ឥណ្ឌា៖ សារព័ត៌មាន IndiaToday បានចុះផ្សាយកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ថា ទីភ្នាក់ងារស្រាវជ្រាវអវកាសឥណ្ឌា (ISRO) នឹងធ្វើការបង្ហោះផ្កាយរណបចំនួន ១០៣គ្រឿង នៅក្នុងគ្រាប់រ៉ុក្កែតតែមួយ នាសប្តាហ៍ដំបូងនៃខែកុម្ភៈខាងមុខ នៅឯស្ថានីយ៍ PSLV-C37 ។

ក្នុងចំណោមផ្កាយរណបជាង១០០គ្រឿង ដែលនឹងត្រូវបង្ហោះនាខែកុម្ភៈខាងមុខនេះ គឺជាកម្មសិទ្ធិរបស់ប្រទេសមួយចំនួនទៀតក្រៅពីឥណ្ឌា ដូចជាសហរដ្ឋអាមេរិក និងប្រទេសអាល្លឺម៉ង់ ជាដើម។ ខណៈលោក S. Somnath នាយកមជ្ឈមណ្ឌល Liquid Propulsion Systems Centre បាននិយាយថា យើងកំពុងបង្កើតសតវត្សថ្មីមួយ ដោយបាញ់បង្ហោះផ្កាយរណបជាង ១០០គ្រឿង ក្នុងពេលតែមួយ។ 

យោងតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារអវកាសឥណ្ឌា កាលពីសប្តាហ៍មុន បានឲ្យដឹងថា ខ្លួននឹងធ្វើការបង្ហោះផ្កាយរណបចំនួន៨៣គ្រឿង ក្នុងគ្រាប់រុក្កែតតែមួយ។ ប៉ុន្តែរួមជាមួយការបន្ថែមផ្កាយរណបចំនួន២០គ្រឿងទៀត ការបាញ់បង្ហោះក៏ត្រូវពន្យាពេលរហូតដល់សប្តាហ៍ទី១ នៃខែកុម្ភៈខាងមុខ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងចំណោមផ្កាយរណបចំនួន ៨៣គ្រឿងដំបូងនោះ មាន៨០គ្រឿងគឺជាកម្មសិទ្ធិរបស់ប្រទេសអ៊ីស្រាអែល កាហ្សាក់ស្តង់ ហូល្លង់ ប្រទេសស្វីស និងសហរដ្ឋអាមេរិក ដែលមានទម្ងន់ជាង ៥០០គីឡូក្រាម។ រីឯ ៣គ្រឿងទៀត ជាកម្មសិទ្ធិរបស់ប្រទេសឥណ្ឌា គឺ Cartosat-2 series មានទម្ងន់ ៧៣០គីឡូក្រាម ហើយ INS-IA និង INS-1B មានទម្ងន់ ៣០គីឡូក្រាម។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌា នឹងបង្កើតកំណត់ត្រាពិភពលោកមួយ ជាប្រទេសទី១ ដែលបង្ហោះផ្កាយរណបច្រើនបំផុតក្នុងពេលតែមួយ ប្រសិនបើការបាញ់បង្ហោះគ្រាប់រុក្កែតនៅខែក្រោយទទួលបានជោកជ័យ។ ខណៈកាលពីខែមិថុនា ឆ្នាំ២០១៦ ឥណ្ឌា ធ្លាប់បានទទួលជោកជ័យម្តងហើយ ចំពោះការបង្ហោះផ្កាយរណបចំនួន ២០ គ្រឿងតាមរ៉ុក្កែតតែមួយ ចេញពីស្ថានីយ៍លើកោះ Sriharikota ក្នុងរដ្ឋ Andhra Pradesh ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]