កូរ៉េខាងត្បូង៖ នាព្រឹកថ្ងៃទី៦ ខែមករានេះ ខាងសារព័ត៌មានល្បីមួយនៅប្រទេសកូរ៉េខាងត្បូង Star News បានប្រកាសព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ដោយក្នុងសេចក្តីថ្លែងការណ៍នោះ បានប្រកាសថា ក្រុមចម្រៀងនារី 2NE1 នឹងត្រៀមចេញបទចម្រៀងថ្មី ដែលមានចំណងជើងថា «GoodBye» សរសេរ និងផលិតផ្ទាល់ ដោយ មេក្រុម នាងCLតែម្តង។ ជាពិសេស បទចម្រៀងនេះផងដែរ ក៏បានសហការផលិតដោយ ផលិតករតន្ត្រីលំដាប់អន្តរជាតិ លោក J Gramm និង លោក Rook Monroe ដោយលោក Rook Monroe ត្រូវបានគេស្គាល់ថា គឺជាផលិតករមួយរូបដែលបានផលិតចម្រៀងឲ្យតារាចម្រៀងអាមេរិក កញ្ញា Rihanna កាលពីឆ្នាំមុនផងដែរ។

ដោយឡែក ទាក់ទងទៅនឹងដំណឹងដ៏រំភើបនេះផងដែរ មូលហេតុដើមទងគឺ ដោយសារតែ ផលិតកម្ម YG បានសុខចិត្តផ្លាស់ប្តូរគម្រោងរបស់ខ្លួនដែលនឹងត្រូវរំលាយក្រុម 2NE1 ចោល ដោយខាងផលិតកម្ម បានធ្វើការសម្រេចចិត្តជាថ្មីម្តងទៀត ដោយបានសម្រេចចិត្តចេញបទចម្រៀងមួយ ជាលើកចុងក្រោយឲ្យក្រុម 2NE1 ដើម្បីជាការលើកទឹកចិត្ត និងផ្តល់កិត្តិយសដល់អ្នកគាំទ្រទាំងអស់របស់ពួកគេ។

ជាក់ស្តែង មានក្រុមចម្រៀងនារី Wonder Girls ប្រចាំផលិតកម្ម JYP ជាឧទាហរណ៍ ដោយពួកគេបានរំសាយក្រុមចោលតែម្តង ដោយមិនបានចេញបទចម្រៀងជាលើកចុងក្រោយ ថ្លែងអំណរគុណ ឬជាអនុស្សាវរីយ៍អ្វីទាំងអស់សម្រាប់អ្នកគាំទ្ររបស់ពួកគេ ដែលទាំងនេះបានធ្វើឲ្យអ្នកគាំទ្រដែលស្រលាញ់ពួកគេរហូតមក មានភាពសោកសៅ និងអន់ចិត្ត មិនស្ទើរនោះទេ។

ដោយហេតុនេះហើយ ទើបផលិតកម្ម YG ក៏បានសម្រេចចិត្តទាក់ទង ទៅកាន់ កញ្ញា Sandara និង Park Boom ឲ្យត្រឡប់មករួមគ្នា ផលិតបទចម្រៀង និង ថតវីដេអូចម្រៀងលាគ្នាជាលើកចុងក្រោយ និងជាកាដូ ថ្លែងអំណរគុណ ដល់អ្នកគាំទ្រទាំងអស់របស់ពួកគេ ដែលតែងតែស្រលាញ់ និងគាំទ្ររហូតមក ជាថ្មីម្តងទៀត។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយបំផុតនោះ គឺMinzy មិនបានមានវត្តមាននៅក្នុងបទចុងក្រោយ របស់ក្រុម 2NE1 នោះទេ។

បទចម្រៀងលាហើយ «GoodBye» គឺមានអត្ថន័យជ្រាលជ្រៅនិងពោរពេញទៅដោយ ក្តីស្រលាញ់បំផុតចំពោះរបស់អ្នកគាំទ្រ ដែលនឹងត្រូវចេញជាផ្លូវការនៅថ្ងៃទី ២១ ខែមករា ខាងមុខនេះហើយ៕

ចុះចំពោះប្រិយមិត្តវិញមានអារម្មណ៍យ៉ាងណាដែរ បន្ទាប់ពីលឺដំណឹងដ៏គួរឲ្យសោកសៅនេះ!?  

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់ កាលពីលើកមុន ក្រោយពីPark Bom បានបាត់មុខស្ងាត់ឈឹង នៅលើបណ្តាញទំនាក់ទំនងសង្គមមួយរយៈធំមក មួយរយៈមុននេះនាងបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មីម្តងទៀត ដោយនាងបានចុចLike នូវរូបថតមួយសន្លឹក នៅលើបណ្តាញទំនាក់ទំនងសង្គម Instagram ដែលធ្វើឲ្យអ្នកគាំទ្រសឹងតែគួរមិនជឿ ដោយក្នុងអត្ថន័យនៃរូបថតនោះ បានអះអាងថា ក្រុម2NE1 នឹងត្រឡប់មកវិញ ជាមួយនឹងសមាជិកក្រុម៣នាក់ ព្រមទាំងផ្លាស់ប្តូរឈ្មោះក្រុមជាថ្មីថា XXI 

គួររំលឹកថា កាលពីមួយរយៈមុននេះ ធ្លាប់បានផ្ទុះឡើងនូវពាក្យចចាមអារ៉ាមដ៏ធំមួយ ធ្វើឲ្យផ្អើលពេញពិភពតន្ត្រីKpop ដោយថាផលិតកម្ម YG បានប្រកាសរំសាយក្រុមចម្រៀង 2NE1 ចោល។ ប៉ុន្តែមិនថាយ៉ាងណា បើយើងតាមពាក្យចចាមអារ៉ាមចុងក្រោយនេះ បានឲ្យដឹងថា មូលហេតុដែល2NE1 ចាំបាច់ត្រូវរំសាយក្រុមចោលនោះ ពីព្រោះតែ ផលិតកម្ម YG ចង់ឲ្យអ្នកគាំទ្រ និង សមាជិកក្រុម 2NE1 ទាំងអស់ចាប់ផ្តើមជាថ្មី ដោយគ្មានMinzy។ ដូច្នេះហើយ ក្រុមថ្មីដែលមានឈ្មោះថា XXIនេះ នឹងមានសមាជិកត្រឹមតែ៣រូបតែប៉ុណ្ណោះ នោះគឺ CL ,Sandara និង Park Bom ប៉ុន្តែពាក្យចចាមអារ៉ាម ឬ សេចក្តីថ្លែងការណ៍មួយនេះ នៅមិនទាន់មានប្រភពជាក់ច្បាស់នៅឡើយនោះទេ។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]