បារាំង៖ ខ្ញីចាស់ កាន់តែហិរ ដូចដែលពាក្យគេថាមែន! លោកតា វ័យ១០៥ឆ្នាំម្នាក់ ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល បន្ទាប់ពីបានបង្កើតកំណត់ត្រាថ្មី ជិះកង់ជាង២២គ.ម ក្នុងរយៈពេលត្រឹម១ម៉ោង។

លោកតា វ័យ១០៥ឆ្នាំ ឈ្មោះ Robert Marchand កាលពីនៅជាយុវជនមានកម្លាំងរឹងមាំ គាត់ត្រូវបានគ្រូបង្វឹកប្រាប់ថា ត្រូវតែបោះបង់ការជិះកង់នេះចោលទៅ ពីព្រោះអាជីពនេះ មិនអាចជួយអ្វីគាត់បានឡើយ នៅពេលដែលគាត់ចាស់ទៅ។

ដោយឡែក កាលពីថ្ងៃពុធ កន្លងទៅនេះ លោកតា វ័យ១០៥ឆ្នាំ ជាមួយនឹងសម្លៀកបំពាក់កីឡារឹបរាង យឺតពណ៌លឿង បានធ្វើឲ្យគ្រប់គ្នាគិតខុស ដោយគាត់ បានបង្កើតកំណត្រាថ្មីមួយ សឹងមិនគួរឲ្យជឿ ក្នុងវ័យរបស់គាត់ ដែលអាចជិះកង់ បានជាង២២គ.ម ក្នុងរយៈពេលត្រឹម១ម៉ោង។ 

ទន្ទឹមនឹងការបង្កើតកំណត់ត្រាថ្មីនេះ លោកតា បានមានប្រសាសន៍ថា គាត់គ្មានការនឿយហត់អ្វីឡើយ ហើយគាត់ក៏កំពុងរង់ចាំ អ្នកដែលមានបំណងចង់មកបំបែកកំណត់ត្រារបស់គាត់ទៀតផង។ លើសពីនេះទៀត បុរសចំណាស់រូបនេះ ក៏ទទួលបានការគាំទ្រ និងឈរអបអរ ទះដៃសាទរ ពីសំណាក់អ្នកទស្សនាជាងមួយរយនាក់ នៅក្នុងទីលានប្រណាំងកង់ផងដែរ។

គួររំលឹកថា កាលពី៣ឆ្នាំមុន ក្នុងវ័យ១០២ឆ្នាំ នៅទីលានប្រណាំងកង់ដដែលនេះ គាត់ធ្លាប់ត្រូវបានគណៈកម្មការហាមឃាត់ បញ្ឈប់ក្នុងអំឡុងពេលជិះកង់ ដោយសារតែទម្រង់គាត់ហាក់ដូចជាមិនប្រក្រតី ប៉ុន្តែត្រូវបាន គាត់ឆ្លើយតបទៅវិញថា «ពេលវេលានៅសល់១០នាទីទៀត ខ្ញុំគ្មានឃើញសញ្ញាមិនប្រក្រតីណាមួយកើតឡើងចំពោះខ្ញុំនោះទេ ព្រោះខ្ញុំមិនបាននឿយហត់ ឬឈឺចាប់អ្វីឡើយ ខ្ញុំគួរណាតែជិះលឿនជាងនេះ» ៕ 

ប្រភព៖ TIME

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ លោកតាវ័យ៦៧ឆ្នាំ ច្នៃបង្កើតខ្លុយយក្ស ប្រវែងជាង១ម៉ែត្រ ផ្លុំយ៉ាងពិរោះរណ្តំ កំពុងតែអង្រួនចិត្តអ្នកទេសចរ

ទីភ្នាក់ងារសារព័ត៌មានស៊ីស៊ីធីវី បានចុះផ្សាយ កាលពីថ្ងៃទី០៧ ធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះថា ភ្ញៀវទេសចររាប់ពាន់នាក់ នាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានប្រទះឃើញ បុរសវ័យចំណាស់ដ៏គួរឲ្យគោរពម្នាក់ ផ្លុំខ្លុយឫស្សីយក្សមានប្រវែងវែង យ៉ាងគ្រលួចនិងពិរោះរណ្តំ លើកំពូលភ្នំ Baiyun Mountain ក្នុងទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន។

រូបភាពជាច្រើនសន្លឹក របស់លោកតា Liang Yaliu មានវ័យ៦៧ឆ្នាំ បច្ចុប្បន្នគឺកំពុងតែទទួលបាន ការចាប់អារម្មណ៍ ពីសំណាក់មហាជនទូទៅជាច្រើន លើបណ្តាញសង្គម។ ដោយក្នុងនោះគេឃើញថា លោតាបានដាក់ខ្លុយយក្ស ដែលធ្វើពីឫស្សីប្រវែងវែង ដាក់គងលើស្មារបស់គាត់ ជាមួយនឹងកាយវិការម្រាមដៃ យ៉ាងទន់ភ្លន់ប្រគំលេង អង្រួនចិត្តភ្ញៀវទេសចរជាច្រើន ដែលបានអញ្ជើញមកទស្សនាកម្សាន្ត នៅទីតាំងភ្នំ Baiyun ខាងលើនេះ និងថែមទាំងសុំថតរូបរបស់លោកតា ជាច្រើនហូរហែរទៀតផងដែរ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ខ្លុយដែលធ្វើពីឫស្សីនេះដែរ មានប្រវែងរហូតដល់ទៅ ១,៣ម៉ែត្រ ដែលវាគឺត្រូវបានច្នៃប្រឌិតធ្វើឡើង ដោយស្នាដៃរបស់លោកតា Liang ផ្ទាល់តែម្តង។ ពោល តាំងពីមុនលោកតា ចូលនិវត្តន៍មកម្ល៉េះ។ លោកតា Liang មានប្រសាសន៍ឲ្យដឹងថា តន្រ្តីតែងតែផ្តល់ឲ្យគាត់ទទួលបាន នូវអារម្មណ៍ស្រស់ថ្លា ហើយរូបគាត់ក៏រីករាយ ក្នុងការច្នៃបង្កើតវាឡើង និងយកមកប្រគំលេង ស្ថិតក្នុងបរិយាកាសដ៏ស្រគត់ស្រគំមួយ ដើម្បីបំពេរអារម្មណ៍ ដូចជានៅលើកំពូលភ្នំ Baiyun Moungtain នេះ ឬនៅតំបន់កម្សាន្ត ក្បែរបឹងឧទ្យាន Liwan-Lake Park ជាដើមផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]