បញ្ហាចោទឡើងចំពោះកុមារដែលពិបាកញ៉ាំអាហារ ប្រហែលជាកិច្ចការមួយដែលលំបាកនៅពេលផ្ដល់ នូវរបបអាហារសុខភាពចម្រុះដល់គេ។ មិនថាដោយសារតែកូនលោកអ្នកជួបបញ្ហាប្រតិកម្មចំណីអាហារ ឬមានបញ្ហាអាល្លែកហ្ស៊ី ឬដោយសារតែជាទម្លាប់រស់នៅរបស់គេក្ដី ដោយហេតុនេះលោកអ្នកអាចជួបប្រទះ បញ្ហាមួយចំនួននៅពេលដែលត្រូវបំពេញ នូវតម្រូវការរបបអាហារប្រចាំថ្ងៃ (RDAs) របស់ពួកគាត់មាន ដូចជាវីតាមីន សារធាតុរ៉ែខនិក ជាពិសេសកាល់ស្យូម។

កុមារលូតលាស់ឆ្អឹងជារៀងរាល់ថ្ងៃ ដូច្នេះហើយពួកគេទាមទារសារធាតុ កាល់ស្យូមដើម្បីពង្រឹងឆ្អឹង និងធ្មេញឲ្យរឹងមាំនាពេលអនាគត។ កាល់ស្យូមមានតួនាទីទប់ស្កាត់ជំងឺពុកឆ្អឹង ដែលបណ្ដាលមកពីឆ្អឹងស្រួយ និងចុះខ្សោយដែលបណ្តាលឲ្យឆ្អឹងងាយបាក់។ កាល់ស្យូមគឺជា ផ្នែកមួយជួយជំរុញឲ្យប្រព័ន្ធសរសៃប្រសាទ និងសាច់ដុំមានដំណើរការល្អ ជួយនូវដំណើរការ ឈាមកក និងជំរុញអង់ស៊ីមដែលបំប្លែងអាហារទៅជាថាមពល។ សារធាតុរ៉ែខនិកដ៏អស្ចារ្យនេះ ក៏ជួយបង្ការជំងឺក្រិសដែលបណ្ដាលឲ្យឆ្អឹងកុមារទន់នឹងងាយបាក់។

ស្វែងយល់ពីកម្រិតរបបអាហារប្រចាំថ្ងៃរបស់កូនលោកអ្នក

ប្រសិនបើលោកអ្នកមិនច្បាស់ អំពីកម្រិតរបបអាហារប្រចាំថ្ងៃ របស់បុត្រធីតារបស់លោកអ្នកនោះទេ លោកអ្នកនឹងពិបាកក្នុងការកំណត់បរិមាណ កាល់ស្យូមត្រឹមត្រូវដើម្បីបំប៉នកូនលោកអ្នក។ កម្រិតរបបអាហារូបត្ថម្ភ ប្រចាំថ្ងៃសំខាន់ណាស់ ព្រោះវាបង្ហាញលោកអ្នកនូវបរិមាណ កាល់ស្យូមគ្រប់គ្រាន់មួយដែលកូនលោកអ្នកត្រូវការប្រចាំថ្ងៃ។ ចាំបាច់ត្រូវជួបប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឬពេទ្យជំនាញផ្នែកកុមារ ដើម្បីបានយល់់់់់់់់់់់់់់ដឹង អំពីបរិមាណអាហារូបត្ថម្ភ ប្រចាំថ្ងៃរបស់កូនលោកអ្នក ព្រមទាំងស្វែងយល់អំពីមធ្យោបាយ ធ្វើឲ្យកូនលោកអ្នក ទទួលបាននូវអាហារូបត្ថម្ភបានគ្រប់គ្រាន់តាម ការកំណត់ជាពិសេសកាល់ស្យូម។

ប្រភពកាល់ស្យូម ច្រើនទៀតក្រៅពីអាហារផលិតពីទឹកដោះ

អាហារផលិតពីទឹកដោះដូចជាទឹកដោះគោ យ៉ាអ៊ួ និងឈីស សុទ្ធសឹងតែជាប្រភពកាល់ស្យូមដ៏មានប្រយោជន៍ ប៉ុន្តែកុំបារម្ភទោះបីជាកូនតូច របស់លោកអ្នកមានបញ្ហាមិនអាចរំលាយស្ករទឹកដោះបាន ឬមានបញ្ហាអាល្លែកហ្ស៊ីជាមួយទឹកដោះគោក្ដី ក៏កូនលោកអ្នកនៅតែអាច ទទួលបានកម្រិតរបបអាហារប្រចាំថ្ងៃ (RDA) ដែលជាតម្រូវការរបស់ខ្លួនតាមរយៈអាហារចម្រុះ ដែលមានផ្ទុកដោយកាល់ស្យូមខ្ពស់ ងាយស្រួលរក ហើយភាគច្រើនសមស្របនឹងរបបអាហាររបស់ប្រជាជនខ្មែរយើង។

ប្រភពអាហារទាំងនោះរួមមាន៖

• ត្រីខសាឌីនមានខ្លាញ់

• ត្រីម្យ៉ាងស្រដៀងត្រីព្រួល

• ត្រីសាឌីនធំ

• បង្គា

• ស្ពៃបូកគោ

• ស្ពៃតឿ

• ផ្កាស្ពៃខៀវ

• សណ្ដែកបារាំង

• តៅហ៊ូ

• សណ្ដែកស

• សណ្ដែកក្រហម

• សណ្ដែកហូឡាន់តាវ

• គ្រាប់អាល់ម៉ុន និងគ្រាប់កៅឡាក់ជាដើម។

ដូចលោកអ្នកបានឃើញហើយ ថាកូនលោកអ្នកអាចរក្សាបាននូវបរិមាណកាល់ស្យូមត្រឹមត្រូវ ដោយពុំចាំបាច់ត្រូវការអាហារផលិតពីទឹកដោះឡើយ។ ប៉ុន្តែសូមកុំបញ្ឈប់ផ្ដល់ត្រឹមតែអាហារ ដែលបានលើកឡើងខាងលើនេះឲ្យសោះ។ លោកអ្នកក៏អាចជ្រើសរើសផលិតផល សម្បូរជាតិកាល់ស្យូមខ្ពស់ដែលមានដូចជា ទឹកសណ្ដែកសៀង បាយ ឬអាល់ម៉ុន គ្រាប់ធញ្ញជាតិ និងអាហារសម្រន់ផ្សេងទៀត។ សម្រាប់ទឹកផ្លែឈើសម្បូរជាតិកាល់ស្យូមខ្ពស់ មានដូចជាផ្លែប៉ោម និងទឹកក្រូចស្រស់ ជាដើម មានផ្ទុកកាល់ស្យូមដែលមានអត្រាស្រូបយកខ្ពស់។ ប៉ុន្តែមុននឹងទិញអាហារទាំងនេះ គប្បីប្រឹក្សាជាមួយគ្រូពេទ្យ និងចងចាំទុកនូវកម្រិតរបបអាហារប្រចាំថ្ងៃ សម្រាប់កូនលោកអ្នក និងការទទួលទានប្រភពអាហារសម្បូរកាល់ស្យូមដទៃទៀត។ កត្តានេះនឹងជួយទប់ស្កាត់លោកអ្នក ក្នុងការផ្ដល់កាល់ស្យូមជ្រុលហួសប្រមាណ ដល់កូនលោកអ្នក។

បន្ថែមគុណប្រយោជន៍ល្អៗក្នុងអាហារប្រចាំថ្ងៃ

ប្រសិនបើកូនលោកអ្នក មានបញ្ហាមិនអាចរំលាយស្ករទឹកដោះបាន ហើយមិនចូលចិត្តទទួលទានបន្លែ (ដូចក្មេងភាគច្រើន) លោកអ្នកអាចបន្ថែមជាតិកាល់ស្យូមក្នុងមុខម្ហូបក្រៅពីអាហារផលិតពីទឹកដោះជារៀងរាល់ថ្ងៃបាន។ ទាំងនេះជាដំបូន្មានមួយចំនួន៖

• បន្ថែមសណ្ដែកស/សណ្ដែកក្រហមក្នុងស៊ុប

• ញាំបន្លែ ឬធញ្ញជាតិជាមួយគ្រាប់អាល់ម៉ុន និងសណ្ដែកហូឡាន់តាវ

• ច្របាច់ទឹកផ្លែឈើស្រស់ដែលមានជាតិកាល់ស្យូមមួយកែវសម្រាប់អាហារពេលព្រឹក ឬទទួលទានទឹកសណ្ដែកក៏បាន។

• បន្ថែមម្សៅស្រូវសាលីក្នុងរបបអាហារដទៃទៀតដោយមិនចាំបាច់តែអាហារពេលព្រឹកនោះទេ។

• បន្លំដាក់បន្លែបៃតងចាស់បន្តិច (ដូចជាផ្កាស្ពៃខៀវ ឬស្ពៃតឿ) ក្នុងអាហារ។

• ទទួលទានអាហារសម្រន់មានជាតិកាល់ស្យូមដូចជាក្រូច ល្វា និងគ្រាប់ធញ្ញជាតិជាដើម។

លោកអ្នកអាចធ្វើបានច្រើនយ៉ាង!

ប្រសិនបើនៅតែបារម្ភថា កូនលោកអ្នកទទួលទានសារធាតុកាល់ស្យូម ប្រចាំថ្ងៃមិនគ្រប់គ្រាន់ទៀត មានវិធីជាច្រើនទៀតដែលលោកអ្នកអាចធ្វើបាន។ វិធីទាំងនោះមានដូចជា៖ 

បំពេញបន្ថែម៖ កាល់ស្យូមបំពេញបន្ថែម ត្រូវបានណែនាំឲ្យប្រើប្រាស់ទៅតាមអាយុ និងភេទសម្រាប់ អ្នកដែលទទួលបរិមាណសារធាតុរ៉ែខនិក ពីរបបអាហារមិនគ្រប់គ្រាន់ ពិសេសសម្រាប់អ្នកដែលមានបញ្ហាមិនអាច រម្លាយស្ករទឹកដោះបាន។ សូមប្រាប់គ្រូពេទ្យអំពីប្រភេទ និងបរិមាណកាល់ស្យូមបំពេញបន្ថែម ដែលលោកអ្នកផ្ដល់សម្រាប់កូនលោកអ្នកតាមអាយុ និងភេទរបស់ពួកគេ មុនពេលឈានទៅជំហានបន្ទាប់ទៀត។

វីតាមីន D៖ រាងកាយកូនលោកអ្នកត្រូវការវីតាមីន D ដើម្បីស្រូបយកជាតិកាល់ស្យូមចូលក្នុងខ្លួន។ ការឲ្យស្បែកនៃរាងកាយ ត្រូវពន្លឺថ្ងៃពេលព្រឹកក្នុងមួយថ្ងៃឲ្យបាន10-15នាទី អាចជួយផ្ដល់វីតាមីន D បាន ក៏ដូចជាត្រូវទទួលទានអាហារ ដែលផ្ទុកវីតាមីន D ខ្ពស់ផងដែរ។ អាហារទាំងនោះរួមមាន ស៊ុតផ្នែកលឿង ត្រីទឹកប្រៃ និងថ្លើមជាដើម។ 

ការហាត់ប្រាណ៖ ការជិះកង់ ការរត់ត្រឹកៗ ការលេងបាល់ ការរាំ និងហាត់លើកទម្ងន់យ៉ាងតិច30-60នាទី ក្នុងមួយថ្ងៃ បីទៅប្រាំដងក្នុងមួយសប្ដាហ៍ អាចជួយពង្រឹងម៉ាស និងដង់ស៊ីតេឆ្អឹងឲ្យរឹងមាំ។

លំហាត់ប្រាណទាំងនេះ ជួយជំរុញឲ្យឆ្អឹងនៃរាងកាយរឹងមាំ។

ចៀសវាងកាហ្វេអ៊ីន៖ ជាតិកាហ្វេអ៊ីនមាននៅក្នុងតែ កាហ្វេ និងភេសជ្ជៈកំប៉ុងមួយចំនួន។ ជាតិកាហ្វេអ៊ីនធ្វើឲ្យរាងកាយ កូនលោកអ្នកពិបាកស្រូបយកជាតិកាល់ស្យូម។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]