ចិន៖ នៅក្នុងវិស័យកីឡាបាល់ទាត់ គ្មាននរណាមួយគិតថា ចិន អាចនឹងឡើងដល់ចំនុចកំពូលនោះទេតាំងពីដើមមក ប៉ុន្តែអ្វីៗគ្រប់យ៉ាង សុទ្ធអាចកើតឡើងដោយនឹកស្មានមិនដល់ គ្រាន់តែអាស្រ័យលើពេលវេលាតែប៉ុណ្ណោះ។

ជាក់ស្តែងបច្ចុប្បន្ននេះ អាចនិយាយបានថា ជាពេលវេលាមួយដ៏សាកសមផងដែរ សម្រាប់ប្រទេសចិន ក្នុងការជម្រុញកីឡាកររបស់ខ្លួន ក៏ដូចជាក្រុមយុវជន ដើម្បីធ្វើការព្យាយាមហ្វឹកហាត់បាល់ទាត់ សម្រាប់ប្រជែងជាមួយក្រុមខ្លាំងៗនៅលើសាកលលោក ខណៈដែលប្រធានាធិបតី លោក Xi Jinping ក៏បានសង្ឃឹមយ៉ាងម៉ុតមាំផងដែរ អំពីវិស័យកីឡាករបាល់ទាត់របស់ប្រទេសចិន និងជាពិសេស គឺឱកាសទៅលេងនៅពានរង្វាន់ World Cup តែម្តង។ 

ជាមួយនឹងមហិច្ឆិតា គួបផ្សំនឹងភាពរីកចម្រើនផងនោះ ចិនបានបើកសាលាបង្ហាត់បង្រៀនបាល់ទាត់មួយ ដ៏ធំជាងគេនៅលើពិភពលោកផងដែរ ដែលមានទីតាំងស្ថិតក្នុងខេត្តក្វាងចូវ ។

សម្រាប់បរិវេណសាលារៀនសម្រាប់ធ្វើការហ្វឹកហាត់នេះ មានទំហំ៣០០ហិកតា មានតារាងបាល់ចំនួន៥០ និងសព្វថ្ងៃមានចំនួនសិស្សជាង២ ៥០០នាក់ បានចុះឈ្មោះរៀនផងដែរ។

បន្ថែមពីនេះទៀត នៅក្នុងបរិវេណសាលា មិនត្រឹមតែមានតារាងបាល់មួយមុខប៉ុណ្ណោះទេ ពោលក្នុងនោះមានដូចជា តារាងបាល់បោះ តារាងបាល់ទះ ទីលានវាយតេន្នីស អាងហែលទឹក កន្លែងហាត់ប្រាណ រោងភាពយន្ត និងកន្លែងញ៉ាំអាហារជាច្រើនកន្លែងថែមទៀតផង។

ចំនែកឯនៅក្លោងទ្វាក្រៅរបងសាលាវិញ មានរូបសំណាកពានរង្វាន់ World Cup មួយដ៏ធំផងដែរ ដែលត្រូវបានសាងសង់ឡើង សម្រាប់ដាស់តឿន និងក្រើនរំលឹកដល់យុវជនឲ្យខំធ្វើការហ្វឹកហាត់ ដើម្បីឲ្យពួកគេសម្រេចបានគោលបំណងនេះនៅថ្ងៃអនាគត។

ចំពោះកម្មវិធីហ្វឹកហាត់វិញ សិស្សត្រូវមកធ្វើការហ្វឹកហាត់ចំនួន៦ថ្ងៃ ក្នុងមួយសប្តាហ៍ ជាមួយនឹងគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញចំនួន២៤រូប ដែលចិនបានធ្វើសហកម្មសិទ្ធិជាមួយក្លិបយក្ស Real Madrid ក្នុងការនាំយកគ្រូបង្វឹកទាំងនោះមកបង្ហាត់បង្រៀន។

ទាក់ទងនឹងវិស័យបាល់ទាត់ប្រទេសចិន គួររំលឹកផងដែរថា ប៉ុន្មានរយៈពេលចុងក្រោយនេះ ចិនបានធ្វើឲ្យទីផ្សារដោះដូរកីឡាករ រង្គោះរង្គើរខ្លាំងផងដែរ ដោយមានក្លិបនៅចិនមួយចំនួន បានចំណាយលុយរាប់លាន ទិញយកកីឡាករពីតំបន់អឺរ៉ុប មកលេងឲ្យក្លិបរបស់ខ្លួន ក្នុងនោះមានដូចជា Tevez , Oscar និង Witsel ជាដើម៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]