ថ្មីៗនេះ Reputation Institute បានចាត់ចំណាត់ថ្នាក់បណ្តាក្រុមហ៊ុនជាច្រើន ដោយផ្អែកទៅលើការយល់ឃើញរបស់សាធារណជន លើចំណុចចំនួន ៧ ដែលរួមមានដូចជា ផលិតផលនិងសេវាកម្ម គំនិតបង្កើតថ្មី បរិស្ថានកន្លែងធ្វើការ អភិបាលកិច្ច ទីតាំង ភាពជាអ្នកដឹកនាំ និងការអនុវត្តន៍។ គេបានប្រមូលទិន្នន័យពីមនុស្សជាង ២៤០,០០០ នាក់ មកពី ១៥ ប្រទេសផ្សេងៗគ្នា ដើម្បីធ្វើការចាត់ថ្នាក់។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតសូកូឡា Hershey គឺជាម៉ាកល្បីបំផុតនៅសហរដ្ឋអាមេរិក ប៉ុន្តែមិនបានចាត់ចូលក្នុងបញ្ជីនេះឡើយ ក៏ព្រោះតែមិនសូវមានភាពល្បីល្បាញជាអន្តរជាតិឡើយ។ សូម្បីតែក្រុមហ៊ុន Facebook ក៏មិនអាចវាយលុកចូលបញ្ជី Top 100 បានផង។

តោះកុំឲ្យប្រិយមិត្តរង់ចាំយូរ យើងទៅតាមដានកំពូលក្រុមហ៊ុនទាំង ១០ ដែលមានកេរ្តិ៍ឈ្មោះល្បីសុសសាយ របស់ពិភពលោក ដោយយោងតាម Reputation Institute ទាំងអស់គ្នា ៖

១០. ក្រុមហ៊ុន Apple

(ទទួលបាន ៧៦.៦ ពិន្ទុ លើកេរ្តិ៍ឈ្មោះ) 

Apple គឺជាក្រុមហ៊ុនពហុបច្ចេកវិទ្យា របស់អាមេរិក ដែលមានទីតាំងធំនៅទីក្រុង Cupertino រដ្ឋ California ។ ក្រុមហ៊ុននេះផលិត រៀបចំ និងលក់ឧបករណ៍អេឡិចត្រូនិច ដែលមានដូចជា iPhone,  iPad,  Mac -ល-។ Apple ត្រូវបានបង្កើតឡើងដោយលោក Steve Jobs និង Steve Wozniak និង Ronald Wayne កាលពីខែមេសា ឆ្នាំ ១៩៧៦ មកម្ល៉េះ។ យោងតាមការសិក្សា ក្រុមហ៊ុន Apple ទទួលរងការធ្លាក់ចុះនូវកិត្តិនាមរបស់ខ្លួន ពីព្រោះកាលពីឆ្នាំ ២០១៤ Apple ស្ថិតនៅចំណាត់ថ្នាក់ទី ៧ និងឆ្នាំ ២០១៥ ស្ថិតនៅចំណាត់ថ្នាក់ទី ៨។

៩. ក្រុមហ៊ុន Sony

(ទទួលបាន ៧៦.៧ ពិន្ទុ លើកេរ្តិ៍ឈ្មោះ) 

ក្រុមហ៊ុន Sony គឺជាក្រុមហ៊ុនសាជីវកម្ម ចម្រុះជាតិសាសន៍មួយ របស់ជប៉ុនដែលមានទីស្នាក់ការកណ្តាលនៅ Minato ទីក្រុងតូក្យូ និងត្រូវបានបង្កើតឡើងដោយ Masaru Ibuka ជាមួយនិង Akio Morita កាលពី ៧០ ឆ្នាំមុន នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ១៩៤៦។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុន ផលិតផលិតផលអេឡិចត្រូនិចយ៉ាងជំនាញ ឈានមុខគេក្នុងទីផ្សារ។

៨. ក្រុមហ៊ុន Canon

(ទទួលបាន ៧៦.៩ ពិន្ទុ លើកេរ្តិ៍ឈ្មោះ) 

ក្រុមហ៊ុន Canon គឺជាក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍របស់ជប៉ុន ដែលមានជំនាញក្នុងការផលិតផលិតផល ទាក់ទងនឹងរូបភាព និងអុបទិក ដែលរួមមានដូចជា ម៉ាស៊ីនថតរូប ម៉ាស៊ីនថតវីដេអូ ម៉ាស៊ីនបោះពុម្ព ម៉ាស៊ីនព្រីន ជាដើម-ល-។ ក្រុមហ៊ុននេះបង្កើតឡើងដោយលោក Takeshi Mitarai និង Goro Yoshida និង Saburo Uchida និង Takeo Maeda កាលពីខែសីហា ឆ្នាំ ១៩៣៧។ ជាក់ស្តែង ក្រុមហ៊ុន Canon ក៏ជាម៉ាកល្បីបំផុតទីបី នៅតំបន់អឺរ៉ុប តំបន់មជ្ឈឹមបូព៌ា និងតំបន់អាហ្វ្រិកផងដែរ។

៧. ក្រុមហ៊ុន Microsoft

(ទទួលបាន ៧៧ ពិន្ទុ លើកេរ្តិ៍ឈ្មោះ) 

ក្រុមហ៊ុន Microsoft គឺជាក្រុមហ៊ុន បច្ចេកវិទ្យា ពហុជាតិសាសន៍របស់អាមេរិកមួយ ដែលមានទីស្នាក់ការនៅទីក្រុង Redmond រដ្ឋវ៉ាស៊ីនតោន។ មនុស្សជាច្រើន ប្រាកដជាស្គាល់កម្មវិធី Software ដ៏ល្បីបំផុតមួយចំនួនរួមមកហើយ ដែលមានដូចជា Microsoft Windows និងកម្មវិធី Microsoft Office ជាដើម។ ក្រុមហ៊ុននេះ បង្កើតឡើងដោយលោក Bill Gates និង Paul Allen កាលពីខែមេសា ឆ្នាំ ១៩៧៥។ នៅឆ្នាំ ២០១៦ នេះ ក្រុមហ៊ុន Microsoft បានកើនប្រជាប្រិយភាព ដោយសារតែជោគជ័យលើប្រព័ន្ធប្រតិបត្តិការ Windows និង Xbox ក៏ដូចជា Microsoft Office ផងដែរ។

៦. ក្រុមហ៊ុន Lego Group

(ទទួលបាន ៧៧.៤ ពិន្ទុ លើកេរ្តិ៍ឈ្មោះ) 

ក្រុមហ៊ុន Lego Group គឺជាក្រុមហ៊ុនលក្ខណៈគ្រួសារមួយ ដែលមានទីតាំងធំ នៅឯ Billund ប្រទេសដាណឺម៉ាក។ មនុស្សភាគច្រើន ស្គាល់ម៉ាក Lego នេះ ដោយសារតែ ផលិតផលប្រដាប់ប្រដាក្មេងលេងមួយប្រភេទ ដែលដូចដុំឥដ្ឋ អាចសង់ភ្ជាប់គ្នាបាន។ ក្រុមហ៊ុននេះ បង្កើតឡើងដោយលោក Ole Kirk Christiansen កាលពីអំឡុងខែសីហា ឆ្នាំ ១៩៣២ មកម្ល៉េះ។មិនត្រឹមតែប៉ុណ្ណោះ Lego គឺជាម៉ាកល្បីជាងគេបង្អស់ ក្នុងតំបន់អឺរ៉ុប តំបន់មជ្ឈឹមបូព៌ា និងតំបន់អាហ្រ្វិកថែមទៀតផង។

៥. ក្រុមហ៊ុន Daimler (Mercedes-Benz)

(ទទួលបាន ៧៧.៧ ពិន្ទុ លើកេរ្តិ៍ឈ្មោះ) 

ក្រុមហ៊ុន Daimler AG (Mercedes-Benz) គឺជាក្រុមហ៊ុនផលិតរថយន្ត ផលិតម៉ូតូ និងម៉ាស៊ីនចំហេះ របស់ប្រទេសអាឡឺម៉ង់ ទៅកាន់ទីផ្សារពិភពលោក។ ឆ្នាំ ២០១៦ នេះ ក្រុមហ៊ុន Daimler បានធ្លាក់ចុះ ពីលេខរៀងទីបី មកដល់ទីប្រាំឯណោះ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Daimler មានអត្រាលក់ខ្ពស់គួរឲ្យកត់សម្គាល់ បានលក់រថយន្តអស់ចំនួន ២,៩ លានគ្រឿង នៅឆ្នាំ ២០១៥ ដែលតួលេខនេះ មានការកើនឡើង ១២% ពីឆ្នាំ ២០១៤។

៤. ក្រុមហ៊ុន BMW Group

(ទទួលបាន ៧៧.៩ ពិន្ទុ លើកេរ្តិ៍ឈ្មោះ) 

ក្រុមហ៊ុន Bayerische Motoren Werke AG ឬតែងតែត្រូវបានគេស្គាល់ថា BMW គឺជាក្រុមហ៊ុនផលិតរថយន្ត ម៉ូតូ និងម៉ាស៊ីន ដែលមានគុណភាពខ្ពស់ របស់ប្រទេសអាល្លឺម៉ង់។ ក្រុមហ៊ុននេះបង្កើតឡើងជាដំបូងដោយលោក Franz Josef Popp និង Karl Rapp និង Camillo Castiglioni កាលពីខែមិនា ឆ្នាំ ១៩១៦។ ថ្វីត្បិតតែ ក្រុមហ៊ុន BMW ធ្លាក់ពីចំណាត់ថ្នាក់លេខមួយ កាលពីឆ្នាំ ២០១៥ មកដល់ចំណាត់ថ្នាក់លេខ ៤ ក្នុងឆ្នាំ ២០១៦ នេះក៏ដោយ ក៏ BMW នៅតែនាំមុខក្រុមហ៊ុន Daimler ដែរ។

៣. ក្រុមហ៊ុន Google

(ទទួលបាន ៧៨.១ ពិន្ទុ លើកេរ្តិ៍ឈ្មោះ) 

ក្រុមហ៊ុន Google ជាក្រុមហ៊ុនមានឯកទេសខាងបច្ចេកវិទ្យាពហុជាតិសាសន៍  របស់អាមេរិក ពាក់ព័ន្ធទៅនឹង ផលិតផលនិងសេវាកម្មអ៊ិនធឺណេត ដែលរួមបញ្ចូលទាំងបច្ចេកវិទ្យា ការផ្សព្វផ្សាយពាណិជ្ជកម្មលើបណ្តាញ ស្វែងរកព័ត៌មាន cloud computing និងកម្មវិធី software ឬ hardware ផ្សេងទៀត។ ក្រុមហ៊ុន Google ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ដោយលោក Larry Page និង Sergey Brin ។ ទោះបីជាក្រុមហ៊ុន Google ស្ថិតនៅចំណាត់ថ្នាក់ទី ៣ ក៏ពិតមែន តែបើប្រៀបទៅនឹងឆ្នាំ ២០១៤ និង ២០១៥ ក្រុមហ៊ុន Google ស្ថិតនៅលំដាប់ទី ២ មានន័យថា ធ្លាក់កិត្តិនាមចុះបន្តិចទៅហើយ។

២. ក្រុមហ៊ុន Walt Disney

(ទទួលបាន ៧៨.២ ពិន្ទុ លើកេរ្តិ៍ឈ្មោះ) 

ក្រុមហ៊ុន Walt Disney (ឬគេតែងតែស្គាល់ទូទៅថាក្រុមហ៊ុន Disney) គឺជាក្រុមហ៊ុនផលិត ក៏ដូចជាចែកចាយកម្មវិធី និងកម្សាន្ត របស់អាមេរិក មានការិយាល័យកណ្តាលនៅរដ្ឋកាលីហ្វញ៉ា។ ក្រុមហ៊ុន Disney ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៦ ខែតុលាឆ្នាំ ១៩២៣ ដោយបងប្អូនប្រុសពីររូប គឺលោក Walt Disney និងលោក Roy O ។ ជាក់ស្តែង ក្រុមហ៊ុននេះមិនដែលធ្លាក់ចេញពីបញ្ជី Top 10 ឆ្នាំណាសោះឡើយ។

១. ក្រុមហ៊ុន Rolex

(ទទួលបាន ៧៨.៤ ពិន្ទុ លើកេរ្តិ៍ឈ្មោះ) 

ក្រុមហ៊ុន Rolex SA គឺជា ក្រុមហ៊ុនផលិតនាឡិកាប្រណីត របស់ប្រទេសស្វីស និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Montres Tudor SA ផងដែរ។ ក្រុមហ៊ុន Rolex ត្រូវបានបង្កើតឡើងដោយលោក Hans Wilsdorf និង Alfred Davis កាលពីឆ្នាំ ១៩០៥ (១១២ ឆ្នាំមុន)។ កាលពីប៉ុន្មានឆ្នាំមុន Rolex ជួបប្រទះបញ្ហាទីផ្សារក្នុងប្រទេសចិន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Rolex គឺជាក្រុមហ៊ុននាឡិកាឈានមុខគេទាំងផលិតផល និងសេវាកម្ម ជាពិសេស ក្នុងមួយថ្ងៃក្រុមហ៊ុននេះ អាចផលិតនាឡិកាបានប្រមាណ ២,០០០ គ្រឿង៕

ខាងក្រោមនេះគឺជា ភាពខុសគ្នានៃចំណាត់ថ្នាក់ក្រុមហ៊ុន កាលពីប៉ុន្មានឆ្នាំមុន ៖

ប្រភព៖ Business Insider | Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]