ភ្នំពេញ៖ បន្ទាប់ពីស្រីស្អាតវ័យក្មេង ញញឹមស្រស់ ទឹកដមសម្លេងផ្អែមពិរោះរណ្តំ អង្រួនចិត្តអ្នកស្តាប់ ឈិន ម៉ានិច្ច វ័យ២២ឆ្នាំ មកពីខេត្តកំពង់ស្ពឺ បានក្លាយខ្លួន ជាម្ចាស់ជ័យលាភីលើកពាន ក្នុងកម្មវិធីប្រកួតប្រជែងសមត្ថភាពចម្រៀង លំដាប់ថ្នាក់ពិភលោក Cambodia Idol រដូវការទី២ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ កាលអំឡុងពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះ គេសង្កេតឃើញថា ប្រជាប្រិយភាពចំពោះការគាំទ្រ មកលើរូបនាង កាន់តែមានការកើនឡើងទ្វេដង គួរឲ្យកត់សម្គាល់។

អ្វីដែលពិសេស ជាងនេះទៅទៀតនោះ មិនទាន់បានប៉ុន្មានផង តារាចម្រៀងស្រីវ័យក្មេង កុងត្រាប្រចាំផលិកកម្ម រស្មីហង្សមាស ដែលមានទឹកដមសម្លេងពិរោះរណ្តំរូបនេះ ក៏បានលេចចេញនូវបទចម្រៀងភ្លាមៗ ជាលើកដំបូងក្រោយលើកពាន ដើម្បីស្វាគមន៍ដើមឆ្នាំ២០១៧ នេះផងដែរ។

បទថ្មីជាលើកដំបូងរបស់ កញ្ញ ឈិន ម៉ានិច្ច ក្នុងផលិតកម្ម រស្មីហង្សមាស នេះ មានចំណងជើងថា «នារីក្នុងសុបិនបងជានរណា?» ដែលកំពុងតែទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅជាច្រើន ជាពិសេសស្រទាប់យុវវ័យតែម្តង។ រហូតមានយុវជនយុវតីមួយចំនួនធំ នៅលើបណ្តាញសង្គម យកចំណងជើងបទចម្រៀងមួយបទនេះ «នារីក្នុងសុបិនបងជានរណា?» ទៅដ្រាមម៉ា (Drama) សរសេរបង្ហោះនៅលើគណនី Profile ហ្វេសប៊ុករបស់ខ្លួនជាច្រើនហូរហែ ក្នុងន័យផ្តោះផ្តងស្នេហាទៅមក ទៅកាន់មនុស្សដែលពួកគេស្រលាញ់ផងដែរ។

វាហាក់បីដូចជាពាក្យថ្មីមួយ សម្រាប់ដើមឆ្នាំ២០១៧នេះ ដែលកំពុងតែទទួលបានការពេញនិយម និងគាំទ្រច្រើន ពីសំណាក់យុវវ័យយើង ជាមួយនឹងបទចម្រៀងមួយបទនេះរបស់កញ្ញា ឈិន ម៉ានិច្ច ផងដែរ៕

តោះចង់ដឹងថា ការបកស្រាយចម្រៀងមួយបទនេះរបស់ កញ្ញា ឈិន ម៉ានិច្ច ពិរោះរណ្តំយ៉ាងណានោះ ស្តាប់សំនៀងរបស់កញ្ញា ខាងក្រោមនេះទាំងអស់គ្នា៖ 

ចំណាប់អារម្មណ៍ខ្មែរឡូត៖

បេក្ខនារី ឈិន ម៉ានិច្ច បរាជ័យក្នុងកម្មវិធី The Voice ទីបំផុត ក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី២នេះ! (មានវីដេអូ)

ក្រោយឆ្លងកាត់ការប្រឡងយ៉ាងស្វិតស្វាញ អស់រយៈពេលជាច្រើនសប្តាហ៍កន្លងទៅ ទីបំផុតកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោកដ៏ល្បីល្បាញ Cambodian Idol បានរកឃើញម្ចាស់ជ័យលាភីហើយ កាលពីរាត្រីថ្ងៃទី២៥ខែធ្នូ យប់មិញនេះ ដែលត្រូវជាថ្ងៃ បុណ្យ Christmas ឬ ថ្ងៃបុណ្យណូអែលប្រចាំឆ្នាំ២០១៦ ផងដែរ។

ក្នុងនោះ បេក្ខនារី ឈិន ម៉ានិច្ច មកពីខេត្តកំពង់ស្ពឺ ដែលធ្លាប់បានបរាជ័យក្នុងការប្រឡងកម្មវិធី The Voice Cambodia រដូវកាលទី២ម្តងរួចមកហើយ បានក្លាយជាម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលទី២នេះ បន្ទាប់ពីបានទទួលនូវសម្លេងសារបោះឆ្នោតគាំទ្រច្រើនជាងគេពីទស្សនិកជន ទូទាំងប្រទេស ឈ្នះផ្តាច់បេក្ខជន នួន សុធារ័ក្ស មកពីខេត្តពោធិ៍សាត់ និងបេក្ខនារី ហ៊ិន លីដា មកពីខេត្តកំពង់ឆ្នាំង ដែលជា Top 3 កំពូលៗនៅក្នុងវគ្គផ្តាច់ព្រ័ត្រដូចគ្នា។

បេក្ខនារី ឈិន ម៉ានិច្ច ទទួលបាននូវទឹកប្រាក់ជ័យលាភីសរុបទាំងអស់ចំនួន ១៥០ លានរៀល ដោយកម្មវិធីបានប្រគល់ជូន១០០លានរៀល និងបានមកពីក្រុមហ៊ុននានាឧបត្ថម្ភចំនួន៥០លានរៀលទៀត ដែលជាចំនួនមួយដ៏ច្រើនលើសម្ចាស់ពាន Cambodian Idol កាលពីរដូវកាលទី១លោក នី រតនា។

បន្ទាប់ពីទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ នឹកស្មានមិនដល់នេះ បេក្ខនារី ឈិន ម៉ានិច្ច បានសម្តែងចេញនូវភាពត្រេកអរឥតឧបមា រហូតដល់សម្រក់ទឹកភ្នែកនៅពេលប្រកាសលទ្ធផលផងដែរ ព្រោះមិននឹកស្មានថាខ្លួនអាចឈានមកតំណែងជាម្ចាស់ជ័យលាភីបាន នៅក្នុងកម្មវិធីដ៏អស្ចារ្យនេះបានឡើយ ស្របពេលដែល សុទ្ធតែជាជើងខ្លាំងពោរពេញ ទៅដោយសមត្ថភាពនៅក្នុងការច្រៀង។

គួរឱ្យដឹងផងដែរថា នារាត្រីដ៏អស្ចារ្យដែលជាវគ្គផ្តាច់ព្រ័ត្រ កាលពីយប់មិញប្រារព្ធធ្វើឡើងនៅផ្សារទំនើប អ៊ីអនម៉លជាន់ទី៤ ក៏មានការចូលរួមពីសំណាក់សិល្បករ-សិល្បការិនី ជើងចាស់ល្បីៗ មកចូលរួមលើកទឹកចិត្ត និងអបអរសាទរផងដែរ ដែលរួមមានដូចជា លោក ណយ វ៉ាន់ណេត លោក ហម ឆរ៉ា អ្នកស្រី ប៉ែន សុផានី អ្នកស្រី ហ៊ឹម ស៊ីវន តារាកំប្លែង នាយក្រឹម អ្នកមីង យ៉យ អ្នកមីងអឿន និងអ្នកនាងគ្រតជាដើម។

មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានចូលរួមអបអរសាទរដល់បេក្ខនារីម្ចាស់ជ័យលាភី កញ្ញា ឈិន ម៉ានិច្ចផងដែរ៕

តោះទៅទស្សនាវីដេអូការផ្សាយទាំងស្រុងក្នុងកម្មវិធីប្រឡងចម្រៀងដ៏ល្បី Cambodia Idol កាលពីរដូវកាលទី២ កាលពីយប់មិញទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ម៉ានិច្ច