះ​មាន អាយ​ផេ​ត​(Ipad)១​គ្រឿង ទូរស័ព្ទ​អាយ​ហ្វូ​ន​ស៊ិ​ច​ផ្លើស​(Iphone 6 plus) ១​គ្រឿង កាត​បើកបរ​១​សន្លឹក អត្តសញ្ញាណប័ណ្ណ​១​សន្លឹក និង​ឯកសារ​មួយ​ចំនួន​ទៀត ។ រីឯ​មិត្តភក្តិ​ប្រុស​ស្រី​៣​នាក់​ទៀត​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ ជិះ​រថយន្ត​១​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ 2AK-7811 ។ ចំណែក​ជនសង្ស័យ​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ុ​យ​សា​គី​ស្មាស់ មិន​ចាំ​ពណ៌ មិន​ចាំ​ស្លាក​លេខ ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូបគេ និង​មិត្តភក្តិ​មាន​គ្នា​៤​នាក់ ជិះ​រថយន្ត​២​គ្រឿង មក​ឈប់​ចត​នៅ​មុខ​ផ្ទះ​កើតហេតុ ហើយ​បាន​នាំ​គ្នា​ទៅ​អង្គុយ​ផឹកស៊ី​នៅ​តាម​ចិញ្ចើម​ផ្លូវ​ចម្ងាយ​ពី​កន្លែង​ចត​រថយន្ត​ប្រមាណ​ជា​១០​ម៉ែត្រ​ដោយ​ទុក​កាបូប​នៅ​ក្នុង​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ហើយ​បាន​ចាក់សោ​ត្រឹមត្រូវ ។

បន្ទាប់​ពី​ផឹកស៊ី​ចប់ ជន​រង​គ្រោះ​បាន​ដើរទៅ​យក​កាបូប​លុយ​នៅ​ក្នុង​រថយន្ត ស្រាប់តែ​ឃើញ​ជនសង្ស័យ​មាន​៣​នាក់​កំពុង​តែ​ឆ្កិះ​សោ​ទ្វារ​រថយន្ត និង​វាយ​កញ្ចក់​យក​កាបូបស្ពាយ​ពី​ក្នុង​រថយន្ត​ជិះ​ម៉ូតូ​១​គ្រឿង​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​ទូរស័ព្ទ​អិន​ចុច​ពិល​១​គ្រឿង​នៅ​នឹង​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បានរ​ត់ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​៣​ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ហួសចិត្ត! និស្សិតប្រុសថ្នាក់អនុបណ្ឌិត គ្រាន់តែពិភាក្សាតទល់មតិមិនឈ្នះ គុំតាមហក់វាយមិត្តស្រីរួមថ្នាក់ ដួលនៅនឹងដី....

ចិន៖ សារព័ត៌មានសៀងហៃ បានចុះផ្សាយនាព្រឹកថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០១៧ នេះថា និស្សិតប្រុសសិក្សាថ្នាក់អនុបណ្ឌិតម្នាក់ បានជះកំហឹងចងជាគំនុំ តាមវាយធ្វើបាបមិត្តស្រីរួមថ្នាក់ របស់ខ្លួនម្នាក់យ៉ាងដំណំ ដោយសារតែហេតុផល រឿងជជែកពិភាក្សាតស៊ូមតិ ។

បើតាមប្រភព បានឲ្យដឹងថា និស្សិតប្រុសសិក្សាថ្នាក់អនុបណ្ឌិត មិនបង្ហាញអត្តសញ្ញាណខាងលើនេះ សិក្សានៅសាកលវិទ្យាល័យ Shanghai University of Sport ដែលមានទីតាំងស្ថិតនៅក្នុងស្រុក Yangpu ទីក្រុងសៀងហៃ ប្រទេសចិន ត្រូវបានដឹងថា វាយធ្វើបាបមិត្តស្រីរួមថ្នាក់ម្នាក់ នៅបរិវេណខាងក្រៅសាលា ដោយរូបគេបានព្យាយាម ដើរចូលកៀកនារីរងគ្រោះ ដើម្បីវាយធ្វើបាប បន្ទាប់ពីនិស្សិតប្រុសរូបនេះ ខឹងនឹងនារីរងគ្រោះ រឿងសួរដេញដោលតស៊ូមតិ ឬហៅថា «Debate» ចំពោះទស្សនៈដែលនិស្សិតប្រុសជាជនដៃដល់នេះបានលើកឡើង ជាហេតុធ្វើឲ្យរូបគេខ្មាសមិត្តរួមថ្នាក់ជាច្រើន។

ផ្ទុយទៅវិញ ដោយមិនចង់ចំណាយពេល ឈ្លោះគ្នាតាមរយៈពាក្យសម្តី និស្សិតប្រុសរូបនេះ ជ្រើសរើសយកហិង្សាវាយទាត់ធាក់ ទៅលើនារីរងគ្រោះតែម្តង។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប ដែលទើបតែត្រូវបានបែកធ្លាយ បង្ហោះចែកចាយនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមចិន កាលពីម្សិលមិញនេះ (ថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៧) ដែលត្រូវបានថតជាប់ដោយកាម៉េរាសុវត្ថិភាព គេឃើញយ៉ាងច្បាស់ថា ជនដៃដល់ខាងលើនេះ បានប្រើកម្លាំងដៃ ទះក្បាលនារីរងគ្រោះផ្នែកខាងក្រោយ រហូតដួលទៅនឹងដី ខ្ទាតទៅផ្នែកម្ខាងទៀតផងដែរ។ ក្រោយមកគេឃើញទៀតថា ជនដៃដល់ថែមទាំងបាន លើកជើងលោតធាក់នារីរងគ្រោះ យ៉ាងដំណំថែមទៀតផង។

ជាមួយគ្នានេះដែរ បើតាមការឆ្លើយតបពីខាងសាកលវិទ្យាល័យ ដោយភ្ជាប់មកនូវសេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា ក្រោយពេលកើតហេតុ នារីរងគ្រោះក៏ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យផងដែរ។ ប៉ុន្តែពុំរកឃើញថា ទទួលរងរបួសធ្ងន់ធ្ងរ ពីការវាយប្រហារពីសំណាក់ជនដៃដល់ឡើយ។

ប្រភពដដែលបានដឹងទៀតដែរថា ក្រោយមកជនដៃដល់ ដែលជានិស្សិតប្រុសថ្នាក់អនុបណ្ឌិតនោះ ក៏បានចូលខ្លួនទៅសួរសុខទុក្ខ នារីគ្រោះដល់មន្ទីរពេទ្យ ដើម្បីធ្វើការសុំទោសនាងផងដែរ។

សាកលវិទ្យាល័យ បានបន្ថែមទៀតដែរថា ទោះបីជាយ៉ាងណាក្តី រឿងក្តីមួយនេះក៏នឹងត្រូវដោះស្រាយ ទៅតាមបទបញ្ញត្តិរបស់សាលាផងដែរ បន្ទាប់ពីធ្វើការស៊ើបអង្កេត រួចរាល់លើករណីនេះ។

គួរឲ្យដឹងដែរថា បន្ទាប់ពីវីដេអូឃ្លីបមួយនេះ ត្រូវបានបែកធ្លាយមក អ្នកនិយមលេងបណ្តាញសង្គមជាច្រើន ជះកំហឹងរិះគន់ ចំពោះទង្វើអសីលធម៌ របស់និស្សិតប្រុសថ្នាក់អនុបណ្ឌិតនេះ យ៉ាងខ្លាំងៗផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]