(ភ្នំពេញ)៖ ហាក់ជាចេតនាផ្លែផ្កា លើភាគីជម្លោះក្នុងករណីស្នេហាត្រីកោណ ជ្រែកស្នេហ៍ពង្រាងស្វាមីលោក សុវណ្ណ មករា ចេញពីបេះដូង ខណៈដែលអតីតពិធីការិនីកូនពីរ អ្នកនាង ឈិន ច័ន្ទសុធារី មុននេះបន្តិច បានចេញសារមួយរបៀបសង្គ្រាមត្រជាក់ ដើម្បីបញ្ចើច​បញ្ចើរឲ្យស្រ្តីមា្នក់ ដែលនាងគិតថា មានចេតនាដណ្តើមស្វាមីពីខ្លួន។

តារាស្រីដែលតែងបញ្ចេញពីភាពឈឺចាប់ ខណៈចោទថាប្តីមានស្រីកំណាន់ រហូតពេលខ្លះធ្វើឲ្យនាង រស់ពិបាកជាងស្លាប់ អ្នកនាង ឈិន ច័ន្ទសុធារី បានសរសេរ កាលពីប៉ុន្មានម៉ោងមុននេះថា «ការយល់ច្រឡំ រិតតែកើតឡើង ព្រោះតែម្ខាងពូកែនិយាយ និងគិតច្រើន។ កុំចង់ឈ្នះមនុស្សដែល​តាំង​ខ្លួនថា ត្រូវរហូត អ្នកគ្មានចំណេញអ្វី ក្រៅពីខាតពេល និងហត់ចិត្តនោះទេ!»។

អ្នកនាង ឈិន ច័ន្ទសុធារី បានបញ្ជាក់បន្ថែមថា «ធ្វើល្អឲ្យគេចងចាំប្រសើរ ជាងសាងកម្មឲ្យគេឈឺចាប់។ បើមានរឿង១០០ឲ្យខ្ញុំយំ អ្នកត្រូវប្រាប់ខ្លួន​ឯងថា អ្នកមានហេតុផល១០០០សម្រាប់ញញឹម រួចបន្តដំណើរទៅមុខទៀត ពាក្យថាទ្រាំ គឺជាពាក្យដែលខ្ញុំតែងតែប្រាប់ខ្លួនឯង ពេលដែលខ្ញុំ​ជួបរឿង​ពិបាក!»។

សូមបញ្ជាក់ថា បើតាមការកត់សម្គាល់ សាររបស់អ្នកនាង ឈិន ច័ន្ទសុធារី ខាងលើនេះ បានធ្វើឡើងស្របពេលជាមួយគ្នា ដែលតារាស្រី កញ្ញា លី ឌីណា ដែលធ្លាប់ទទួលរងនូវរឿងរ៉ាវអាស្រូវ យ៉ាងធ្ងន់ធ្ងរ ស្ទើរតែងើបមុខមិនរួច ដោយត្រូវបានអ្នកនាង ឈិន ច័ន្ទសុធារី ចោទថា តារាស្រីរូបនេះ បានដណ្ដើមប្ដីរបស់ខ្លួន គឺលោក សុវណ្ណ មករា។ ប៉ុន្តែជាការឆ្លើយតបត្រូវបាន កញ្ញា លី ឌីណា ចេញមុខបដិសេធ និងច្រានចោលថា ជាការ​ចោទប្រកាន់គ្មានការពិត៕

ប្រភព៖ Khmertalking

ដោយឡែក រំលឹកព័ត៌មានផ្សេងមួយទៀត៖ លី ឌី​ណា ចេញ​មុខ​ជម្រះ​​មន្ទិល ​ជុំវិញ​ព័ត៌​មាន​ផ្ទុះ​ឡើង​ថា នាង​ដណ្ដើម​​ប្ដី​​របស់ ឈិន ចាន់​សុ​ធារី

តារាសម្ដែងកំពុងឡើងកូដខ្លាំង ក្នុងមជ្ឈដ្ឋានសិល្បៈ កញ្ញា លី ឌីណា បានទទួលរងនូវ រឿងរ៉ាវអាស្រូវ យ៉ាងធ្ងន់ធ្ងរស្ទើរតែងើបមុខមិនរួច ជុំវិញព័ត៌មានថា អតីតពិធីការិនីល្បីឈ្មោះ អ្នកនាង ឈិន សុធារី ចោទប្រកាន់នាងថា បានដណ្ដើមប្ដីរបស់ខ្លួន (លោក សុវណ្ណ មករា) ធ្វើឲ្យផ្អើលពិភពសិល្បៈ ថែមទាំងគ្រោងប្ដឹងទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ទៀតផង។ យ៉ាងណាមិញ បន្ទាប់ពីរឿងរ៉ាវនេះ កាន់តែពុះកញ្ជ្រោលឡើង បណ្ដាលឲ្យមហាជន កាន់តែមានមន្ទិលសង្ស័យខ្លាំងឡើងៗ ថា ជាការពិត ស្រាប់តែនៅពេលនេះ ស្រីស្រស់ លី ឌីណា បានចេញមុខជម្រះបញ្ជីស្នេហ៍ត្រីកោណមួយនេះ ឲ្យជ្រះស្រឡះតែម្ដង។

តារាសម្ដែង មានរូបឆោមលោមពណ៌ស្រស់ស្អាត រាយមន្តស្នេហ៍ លី ឌីណា បានបញ្ជាក់ថា ក្រោយពីផ្ទុះរឿងអាស្រូវនេះ បានធ្វើឲ្យទំនាក់ទំនង រវាងនាងជាមួយសង្សារ រងនូវភាពរង្គោះរង្គើរជាខ្លាំង គឺសង្សាររបស់នាង នៅតែយល់ច្រឡំ ថា នាងមានទំនាក់ទំនងពិសេស ជាមួយលោក សុវណ្ណ មករា ជាស្វាមីរបស់ ឈិន ចាន់សុធារី។ ជាពិសេសបានធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសនាងជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ធ្វើឲ្យសម្ព័ន្ធស្នេហាពិតប្រាកដ រវាងនាងជាមួយនិងសង្សារ កំពុងមានបញ្ហារង្គោះរង្គើរ ទៀតផង។

លី ឌីណា បន្តថា កន្លងមកពេល ឈិន សុធារី ឆេះដុំខ្លាំង នាងពុំបានចេញមុខបកស្រាយ ឲ្យបានច្បាស់លាស់ទេ តែពេលនេះនាងចង់បញ្ជាក់ថា រឿងដែលសុធារី ចោទថា នាង ដណ្ដើមលោក សុវណ្ណ មករា នោះ គឺជាការយល់ច្រឡំ ហើយពេលនេះ ក៏បានដោះស្រាយបញ្ចប់រួចរាល់ហើយដែរ ខណៈអ្នកនាងសុធារី ព្រមទទួលស្គាល់ការពិត ហើយសម្ព័ន្ធស្នេហ៍រវាង សុធារី ជាមួយប្ដីក៏ល្អប្រសើរឡើងវិញ។

លី ឌីណា និយាយថា «ពេលនេះ ខ្ញុំនិងបង ធារី យល់គ្នាអស់ហើយ ប៉ុន្តែសង្សារខ្ញុំគាត់អត់គិតចឹងទេ គាត់នៅតែថា ព័ត៌មានហ្នឹងវាពិត ហើយខឹងខ្ញុំរហូត! ខ្ញុំអត់ខ្វល់រឿងគាត់សុំបែកពីខ្ញុំទេ ប៉ុន្តែអ្វីដែលខ្ញុំសោកស្ដាយ គឺពួកយើងបែកគ្នា ដោយសារតែរឿងយល់ច្រឡំមួយពេលហ្នឹង!។ ខ្ញុំបានចាត់ទុកបង មករា ដូចជាមេរបស់ខ្ញុំអ៉ីចឹង ព្រោះគាត់បានទាក់ទងឲ្យខ្ញុំថតភាពយន្ត នៅប៉ុស្តិ៍បាយ័ន ហើយនៅមុនពេលផ្ទុះរឿងនេះ បង មករា តែងលើកយករឿងមិនសប្បាយចិត្ត ប្រាប់ខ្ញុំ ហើយខ្ញុំក៏បានផ្ដល់យោបល់ ឲ្យគាត់ ក្នុងនាមខ្ញុំគោរពគាត់ ដោយពុំមានទំនាក់ទំនងអ្វីពិសេស ដូចការចោទឡើង របស់បងសុធារី នោះទេ គឺគាត់យល់ច្រឡំលើខ្ញុំ។ ម្យ៉ាងខ្ញុំមានអ្នកពិសេស រួចទៅហើយ!»។

សូមបញ្ជាក់ថា រវាង លី ឌីណា និងអ្នកនាងសុធារី ពេលនេះបានបញ្ចប់ទំនាស់ ក្រៅរបងតុលាររួចរាល់ហើយ ហើយសុធារី ថែមទាំងបានរាប់អាននាងទុកដូចជា បងប្អូនធម៌ទៀតផង។តារាវ័យ២៥ឆ្នាំ កញ្ញាលី ឌីណា ត្រូវបាន គេដឹងថា ប្រឡូកសិល្បៈមួយរយៈមកហើយ ដោយធ្លាប់សម្ដែង នៅក្នុងខ្សែភាពយន្តមួយចំនួន ដូចជារឿង «កូនស្រីអ្នកនេសាទ,ឋានសួគ៌វណ្ណៈ,សម្បត្តិបុរស,បញ្ចប់ស្នេហ៍ត្រឹមអូន» និងភាពយន្តមួយចំនួនទៀត។ ប៉ុន្តែត្រូវបានគេចាប់អារម្មណ៍ខ្លាំង ក្រោយពេលផ្ទុះរឿងស្នេហាត្រីកោណ ជាមួយ ឈិន សុធារី ប៉ុន្តែត្រូវបាន លី ឌីណា ចេញបញ្ជាក់ថា វាគឺជាការយល់ច្រឡំតែប៉ុណ្ណោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]