ជប៉ុន៖  ចុងភៅស៊ូស៊ីជប៉ុនម្នាក់ ដែលមានរហស្សនាមថា "ស្តេចត្រីធូណា" បានចំណាយលុយជាង៦៤ម៉ឺនដុល្លារ ទិញត្រីធូណាមួយក្បាល នៅក្នុងការដាក់លក់ដេញថ្លៃត្រីធូណា សម្រាប់ធ្វើស៊ូស៊ី ជាលើកដំបូងប្រចាំឆ្នាំក្នុងទីក្រុងតូក្យូ។

លោក Kiyoshi Kimura ជាចុងភៅស៊ូស៊ី បានដេញថ្លៃទិញត្រីធូណា Bluefin មួយក្បាលក្នុងតម្លៃ ៧៤,២លានយ៉េន ឬប្រមាណជាង ៦៤ម៉ឺនដុល្លារអាមរិក នៅផ្សារត្រី Tsukiji ទីក្រុងតូក្យូ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ។

ម្ចាស់ភោជនីយដ្ឋាន Sushizanmai រូបនេះ បានក្លាយជាម្ចាស់ត្រីធូណាដ៏ធំដែលមានទម្ងន់ជាង ២០០គីឡូក្រាម ខណៈមានអតិថិជនរាប់រយនាក់ បានរង់ចាំភ្លក់រសជាតិសាច់ត្រីដ៏ថ្លៃមួយក្បាលនេះ។ សាច់ត្រីធូណាសម្រាប់អាហារស៊ូស៊ី មួយចានអាចមានតម្លៃដល់ទៅ ៨៦ដុល្លារ គឺឡើងថ្លៃ ២៥ដង បើធៀបនឹងតម្លៃក្នុងហាងផ្សេងទៀតនៅទូទាំងប្រទេសជប៉ុន។

លោក Kiyoshi Kimura បាននិយាយថា "ខ្ញុំមានអារម្មណ៍ថា វាហាក់មានតម្លៃថ្លៃបន្តិចហើយ ប៉ុន្តែខ្ញុំពិតជារីករាយណាស់ ដែលខ្ញុំអាចឈ្នះបានដោយជោកជ័យ នៅក្នុងការដេញថ្លៃទិញត្រីធូណា រាងស្អាតល្អហើយធំបែបនេះ"

លោកបន្តថា "គឺដូចរាល់ដងអ៉ីចឹង! ខ្ញុំចង់ទិញត្រីដ៏ល្អបំផុតមួយ ដូច្នេះអតិថិជនរបស់ពួកយើងអាចភ្លក់រសជាតិរបស់វាយ៉ាងឆ្ងាញ់ពិសា"

កាលពីឆ្នាំមុន លោក Kiyoshi Kimura ក៏បានទិញត្រីធូណា Bluefin មួយក្បាលដែលមានទម្ងន់ ២០០គីឡូក្រាមដែរ ក្នុងតម្លៃ ៣៩ម៉ឺនដុល្លារ ពីការដេញថ្លៃបែបនេះដូចគ្នា។ រីឯកាលពីឆ្នាំ២០១៣វិញ លោកបានចំណាយលុយដល់ទៅ ១,៣លានដុល្លារ ទិញត្រីធូណា Bluefin មួយក្បាល យកមកពីហុងកុង ក្នុងកម្មវិធីដេញថ្លៃនៃបុណ្យចូលឆ្នាំថ្មី និងជាប់កំណត់ត្រាថែមទៀតផង។

គួរបញ្ជាក់ថា អស់រយៈពេលជាច្រើនទសវត្សរ៍នៃការនេសាទហួសប្រមាណ ត្រូវបានគេមើលឃើញថា ចំនួនត្រីធូណាជាសកលបានធ្លាក់ចុះយ៉ាងខ្លាំង ដែលនាំឲ្យជាតិសាសន៍មួយចំនួន អំពាវនាវឱ្យមានការហាមឃាត់លើការចាប់ត្រីធូណា Bluefin នៅក្នុងសមុទ្រអាត្លង់ទិក ដែលកំពុងជិតផុតពូជ ខណៈប្រទេសជប៉ុន ជាប្រទេសដែលមានតម្រូវការត្រីធូណាខ្ពស់ជាងគេ សម្រាប់មុខម្ហូបស៊ូស៊ី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]