ខេត្ត​ប៉ៃលិន ៖ រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​១​គ្រឿង​បើក​យ៉ាង​លឿន ខណៈ​ដល់​ផ្លូវ​កោង​បួង​ចង្កូត​មិន​ទាន់​ស្រាប់តែ​ជ្រុល​ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត​យ៉ាង​ពេញទំហឹង​លាន់​ដូច​រន្ទះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី រសៀល​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៧ នៅ​លើ​បណ្ដោយ​ផ្លូវជាតិ​លេខ​៥៧ ចំណុច​មុខ​សាលា​បឋម​សិក្សា​អូ​រអិល ស្ថិត​ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

បើ​តាម​ស​ក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ សួន សុផល ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​ស្ទឹ ង​កាច់ ស្រុក​សាលា​ក្រៅ បាន​បើកបរ​ដោយ​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​ទៅ​ដល់​ចំណុច​ផ្លូវ​កោង​ក៏​បួង​ចង្កូត​មិន​ទាន់ បណ្តាល​ឱ្យ​ជ្រុល​ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត ម៉ាក ISUZU ដែល​កំពុង​បើ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឱ្យ​បុរស​ម្នាក់​ដែល​អង្គុយ​ក្នុង​កាប៊ី​ន​រថយន្ត​រង​របួសធ្ងន់ ដោយ​បែក​មុខ បែក​មាត់ និង​ត្រូវ​ចំ​ភ្នែក​ឆ្វេង បាក់ដៃ​ឆ្វេង ហើយ​បាន​ស្លាប់​នៅ​ពេល​ដែល​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​តាម​រថយន្ត​១​គ្រឿង​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ឈ្មោះ អ៊ុ​ក សុខ​ឃឿ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​កម្មករ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ជា​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត ISUZU ពណ៌​ត្រាវ ពាក់​ស្លាក​លេខ ប៉ៃលិន 2A-0648 ដែល​បើកបរ​ដោយ​ឈ្មោះ ឆាន ប៉ុន​ធឿ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​ជន​រង​គ្រោះ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ភាគី​ទាំង​សងខាង​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងវិញទៀត៖ សាហាវ ប្លន់ទូរស័ព្ទ iPhone 7 និងចាក់សម្លាប់ស្ដែងៗ កណ្ដាលផ្លូវ

ហេតុការណ៍ដ៏រន្ធត់ក្នុងអំពើប្លន់ទូរស័ព្ទដៃម៉ាក iPhone ដែលបានឆក់យកជីវិតបុរសវ័យក្មេង Wasin Leungjam វ័យ២៦ឆ្នាំ កាលពីថ្ងៃពុធកន្លងទៅនេះ ត្រូវបានឲ្យដឹងថា នាពេលនេះប៉ូលិសបានចាប់ខ្លួនជនដៃដល់ម្នាក់ ក្នុងចំណោម២នាក់នេះបានហើយ។

តាមប្រភពព័ត៌មានពីប្រទេសថៃបានឲ្យដឹងថា ប៉ូលិសបានចាប់ខ្លួនជនដៃដល់ឈ្មោះ Kittikorn Wigaha អាយុ ២៦ឆ្នាំ នៅក្នុងភូមិ Pak Kret នៃទីក្រុង Nonthaburi កាលពីយប់មិញនេះ ដែលជននេះមានស្នាមសាក់នៅលើខ្នង ដែលដូចនឹងស្នាមសាក់ជនដៃដល់នៅក្នុងវីដេអូដែលថតជាប់ ក្នុងហេតុការណ៍នោះ ខណៈដែលស្បែកជើងរបស់ជននេះ ក៏នៅមានស្នាមប្រឡាក់ឈាមនៅឡើយ។

យោងទៅតាមសម្ដីប៉ូលិស បានឲ្យដឹងបន្ថែមថា ជនល្មើស Kittikorn Wigaha បានសារភាពចំពោះបទឧក្រិដ្ឋនេះ ដែលរូបគេបានគម្រាមគំហែងជនរងគ្រោះ នឹងកាំបិត ដោយបង្ខំឲ្យប្រគល់ទូរស័ព្ទដៃម៉ាក iPhone 7។ នៅក្នុងហេតុការណ៍នោះ រូបគេបានយកកាំបិតទៅភ្ជង់នឹងក ជនរងគ្រោះ តែគ្មានចេតនាសម្លាប់នោះទេ ប៉ុន្ដែដោយសារតែជនរងគ្រោះ វាយបកមិនព្រមប្រគល់ ទើបមានរឿងនេះកើតឡើងតែម្ដង។

នៅក្នុងនោះជនល្មើសបានប្រាប់ប៉ូលិសឲ្យដឹងទៀតថា រូបគេនិងបក្សពួក បានបន្ដសកម្មភាពឆក់ផងដែរ នៅក្នុងយប់កើតហេតុនោះ។ ដូចជា ពួកគេបានព្យាយាមលួចកាបូបពីនារីម្នាក់ តែមិនបានសម្រេច មុននឹងសម្លាប់ជនរងគ្រោះ (ករណីប្លន់ទូរស័ព្ទនេះ) ហើយក្រោយពីប្លន់នេះ ពួកគេបានទៅប្លន់ ជនរងគ្រោះ២នាក់ផ្សេងទៀត ដោយបានទូរស័ព្ទដៃម៉ាក iPhone 5 និងប្រាក់ ៥ ០០០ បាត ប្រហែលជាជាងមួយរយដុល្លារ។

ជនល្មើសបន្ដថា រូបគេជាអ្នកលក់ផ្លែឈើ និងបានសម្រេចចិត្ដប្រព្រឹត្ដិរឿងឧក្រិដ្ឋកម្មនេះ ដោយសារតែរូបគេគ្មានប្រាក់គ្រប់គ្រាន់ ពីការលក់ផ្លែឈើ ទៅសងបំណុលគេ។

គួរបញ្ជាក់ថា ជនល្មើសនេះធ្លាប់ជាប់គុក ៨ដងមកហើយតាំងពីអាយុ ១៣ឆ្នាំ និងទើបតែដោះលែង កាលពីថ្ងៃទី១៣ ធ្នូ មុននេះ នេះបើតាមសម្ដីប៉ូលិសបានលើកឡើង។

សូមទស្សនាវីដេអូ ដែលបង្ហាញពីសកម្មភាពជនដៃដល់នេះ ប្លន់ទូរស័ព្ទដៃម៉ាក iPhone 7 និងចាក់សម្លាប់បុរសរងគ្រោះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]