ភ្នំពេញ៖ ពេលវេលាតែងតែដើរទៅមុខជានិច្ច ស្របពេលនោះដែរ មនុស្សយើងម្នាក់ៗ ក៏តែងតែមានអ្វីប្លែកៗ ប្រែប្រួលទៅតាមពេលវេលាផងដែរ។ មួយវិញទៀត ទន្ទឹមនឹងបច្ចេកវិទ្យា កំពុងតែដឹកមុខផងនោះ មនុស្សភាគច្រើន ក៏អាចស្គាល់គ្នាបានយ៉ាងឆាប់រហ័ស និងកសាងទំនាក់ទំនងរាប់អានគ្នាកាន់តែច្បាស់ថែមទៀត នៅក្នុងពិភពមួយ ហៅថា «បណ្តាញសង្គម» ឬ «Social Media»  ដែលជាក់ស្តែងមានដូចជា បណ្តញសង្គមហ្វេសប៊ុកជាដើម ។

ហ្វេសប៊ុក គិតមកត្រឹមពេលនេះ មានអាយុកាលជាង១០ឆ្នាំហើយ ដែលបង្កើតឡើងដំបូងដោយលោក Mark Zuckerberg នៅឆ្នាំ ២០០៤។ រហូតមកទល់បច្ចុប្បនេះ ហ្វេសប៊ុក គឺជាគេហទំព័របណ្តាញសង្គមធំជាងគេបន្ទាប់ពី Google ដែលមានមនុស្សជាច្រើនពាន់លាននាក់ជុំវិញពិភពលោក បានចុះឈ្មោះប្រើប្រាស់នៅបណ្តាញសង្គមមួយនេះ។

ទន្ទឹមនឹងការវិវឌ្ឍនេះដែរ ហ្វេសប៊ុកបានបង្កើតនូវកម្មវិធីថ្មីៗ ប្លែកៗជាច្រើន ដើម្បីបំពេញទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ ដោយជាក់ស្តែងសព្វថ្ងៃនេះ យើងសង្កេតឃើញថា កម្មវិធីថ្មីមួយរបស់ហ្វេសប៊ុកកំពុងទទួលការពេញនិយមពីមហាជនជាច្រើនផងដែរ គឺការផ្សាយផ្ទាល់តាមរយៈហ្វេសប៊ុក ឬ «Facebook Live» ។ 

ការ Live វីដេអូ តាមហ្វេសប៊ុក បច្ចុប្បន្ននេះ ក៏កំពុងពេញនិយមសម្រាប់យុវវ័យខ្មែរយើងផងដែរ ជាពិសេសក្មេងជំទង់ៗ ដែលចូលចិត្តការកម្សាន្តនៅក្នុងបណ្តាញសង្គម ប៉ុន្តែជាក់ស្តែងយើងមិនដឹងថា តើពួកគេទាំងនោះ ចូលចិត្ត Live ក្នុងគោលបំណងអ្វីនោះទេ? ទើបដូច្នេះ ខ្មែរឡូតបានសម្រេចចិត្តលើកយកប្រធានបទនេះឡើង ដើម្បីសាកសួរទៅយុវវ័យខ្មែរយើងមួយចំនួនដែលឧស្សាហ៍ និងចូលចិត្ត Live Video តាមរយៈហ្វេសប៊ុក។

ជួបជាមួយនឹងបងប្រុស «សុគន្ធតារា» សព្វថ្ងៃជានិស្សិតផង និងធ្វើការឲ្យក្រុមហ៊ុនឯកជនមួយផង បានថ្លែងប្រាប់ខ្មែរឡូតឲ្យដឹងថា«គាត់ចាប់ផ្តើម Live តាមហ្វេសប៊ុកនេះ តាំងពីពាក់កណ្តាលឆ្នាំមុនមកម្ល៉េះ ហើយជាទូទៅ ២ ទៅ៣ថ្ងៃ ទើប Liveម្តង ណាមួយទាល់តែមានប្រធានបទចង់និយាយដែរ ទើប Live»

បងប្រុសបន្តទៀតថា «កាលពីដំបូងឡើយ ខ្ញុំគ្រាន់តែចង់ស្គាល់ ចង់តេស្តមើលថា ហ្វេសប៊ុក Live ហ្នឹងវាយ៉ាងម៉េច ពីព្រោះរាល់ដងពីមុនមក ទាល់តែមានផេក ឬទំព័រហ្វេសប៊ុកខ្លួនឯងទើប Live បាន តែឥឡូវមិនចាំបាច់ទេ សូម្បីគណនីហ្វេសប៊ុកនរណាៗ ក៏ Live បានដែរ»

ចំពោះមូលហេតុ និងគោលបំណងក្នុងការ Live ហ្វេសប៊ុកនេះដែរ បងប្រុសបានប្រាប់បន្ថែមទៀតថា «ដំបូងខ្ញុំចង់ស្គាល់ ចង់សាក ហើយណាមួយការ Live នេះក៏មិនមែនចេះតែតាមចិត្តចង់នោះទេ ទាល់តែអផ្សុកខ្លាំងណាស់ដែរបាន Live ហើយភាគច្រើន ខ្ញុំតែងតែ Live ដើម្បីផ្តល់ជាព័ត៌មាន ជាពិសេសគឺទាក់ទងនឹងកីឡាតែម្តង ភាគច្រើនមិនសូវមានរឿងអ្វីផ្សេងក្រៅពីរឿងកីឡាទេ តែពេលខ្លះក៏មានរឿងផ្ទាល់ខ្លួនខ្លះដែរ ទាក់ទងនឹងការរៀនសូត្រជាដើម» ។ 

រូបភាព៖ បងប្រុស សុគន្ធតារា

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ បងប្រុសក៏ជាម្ចាស់ទំព័រកីឡាបាល់ទាត់ដ៏ល្បីមួយផងដែរ នៅក្នុងហ្វេសប៊ុក ដូច្នេះហើយរាល់ការ Live តាមផេកម្តងៗ បងប្រុសបានបញ្ជាក់ថា « តាមផេកហ្នឹងខ្ញុំ Live គឺទាល់តែមាន Special Event ឬការប្រកួតធំៗ ទើប Live ពីព្រោះអ្នកកាន់ផេក មិនមែនមានតែខ្ញុំមួយទេ។ ហើយចំពោះការ Live តាមផេកម្តងៗ គឺខ្ញុំតែងតែស្វែងរកព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់ព័ត៌មានច្បាស់ការមួយដល់អ្នកមើល ព្រោះតាមផេកគេមើលច្រើន ហើយចង់ដឹងច្រើនពីព័ត៌មាន»

ដោយឡែក ទន្ទឹមនឹងបានរៀបរាប់ពីហេតុផល និងគោលបំណងមួយចំនួនរួចមក ខ្មែរឡូត ក៏បានចោទសួរបងប្រុសពី ប្រភេទអ្នក Live បែបណាដែលមើលទៅមិនទំនងវិញម្តង ក្រោយមកបងប្រុសក៏បានបញ្ជាក់ប្រាប់ថា «ការ Live ហ្វេសប៊ុកនេះ វាមិនខុសអីទេ ប៉ុន្តែមានមនុស្សមួយចំនួនតូច គាត់បានសម្តែងនូវទង្វើឆ្គាំឆ្គងមួយចំនួន នៅក្នុងវីដេអូ Live ខ្លះសម្តែងភាពសិុចស៊ី ខ្លះទៀតធ្វើរឿងឥតប្រយោជន៍ច្រើនដែលសឹងពុំអាចរៀបរាប់បាន»

យ៉ាងណាមិញ ជាមួយនឹងបទពិសោធន៍ និងមានអ្នកមើលច្រើននៅពេល Live ម្តងៗ បងប្រុសបានឲ្យដឹងបន្ថែមទៀតថា «ការ Live តាមហ្វេសប៊ុកនេះ ក៏មានផលប្រយោជន៍ច្រើនផងដែរ ទី១នោះគឺ ផ្តល់ព័ត៌មានបានលឿនជាង ហើយការទាក់ទងគ្នាវិញ កាន់តែងាយស្រួលជាងមុនទៀត។ ទី២នោះ គឺចំនេញពេលវេលាច្រើន ដោយសារបច្ចុប្បន្នយើងឃើញហើយថា ពីមុនចង់មើលកម្មវិធីអ្វីមួយ ទាល់តែមើលតាមទូរទស្សន៍ តែឥឡូវគ្មានទេ សូម្បីហ្វេសប៊ុក ក៏អាចទស្សនាការ Live ផ្ទាល់បានដែរ និងមួយទៀត ងាយស្រួលធ្វើអាជីវកម្មផងដែរ ចំពោះនរណាដែលមានបំណងចង់ផ្សព្វផ្សាយផលិតផលរបស់ខ្លួន» ។ 

ងាកមកមើល កញ្ញា ម៉ានិច ជានិស្សិតឆ្នាំទី៤ ជំនាញធនាគាវិញម្តង កញ្ញាបានប្រាប់ខ្មែរឡូតឲ្យដឹងថា «ខ្ញុំចាប់ផ្តើម Live វីដេអូតាមហ្វេសប៊ុកដំបូង ប្រមាណជា៤ខែមុន តែថ្មីៗនេះ មិនសូវជា Live ញឹកប៉ុន្មានទេ ប៉ុន្តែពីមុនទើបឧស្សាហ៍»

កញ្ញាបានបន្តទៀតថា «កាលពីចាប់ផ្តើម Live ហ្វេសប៊ុកដំបូង គឺគ្រាន់តែចង់ដឹងថា Live ហ្នឹងវាយ៉ាងម៉េចតែប៉ុណ្ណោះ ចង់សាកឲ្យដឹង ដោយសារវាថ្មី ហើយប្លែក»

បន្ថែមពីនេះទៀត បន្ទាប់ពី ម៉ានិច បានសាកល្បង និងស្គាល់ហើយនោះ កញ្ញា ក៏ចាប់ផ្តើម លេងជាមួយមិត្តភក្កិ និងធ្វើការនិយាយទាក់ទងគ្នាតាមការ Live តាមហ្វេសប៊ុកនេះវិញម្តង ដោយកញ្ញាបានប្រាប់ឲ្យដឹងថា «ខ្ញុំមានអារម្មណ៍ថាសប្បាយម្យ៉ាងដែរ នៅពេលដែលបានឆ្លើយឆ្លងគ្នា តាមវីដេអូ Live ហើយណាមួយវាក៏ជួយឲ្យខ្ញុំបំបាត់ភាពអផ្សុកផងដែរ»

ដោយឡែក ម៉ានិច បានប្រាប់មកកាន់ខ្មែរឡូតផងដែរថា «ការ Live វីដេអូនេះ ក៏មានមនុស្សមួយចំនួន បានប្រព្រឹត្តនូវទង្វើមិនសមស្របផងដែរ អ្នកខ្លះក្មេងៗទេ តែសំញែងភាពសិុចស៊ី អាសអាភាសក្នុងវីដេអូ ខ្លះទៀត យករឿងនយោបាយមកនិយាយ ដែលធ្វើឲ្យកកើតនូវជម្លោះ ប៉ះពាល់ដល់សង្គម  ហើយជាពិសេសនោះធ្វើឲ្យវប្បធម៌យើងធ្លាក់ចុះតែម្តង» ។     

រួបភាព៖ កញ្ញា ម៉ានិច

គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាមតិ និងបទពិសោធន៍មួយចំនួន របស់យុវវ័យខ្មែរយើងដែលនិយម ចង់ស្គាល់ពីរបបគំហើញថ្មីមួយនេះ របស់ហ្វេសប៊ុកតែប៉ុណ្ណោះ។ យ៉ាងណាមិញ បើយោងតាមការសង្កេតមើលកន្លងមក អ្នកដែលនិយម Live វីដេអូ តាមហ្វេសប៊ុក ភាគច្រើន ពួកគេសុទ្ធតែចង់ជជែកកម្សាន្តជាមួយ អ្នកមើលវីដេអូរបស់ពួកគេ ហើយខ្លះទៀត Live ក្នុងគោលបំណងផ្តល់នូវព័ត៌មានថ្មីៗ ប្លែកៗ សម្រាប់ បងប្អូនអ្នកនិយមលេងហ្វេសប៊ុក បានទស្សនាផងដែរ ដោយមានជាឧទាហរណ៍ស្រាប់ ដូចបងប្រុសខាងលើ គាត់បានរៀបរាប់ប្រាប់មកកាន់ខ្មែរឡូត។

បើទោះបីជាយ៉ាងណាក៏ដោយ ក៏មានមហាជនមួយចំនួនតូចដែរ ដែលយកការ Live វីដេអូតាមហ្វេសប៊ុកនេះ មកបញ្ចេញនូវអ្វីមិនសមទំនង ដែលធ្វើឲ្យប៉ះពាល់សង្គម។ ដូច្នេះហើយជាការសំណូមពរ បងប្អូនប្រិយមិត្ត ដែលនិយម Live តាមបណ្តាញហ្វេសប៊ុក គួរតែ បញ្ឈប់នូវទង្វើទាំងនេះ ហើយគួរយករឿងណាដែលល្អៗមកផ្សាយ ដើម្បីជាប្រយោជន៍ដល់សង្គមជាតិវិញ ក៏ដូចជាយុវវ័យខ្មែរយើងទាំងមូល។ 

ជាចុងក្រោយ ខ្មែរឡូតក៏សូមអរគុណដល់អ្នកគាំទ្រ និងចូលចិត្តអានព័ត៌មានរបស់យើងខ្ញុំកន្លងមក ហើយសូមជូនពរ ប្រិយមិត្តទាំងអស់ ឲ្យជួបតែសេចក្តីសុខ និងមានសុភមង្គលក្នុងឱកាសឆ្នាំថ្មីនេះផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]