នៅពេលអ្នកមានផ្ទៃពោះ ការថែរក្សាសុខភាពឲ្យបានល្អ និងអនុវត្តទម្លាប់ទទួលទានប្រចាំថ្ងៃល្អ បង្កប់នូវអត្ថន័យថ្មីមួយ។ ព្រោះឥឡូវនេះ អ្នកកំពុងទទួលទានអាហារសម្រាប់មនុស្សពីរនាក់ ប្រភេទអាហារ និងបរិមាណដែលអ្នកទទួលទាន នឹងដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែសម្រាប់សុខភាពផ្ទាល់ខ្លួនអ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សុខភាពកូនក្នុងផ្ទៃអ្នកផងដែរ។

សូមទទួលទានជីវជាតិចិញ្ចឹមសំខាន់ៗ ទាំងអស់សម្រាប់ទារកក្នុងផ្ទៃ និងខ្លួនអ្នកផ្ទាល់ ដោយសារទាំងអ្នកនិងកូនក្នុងផ្ទៃអ្នក ត្រូវការចាប់ផ្ដើមពីរបបអាហារចម្រុះក្នុងបរិមាណសមស្រប។ កាលណាអ្នកទទួលទានអាហារបំប៉នចម្រុះកាន់តែច្រើន អ្នកទាំងពីរមានឱកាសទទួលបាននូវវីតាមីន និងសារធាតុរ៉ែខនិកសំខាន់ៗ ជាពិសេសកាល់ស្យូមបានគ្រប់គ្រាន់។

អ្នកដឹងថាកាល់ស្យូមជួយឲ្យសុខភាពឆ្អឹង និងធ្មេញរឹងមាំ ហើយកាល់ស្យូមក៏ជួយបង្ការជំងឺពុកឆ្អឹងដែលបណ្ដាលឲ្យឆ្អឹងខ្សោយ និងស្រួយផងដែរ។ នេះជារឿងសំខាន់ដែលមនុស្សគ្រប់គ្នាគួរយល់ដឹង។

ដើម្បីឲ្យអ្នកយល់កាន់តែច្បាស់អំពីកាល់ស្យូម ខាងក្រោមនេះជាតារាងសំណួរចម្លើយដែលតែងចោទសួរញឹកញាប់ ដែលនឹងធ្វើឲ្យអ្នកទទួលស្គាល់ថាកាល់ស្យូមសំខាន់បែបណាចំពោះអ្នក និងកូនក្នុងផ្ទៃអ្នក។

1. រាងកាយអ្នកផលិតកាល់ស្យូម

មិនពិត! ទោះបីកាល់ស្យូមជាសារធាតុរ៉ែខនិកសំខាន់បំផុត ក្នុងរាងកាយអ្នកក៏ដោយ រាងកាយអ្នកមិនអាចផលិតកាល់ស្យូមបានទេ។ ផ្ទុយមកវិញ អ្នកបានបាត់បង់សារធាតុរ៉ែខនិកនេះជាប្រចាំថ្ងៃតាមរយៈស្បែក សក់ ក្រចក ញើស និងនៅពេលបន្ទោរបង់។ អ្នកគ្រាន់តែអាចទទួលយកកាល់ស្យូមពីរបបអាហារ ឬកាល់ស្យូមបំពេញបន្ថែមតែប៉ុណ្ណោះ។ សូមចងចាំថាប្រសិនបើអ្នកទទួលទានកាល់ស្យូម មិនគ្រប់គ្រាន់សម្រាប់រាងកាយទេ សារធាតុរ៉ែខនិកនេះ នឹងត្រូវស្រូបយកពីឆ្អឹងរបស់អ្នក។

2. កាល់ស្យូម គឺត្រូវការដើម្បីតែធ្វើឲ្យសុខភាពឆ្អឹង និងធ្មេញលូតលាស់ល្អ រឹងមាំប៉ុណ្ណោះ

មិនពិត! ក្រៅពីទប់ស្កាត់ជំងឺពុកឆ្អឹង និងជំរុញសុខភាពធ្មេញឲ្យរឹងមាំហើយនោះ សារធាតុខនិកនេះក៏ដើរតួនាទីសំខាន់ មួយទៀតក្នុងមុខងារធ្វើការស្ទើរគ្រប់កោសិការាងកាយ។ មុខងារមួយចំនួនមានដូចជា ធ្វើឲ្យមានកំណកឈាមជាប្រក្រតី ជំរុញប្រព័ន្ធប្រសាទឲ្យបំពេញមុខងារទៀងទាត់ និងជួយសម្រួលចង្វាក់បេះដូងឲ្យប្រក្រតី។ កាល់ស្យូមក៏មានប្រសិទ្ធភាព ក្នុងការសម្រួលអាការរោគសញ្ញាមុនមករដូវ (PMS) រមួលក្រពើ និងសម្ពាធឈាមខ្ពស់ក្នុងអំឡុងពេលមានផ្ទៃពោះ។ វាក៏ជួយកាត់បន្ថយហានិភ័យមហារីកពោះវៀនផងដែរ។

3. មានតែអាហារផលិតពីទឹកដោះដូចជាទឹកដោះគោ យ៉ាអ៊ួ និងឈីសប៉ុណ្ណោះដែលមានផ្ទុកជាតិកាល់ស្យូម

មិនពិត! មានប្រភពអាហារសម្បូរកាល់ស្យូម ខ្ពស់ច្រើនណាស់ដែលមិនមែនផលិតពីទឹកដោះ ដូចជាទឹកក្រូច ស្រស់ គ្រាប់ធញ្ញជាតិ និងអាហារសម្រន់ផ្សេងៗ។ ប្រភពកាល់ស្យូមល្អបំផុតមានដូចជាប្រភេទត្រីមានឆ្អឹង(សាឌីន ធូណា សាឌីនធំ និងសាលម៉ុន) បន្លែ (ស្ពៃតឿ ស្ពៃក្តោប និង ផ្កាស្ពៃខៀវ) គ្រាប់ធញ្ញជាតិ និងសណ្ដែក (អាល់ម៉ុន សណ្ដែកស/ក្រហម) និងតៅហ៊ូ។

4. គ្រប់គ្នាត្រូវការកាល់ស្យូម អាស្រ័យតាមអាយុរបស់ពួកគេ

ពិត! មនុស្សដែលមានអាយុ និងភេទខុសៗគ្នា ទាមទារបរិមាណកាល់ស្យូមផ្សេងគ្នា។ វិទ្យាស្ថានវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក បានកំណត់កម្រិតរបបអាហារប្រចាំថ្ងៃ (RDAs) គិតជាមិល្លីក្រាមសម្រាប់តម្រូវការកាល់ស្យូមសម្រាប់សុខភាពឆ្អឹងដូចមានបង្ហាញជូនខាងក្រោម៖

5. កាល់ស្យូមបំពេញបន្ថែមផ្ដល់ផលប្រយោជន៍

ពិត! អ្នកណាក៏ដោយដែលទទួលបានកាល់ស្យូម ពីរបបអាហារមិនគ្រប់គ្រាន់ ពិតជាត្រូវការកាល់ស្យូមបំពេញបន្ថែមរួមទាំងកុមារផងដែរ។ តាមពិត អង្គការសុខភាពពិភពលោកបានថ្លែងថា “កាល់ស្យូមបំពេញបន្ថែមអាចកាត់បន្ថយហានិភ័យ ដែលអាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ ខុសប្រក្រតីក្នុងអំឡុងពេលមានផ្ទៃពោះ។ ដំណើរខុសប្រក្រតីនេះ ទាក់ទងដល់អត្រាមរណភាពមាតា និងហានិភ័យទារកកើតមិនគ្រប់ខែជាដើម។”

6. វីតាមីន D ជួយឲ្យការស្រូបយកកាល់ស្យូមបានល្អ

ពិត! វីតាមីន D ជួយជំរុញឲ្យការស្រូបយកកាល់ស្យូម របស់រាងកាយកាន់តែប្រសើរឡើង។ អ្នកអាចទទួលទាន វីតាមីន D តាមអ្នកត្រូវការដោយចេញឲ្យត្រូវពន្លឺថ្ងៃនៅពេលព្រឹក (ពី10 ទៅ 15នាទី ក្នុងមួយថ្ងៃ) និងរបបអាហារ។ អាហារសម្បូរវីតាមីន D ខ្ពស់មានដូចជាស៊ុតផ្នែកលឿង ត្រីសមុទ្រ ថ្លើម និងទឹកដោះគោម្សៅ។

7. កាលណាខ្ញុំចាប់ផ្ដើមទទួលទានកាល់ស្យូម វានឹងនៅក្នុងរាងកាយខ្ញុំរហូត ហើយបំពេញមុខងារវាយ៉ាងអស្ចារ្យ

មិនពិត! ក្រៅពីបាត់បង់កាល់ស្យូម ជាប្រចាំថ្ងៃតាមរយៈញើស ទឹកនោម និងលាមក អ្នកក៏អាចបាត់បង់សារធាតុ រ៉ែខនិកនេះបានដែរ ប្រសិនបើអ្នកទទួលទានកាហ្វេអ៊ីនច្រើនជ្រុល (មាននៅក្នុងតែ និងកាហ្វេ)។ គ្រឿងស្រវឹង និងការជក់បារីក៏បណ្ដាលឲ្យបាត់បង់កាល់ស្យូមពីរាងកាយអ្នក ក៏ដូចជាការទទួលទានប្រៃខ្លាំងផងដែរ។

8. មានតែស្ត្រីវ័យចំណាស់ប៉ុណ្ណោះ ដែលវិវត្តទៅរកជំងឺពុកឆ្អឹង

មិនពិត! ជំងឺពុកឆ្អឹងជាជំងឺឆ្អឹងដែលកើតឡើង នៅពេលរាងកាយបាត់បង់កំហាប់កាល់ស្យូមនៅក្នុងឆ្អឹងច្រើនពេក ធ្វើឲ្យឆ្អឹងស្តើង ឬទាំងពីរករណីនេះ។ នេះមានន័យថាគ្រប់គ្នាអាចវិវត្តទៅរកជំងឺនេះ។ ជំងឺពុកឆ្អឹងប៉ះពាល់ដល់បុរស និងស្ត្រីគ្រប់ជាតិសាសន៍។ ប៉ុន្តែស្ត្រីជនជាតិស្បែកស និងអាស៊ី ពិសេសស្ត្រីវ័យកាន់តែចាស់ដែលអស់រដូវ គឺប្រឈមហានិភ័យខ្ពស់បំផុត។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]