ភ្នំពេញ៖ ក្រោយពីជួបបញ្ហារបួសអស់រយៈពេលជាច្រើនសប្តាហ៍ ពេលនេះ ខ្សែប្រយុទ្ធរបស់ក្លិបបឹងកេតអង្គរ កីឡាករ ចាន់ វឌ្ឍនាកា បានធូរស្រាលបន្តិចវិញហើយ ប៉ុន្តែសោកស្តាយ ខ្សែប្រយុទ្ធពាក់លេខ១១ រូបនេះ គ្មានឈ្មោះ ក្នុងក្រុមជម្រើសជាតិសម្រាប់ការប្រកួតមិត្តភាព ជាមួយក្រុមអារ៉ាប់រួម នៅសប្តាហ៍ក្រោយនេះ។

បើទោះបីជាយ៉ាងណាក៏ដោយ វឌ្ឍនាកា បានបញ្ជាក់ប្រាប់នៅគណនីហ្វេសប៊ុករបស់ខ្លួន កាលពីយប់មិញនេះថា រូបគេ បានចូលហាត់ជាលើកដំបូងវិញហើយ បន្ទាប់ពីរបួស។ កីឡាករឆ្នើមរូបនេះ ក៏សង្ឃឹមនឹងបានចូលលេងក្នុងទីលានឆាប់ៗនេះផងដែរ ពោលគឺរងចាំតែទទួលដំណឹងល្អមកដល់តែប៉ុណ្ណោះ។

គួររំលឹកផងដែរថា វឌ្ឍនាកា បានរងរបួសកាលពីអំឡុងដើមខែធ្នូកន្លងទៅ នៅក្នុងការប្រកួតពានរង្វាន់ BTV Cup ជាមួយនឹងក្លិបនៅវៀតណាម។ បន្ថែមពីនេះទៀត បញ្ហារបួសនេះ ក៏បន្តធ្វើឲ្យ វឌ្ឍនាកា អាក់ខានជួយក្រុមបឹងកេតអង្គរ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័តពានរង្វាន់ Toyota Mekong Cup កន្លងទៅថ្មីៗនេះផងដែរ។ 

ដោយឡែក ក្រឡេកមកចាប់អារម្មណ៍ ខ្សែបម្រើស្លាបស្តាំរបស់ក្រុមជម្រើសជាតិកម្ពុជាវិញម្តង កីឡាករ ឈិន ឈឿន បច្ចុប្បន្ននេះ កំពុងស្ថិតក្នុងមន្ទិលសង្ស័យ ចំពោះការប្រកួតមិត្តភាពខាងមុខនេះជាមួយក្រុមអារ៉ាប់រួម ដោយមិនច្បាស់ថាបានលេងឬយ៉ាងណានោះទេ។

មូលហេតុដែលធ្វើឲ្យកីឡាកររូបនេះ មិនទាន់ច្បាស់ ដោយសារតែប៉ុន្មានថ្ងៃចុងក្រោយនេះ ឈិន ឈឿន មានអាការៈមិនស្រួលខ្លួន បានត្រឹមដេកឈឺនៅផ្ទះតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ ឈិន ឈឿន ក៏បានបញ្ជាក់នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនផងដែរថា «ឈឺលើកនេះធ្ងន់ហើយខ្ញុំ បួនប្រាំថ្ងៃ ហើយមិនទាន់ជាទៀត មិនដឹងបានចូលរួមហាត់ជាមួយក្រុមជម្រើសអត់ទេខ្ញុំ» ។

បើទោះបីជាយ៉ាងណាក៏ដោយ ក៏មានបងប្អូនអ្នកគាំទ្រយើងជាច្រើន បាននាំគ្នាជូនពរឲ្យកីឡាកររូបនេះ ឆាប់ជាសះស្បើយវិញផងដែរ៕

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ កីឡាករឆ្នើម វឌ្ឍនាកា និងអ្នកចាំទី ស៊ូ យ៉ាទី អត់មានឈ្មោះក្នុងបញ្ជីប្រមូលផ្តុំជម្រើសជាតិថ្មី

អ្នកគាំទ្រក្រុមគោព្រៃកម្ពុជា បានសម្ដែងការសោកស្ដាយ ក្រោយបានឃើញបញ្ជីឈ្មោះ ក្រុមជម្រើស ជាតិកម្ពុជា ត្រូវប្រមូលផ្ដុំត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិអារ៉ាប់រួម នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ខាងមុខ តែគ្មានវត្តមាន Idol របស់ពួកគេចំនួន ២រូប គឺខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា និងអ្នកចាំទីដៃស្អិត ស៊ូ យ៉ាទី។

យោងតាមបញ្ជីឈ្មោះថ្មី ដែលបង្ហោះលើ Page ទំនាក់ទំនងសង្គមរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) គឺមាន សមាជិកសរុប ២៤នាក់មកពី ៦ក្លឹប ដើម្បីធ្វើការប្រមូលផ្ដុំនៅថ្ងៃទី៥ ខែមករាស្អែកនេះ សម្រាប់ត្រៀមចេញទៅ ប្រកួត មិត្តភាពទល់នឹងក្រុមម្ចាស់ផ្ទះអារ៉ាប់រួមនាចុងសប្ដាហ៍ក្រោយ។ ប៉ុន្ដែគេពិតជាមានការភ្ញាក់ផ្អើល និងសោកស្ដាយជាខ្លាំង ដែលកីឡាករ ២រូបខាងលើមិនអាចរួមដំណើរ ក្នុងបេសកកម្មនេះបាន។

ជុំវិញការបង្ហាញបញ្ជីឈ្មោះកីឡាករ ដោយមិនទាន់ដឹងពីសមត្ថភាពថ្នាក់ដឹកនាំ ឬគ្រូបង្វឹកនេះ សហព័ន្ធក៏មិន បាន បង្ហាញពីមូលហេតុនៃការមិនកោះហៅ ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ដែរ។ ប៉ុន្ដែបើយោងតាមមូលហេតុជាក់ស្ដែង គឺដោយសារកីឡាករទាំងពីរ សុទ្ធតែមានរបួស អំឡុងពេលប្រកួតពានអន្ដរជាតិ នៅប្រទេសវៀតណាម កាលពីដើម ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ប្រកួតពាន Toyota Mekong Cup កាលពីសប្ដាហ៍មុន វឌ្ឍនាកា នៅតែលេងមិនទាន់បាន ខណៈ ស៊ូ យ៉ាទី ត្រូវបានបង្ខំចិត្ដលេងទាំងមានអារម្មណ៍ថាឈឺទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]