ថៃ៖ យោងតាមសារព័ត៌មានថៃមួយ បានចុះផ្សាយបង្ហាញនៅថ្ងៃនេះឱ្យដឹងថា ក្រោយកើតមានហេតុការណ៍ទាក់ទងនឹង គុណភាពរបស់អង្ករថៃ ដែលបាននាំចេញទៅលក់នៅក្រៅប្រទេសថាជា «អង្ករផ្លាស្ទិក» ពេលនេះនាយកដ្ឋានពាណិជ្ជកម្ម និងនាំអង្ករចេញអង្ករអន្តរជាតិ បានច្រានចោលទាំងស្រុងនូវរឿងនេះ ដោយបានអះអាងថា វាជាចេតនាបង្ខូចកេរ្តិ៍ឈ្មោះអង្ករនាំចេញរបស់ថៃពិតប្រាកដណាស់។

រឿងនេះបានកើតឡើង ក្រោយមានឃ្លីបវីដេអូរបស់ស្តី្រអាមេរិកម្នាក់បង្ហាញពីការពិសោធន៍អង្ករផ្លាស្ទិករបស់នាង ផុសចូលទៅក្នុងបណ្តាញសង្គមហ្វេសប៊ុកខ្លួន ដែលមានឈ្មោះថា Felicity Prak។ ស្រ្តីខាងលើបានប្រាប់ថា នាងបានទទួលអង្ករម្លិះរបស់ថៃនេះ មកពីបងស្រីខ្លួន ប៉ុន្តែដោយមានការសង្ស័យថាវាគឺជាអង្ករផ្លាស្ទិក កាលពីថ្ងៃទី ៣១ ខែធ្នូ ២០១៦ កន្លងទៅ នាងក៏បានយកអង្ករម្លិះនោះទៅធ្វើការពិសោធន៍ ដោយដាក់លីងអង្ករនោះនៅក្នុងខ្ទះមួយរហូតដល់វាស្ងួត ហើយនាងក៏បានដុតវាឱ្យឆេះថែមទៀតផង ព្រមទាំងថតវីដេអូសកម្មភាពទុក និងបង្ហោះចូលក្នុងហ្វេសប៊ុក។

ប៉ុន្តែក្រោយការបង្ហោះវីដេអូនោះទៅ បានធ្វើឱ្យមានការស៊ែរតៗគ្នាជាច្រើន និងមានការសម្តែងការមិនពេញចិត្ត យ៉ាងខ្លាំងពីសំណាក់ប្រជាជនថៃ រួមទាំងអ្នកលេងហ្វេសប៊ុកមួយចំនួនទៀតផងថា ការពិសោធន៍ដូច្នេះមិនត្រឹមត្រូវឡើយ គឺមានបំណងធ្វើឱ្យខូចគុណភាពអង្ករប្រាកដណាស់។ មានអ្នកខ្លះទៀត ថែមទាំងបានបង្ហាញវីដេអូពីការពិសោធន៍អង្ករផ្លាស្ទិកដែលត្រឹមត្រូវ ឱ្យស្រ្តីម្នាក់នោះឃើញទៀតផង។

ដោយមានរឿងដូច្នេះបានកើតឡើង ក៏បានធ្វើឱ្យខាងនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេស ចេញមកថ្លែងជាបន្ទាន់ថា នេះជាអង្ករម្លិះដែលថៃបាននាំយកទៅលក់នៅអាមេរិកជាយូរណាស់មកហើយ ដោយមានការធានារ៉ាប់រងគុណភាពពីប្រទេសថៃត្រឹមត្រូវ។ ម្យ៉ាងវិញទៀត វាមិនសមហេតុផលទេ ព្រោះអង្ករម្លិះរបស់ថៃលក់ក្នុងមួយគីឡូក្រាម តម្លៃត្រឹមតែ២០បាតប៉ុណ្ណោះ ប៉ុន្តែថង់ផ្លាស្ទិក១គីឡូតម្លៃដល់ទៅ៤០បាតឯណោះ គ្មានហេតុផលណាមួយ ដែលអ្នកធ្វើអង្ករផ្លាស្ទិកលក់នៅលើទីផ្សារ បានចំណេញនោះឡើយ។

មិនតែប៉ុណ្ណោះ ផ្លាស្ទិកត្រូវក្តៅវារលាយ ដោយគ្មានការកកនៅក្នុងខ្ទះ ដូចដែលបានបង្ហាញនៅក្នុងវីដេអូនោះទេ។ ចុងក្រោយ សមាគមន៍នាំចេញអង្ករនៅថៃ ក៏បានពិភាក្សាគ្នាអំពីការរៀបចំបកស្រាយពន្យល់ពីរឿងនេះផងដែរ និងផ្សព្វផ្សាយទៅដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យបានយល់ច្បាស់ នៅថ្ងៃទី៦ខែមករាខាងមុខនេះហើយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]