គេហទំព័រ Forbes បានធ្វើការចាត់ថ្នាក់ ម៉ាកប្រ៊េនទាំង១០ (Top 10 Brands) ដែលមានតម្លៃបំផុតនៅលើពិភពលោក។ ហេតុនេះ ចង់ដឹងទេថា តើមានប្រ៊េនណាខ្លះ ដែលត្រូវបាន គេចាត់ទុកថាមានតម្លៃបំផុត របស់ពិភពលោក? តោះទៅតាមដានទាំងអស់គ្នា!

១០. ក្រុមហ៊ុន General Electric

(មានតម្លៃស្មើនឹង ៣៦.៧ ពាន់លានដុល្លារ)

ក្រុមហ៊ុន General Electric (ឬតែងតែត្រូវបានគេស្គាល់ថា GE) គឺជាក្រុមហ៊ុនសាជីវកម្ម ចម្រុះជាតិសាសន៍ របស់អាមេរិក ដែលមានការិយាល័យកណ្តាលនៅឯទីក្រុង Boston រដ្ឋ Massachusetts ។ មកទល់នឹងឆ្នាំ ២០១៦ នេះ ក្រុមហ៊ុននេះធ្វើប្រតិបត្តិការលើប្រព័ន្ធ ភ្លើងនិងទឹក ប្រេងនិងហ្គាស ហើយថែមទាំងដំណើរការ វិស័យអាកាសចរ វិស័យសុខភាព វិស័យដឹកជញ្ជូន វិស័យហិរញ្ញវត្ថុ និងវិស័យជាច្រើនផ្សេងទៀត។ ជាពិសេស បុគ្គលិកក្រុមហ៊ុន GE ចំនួន ២ រូបឈ្មោះ Irving Langmuir និង Ivar Giaever ធ្លាប់បានទទួលពាន់រង្វាន់ណូបែល ដ៏អស្ចារ្យ ថែមទៀតផង។ 

៩. ក្រុមហ៊ុន McDonald's

(មានតម្លៃស្មើនឹង ៣៩.១ ពាន់លានដុល្លារ)

ក្រុមហ៊ុន McDonald's គឺជាក្រុមហ៊ុន ដំណើរការភោជនីយដ្ឋាន លក់ហាំបឺហ្គឺរ និងអាហារ Fast food ដទៃទៀត របស់អាមេរិក។ McDonald's ត្រូវបានបង្កើតឡើង តាំងពីឆ្នាំ ១៩៤០ ដោយលោក Richard និង Maurice McDonald ដែលពីដំបូងគ្រាន់តែជាហាងលក់សាច់អាំងប៉ុណ្ណោះ។ សព្វថ្ងៃនេះ McDonald's គឺជាភោជនីយដ្ឋានឈានមុខគេ របស់ពិភពលោក ដោយបម្រើអតិថិជនប្រមាណ ៦៨ លាននាក់ជារៀងរាល់ថ្ងៃ ចំនួន ១១៩ ប្រទេស នៅទូទាំង ៣៦,៦១៥ សាខា។ 

៨. ក្រុមហ៊ុន Walt Disney

(មានតម្លៃស្មើនឹង ៣៩.៥ ពាន់លានដុល្លារ)

ក្រុមហ៊ុន Walt Disney (ឬត្រូវបានគេស្គាល់ជាទូទៅថា Disney) គឺជាក្រុមហ៊ុន ផ្សព្វផ្សាយ និងកំសាន្តចម្រុះខា្នតធំ ដែលមានការិយាល័យកណ្តាលនៅ Walt Disney Studios ទីក្រុង Burbank រដ្ឋកាលីហ្វញ៉ា។ ក្រុមហ៊ុន Walt Disney ត្រូវបានបង្កើតឡើងដោយបងប្អូនប្រុសពីរនាក់គឺ Walt Disney និង Roy O កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ១៩២៣ មកម្ល៉េះ។ Walt Disney គឺជាក្រុមហ៊ុនផ្សព្វផ្សាយ និងកម្សាន្តខ្នាតធំ ដែលទទួលបានចំណូលច្រើនលំដាប់ទីពីរ បន្ទាប់ពី Comcast ។ 

៧. ក្រុមហ៊ុន IBM

(មានតម្លៃស្មើនឹង ៤១.៤ ពាន់លានដុល្លារ)

ក្រុមហ៊ុនសាជីវកម្ម International Business Machines (ឬត្រូវបានគេហៅជាទូទៅថា IBM) គឺជាក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិសាសន៍របស់អាមេរិក ដែលមានការិយាល័យកណ្តាលនៅ Armonk ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ក្រុមហ៊ុន IBM ដំណើរការនៅជាង ១៧០ ប្រទេស និងធ្វើការផលិត និងកំណត់ទីផ្សារផលិតផលកុំព្យូរទ័រដូចជា hardware,  middleware និង software ហើយថែមទាំងផ្តល់ជូនសេវាកម្មប្រឹក្សា គ្រប់ប្រភេទកុំព្យូទ័រផងដែរ។ ផលិតផលបង្កើតថ្មីរបស់ IBM មានតាំងពី ម៉ាស៊ីន ATM ម៉ាស៊ីនឆូតកាត ក្បាល hard disk ភាសាសរសេរកម្មវិធី SQL -ល-។ 

៦. ក្រុមហ៊ុន Toyota

(មានតម្លៃស្មើនឹង ៤២.១ ពាន់លានដុល្លារ)

ក្រុមហ៊ុនសាជីវកម្ម Toyota Motor គឺជាក្រុមហ៊ុន ផលិតរថយន្តរបស់ជប៉ុន ដែលមានការិយាល័យកណ្តាលនៅតំបន់ Aichi ប្រទេសជប៉ុន។ Toyota ត្រូវបានបង្កើតឡើងដោយ Kiichiro Toyoda កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ១៩៣៧ (៧៩ ឆ្នាំមុន)។ កាលពីខែកុម្ភៈ ឆ្នាំ ២០១៦ កន្លងទៅនេះ ក្រុមហ៊ុន Toyota គឺជាក្រុមហ៊ុនដែលរកចំណូលបានច្រើន លំដាប់ទី ១៣ របស់ពិភពលោកថែមទៀតផង។ វាគឺជាក្រុមហ៊ុនផលិតរថយន្ត ដំបូងគេបង្អស់ ដែលផលិតបានរថយន្តប្រមាណជាជាង ១០ លានគ្រឿង ក្នុងមួយឆ្នាំៗ។ សូម្បីតែទីផ្សាររថយន្តប្រភេទ Hybrid ក៏ Toyota នាំមុខគេបង្អស់ដែរ (ឧទាហរណ៍ រថយន្តមូដែល Prius)។ 

៥. ក្រុមហ៊ុន Facebook

(មានតម្លៃស្មើនឹង ៥២.៦ ពាន់លានដុល្លារ)

Facebook គឺជាក្រុមហ៊ុនសាជីវកម្ម ស្វែងរកប្រាក់ចំណូល និងជាបណ្តាញសង្គម មានសេវាប្រព័ន្ធផ្សព្វផ្សាយថែមទៀតផង មានទីតាំងធំ នៅឯទីក្រុង Menlo Park រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។ គេហទំព័រ Facebook ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០០៤ ដោយលោក Mark Zuckerberg រួមជាមួយនឹងមិត្ត និស្សិតសិក្សានៅមហាវិទ្យាល័យ Harvard និងមិត្តរួមបន្ទប់របស់ខ្លួនដូចជាលោក Eduardo Saverin លោក Andrew McCollum លោក Dustin Moskovitz និងលោក Chris Hughes ។ បើគិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៦ បណ្តាញសង្គម Facebook មានគណនីអ្នកប្រើប្រាស់សកម្មជាង ១.៦៥ ពាន់លាននាក់ឯណោះ។ 

៤. ក្រុមហ៊ុន Coca-Cola

(មានតម្លៃស្មើនឹង ៥៨.៥ ពាន់លានដុល្លារ)

ក្រុមហ៊ុន Coca-Cola (ឬគេតែងនិយាយយ៉ាងខ្លីថា Coke) គឺជាក្រុមហ៊ុនផលិត ភេសជ្ជៈបែបសូដា របស់អាមេរិក ដែលមានការិយាល័យកណ្តាលនៅឯ Georgia សហរដ្ឋអាមេរិក។ វាជាសាជីវកម្មចម្រុះជាតិសាសន៍ ជាក្រុមហ៊ុនផលិត ជាអ្នកលក់ដុំនិងរាយ ហើយថែមទាំងជាអ្នកកំណត់ទីផ្សាររបស់ភេសជ្ជៈ មិនមែនគ្រឿងស្រវឹងថែមទៀតផង។ ក្រុមហ៊ុន Coca-Cola ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៨៨៦ ខែឧសភា ដោយឱសថការីម្នាក់ឈ្មោះ John Stith Pemberton ។ 

៣. ក្រុមហ៊ុន Microsoft

(មានតម្លៃស្មើនឹង ៧៥.២ ពាន់លានដុល្លារ)

ក្រុមហ៊ុន Microsoft គឺជាក្រុមហ៊ុន បច្ចេកវិទ្យា ពហុជាតិសាសន៍របស់អាមេរិកមួយ ដែលមានទីស្នាក់ការនៅទីក្រុង Redmond រដ្ឋវ៉ាស៊ីនតោន។ មនុស្សជាច្រើន ប្រាកដជាស្គាល់កម្មវិធី Software ដ៏ល្បីបំផុតមួយចំនួនរួមមកហើយ ដែលមានដូចជា Microsoft Windows និងកម្មវិធី Microsoft Office ជាដើម។ ក្រុមហ៊ុននេះ បង្កើតឡើងដោយលោក Bill Gates និង Paul Allen កាលពីខែមេសា ឆ្នាំ ១៩៧៥។ តាំងតែពីឆ្នាំ ២០១១ មក ក្រុមហ៊ុន Microsoft មិនត្រឹមតែជាប្រ៊េនក្រុមហ៊ុន ដែលស្ថិតក្នុងចំណោមក្រុមហ៊ុន ដ៏មានតម្លៃបំផុតប៉ុណ្ណោះទេ វាថែមទាំងជាក្រុមហ៊ុនបង្កើត Software កុំព្យូរទ័រឈានមុខគេបង្អស់របស់ពិភពលោកទៀតផង។ 

២. ក្រុមហ៊ុន Google

(មានតម្លៃស្មើនឹង ៨២.៥ ពាន់លានដុល្លារ)

ក្រុមហ៊ុន Google ជាក្រុមហ៊ុនមានឯកទេសខាងបច្ចេកវិទ្យាពហុជាតិសាសន៍ របស់អាមេរិក ពាក់ព័ន្ធទៅនឹង ផលិតផលនិងសេវាកម្មអ៊ិនធឺណេត ដែលរួមបញ្ចូលទាំងបច្ចេកវិទ្យា ការផ្សព្វផ្សាយពាណិជ្ជកម្មលើបណ្តាញ ស្វែងរកព័ត៌មាន cloud computing និងកម្មវិធី software ឬ hardware ផ្សេងទៀត។ ក្រុមហ៊ុន Google ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ដោយលោក Larry Page និង Sergey Brin ដែលជាពេលពួកគាត់កំពុងសិក្សាថ្នាក់បណ្ឌិត នៅឯសាកលវិទ្យាល័យ Standford ។ ជាពិសេស ចំណាត់ថ្នាក់ទី ២ របស់ Google ជាក្រុមហ៊ុន ដែលមានតម្លៃខ្ពស់ជាងគេនេះ គឺមានរយៈពេល ៤ ឆ្នាំជាប់ៗគ្នាមកហើយ។ 

១. ក្រុមហ៊ុន Apple

(មានតម្លៃស្មើនឹង ១៥៤.១ ពាន់លានដុល្លារ)

ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនពហុបច្ចេកវិទ្យា របស់អាមេរិក ដែលមានទីតាំងធំនៅទីក្រុង Cupertino រដ្ឋ California ។ ក្រុមហ៊ុននេះផលិត រៀបចំ និងលក់ឧបករណ៍អេឡិចត្រូនិច ដែលមានដូចជា iPhone iPad iPod Mac Apple Watch Apple TV -ល-។ Apple ត្រូវបានបង្កើតឡើងដោយលោក Steve Jobs និង Steve Wozniak និង Ronald Wayne កាលពីខែមេសា ឆ្នាំ ១៩៧៦ មកម្ល៉េះ ក្នុងគោលបំណងលក់កុំព្យូទ័រ និងអភិវឌ្ឍន៍ប្រព័ន្ធដំណើរការ។ មនុស្សជាង ១ ពាន់លាននាក់ កំពុងតែប្រើប្រាស់ផលិតផល Apple ជាប្រចាំ ជុំវិញពិភពលោក បើគិតត្រឹមខែមីនា ឆ្នាំ ២០១៦។ មិនត្រឹមតែប៉ុណ្ណោះ Apple គឺជា ក្រុមហ៊ុនបច្ចេកវិទ្យាដែលរកចំណូលបានច្រើនជាងគេ និងមានទ្រព្យសកម្មច្រើនជាងគេទៀតផង៕ 

ប្រភព៖ Forbes | Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]