ម៉ាឡេស៊ី៖ វាពិតជារឿងដែលមិននឹកស្មានដល់មួយ ដែលសាលាបឋមសិក្សាមួយកន្លែង ក្នុងប្រទេសម៉ាឡេស៊ី កាន់តែហោចសិស្សទៅ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈឆ្នាំសិក្សាថ្មីនេះ មានចំនួនសិស្សចុះឈ្មោះចូលរៀន ត្រឹមតែ២នាក់តែប៉ុណ្ណោះ។

វាមិនមែនជារឿងចម្លែកឡើយ ដែលសាលបឋមសិក្សា Sekoah Kebangsaan Tebing Rebak ឬហៅកាត់ថា SK Tebing Rebak ដែលមានទីតាំងស្ថិតនៅក្នុងស្រុក Hilir Perak នៃប្រទេសម៉ាឡេស៊ី ជួបប្រទះនូវរឿងរ៉ាវដូចនេះ។ ក្នុងដើមឆ្នាំ២០១៧ នៃត្រីមាសថ្មីនេះ ត្រូវបានគេដឹងថាសាលាបឋមសិក្សាមួយនេះ មានចំនួនកូនសិស្សតែ២នាក់តែប៉ុណ្ណោះ ដែលបានមកចុះឈ្មោះចូលរៀន។ ក្នុងនោះ មានកុមារីអាយុ៧ឆ្នាំម្នាក់ ដែលទើបតែចុះឈ្មោះចូលរៀនថ្នាក់ទី១ និងក្មេងប្រុសម្នាក់ទៀត ជាសិស្សរៀនថ្នាក់ទី៥ មានឈ្មោះថា Ahmad Norsyarwani Ahmad Kamal

បើតាមប្រភព បានឲ្យដឹងថា កុមារីដែលទើបតែចុះឈ្មោះចូលរៀន ក្នុងឆ្នាំសិក្សាថ្មីដែលតម្រូវឲ្យរូបគេ អនុវត្តទៅតាមកម្មវិធីសិក្សា នៃសាលាបឋមសិក្សាជាតិមួយនេះ ត្រូវបានគេស្គាល់ឈ្មោះថា Dhia Sofea Mohd Redzwan មានអាយុ៧ឆ្នាំ។ នាយិកាប្រចាំសាលាបឋមសិក្សាខាងលើនេះ អ្នកស្រី Amah Zakaria បានមានប្រសាសន៍ឲ្យដឹងថា «ឥលូវនេះសាលាយើង មានកូនសិស្សចំនួន២នាក់ហើយ។ ផ្ទះរបស់កុមារី Dhia Sofea មានចម្ងាយឆ្ងាយពីនេះប្រមាណជា ២០គីឡូម៉ែត្រឯណោះ»

នាយិការូបនេះ បានបន្តថ្លែងប្រាប់ខាងព័ត៌មានឲ្យដឹងទៀតថា «សាលារៀនមួយនេះ បានបង្កើតឡើងតាំងពីអំឡុងឆ្នាំ១៩៥០ មកម្ល៉េះ ខណៈបច្ចុប្បន្នមានគ្រូបង្រៀនចំនួន៤នាក់ បុគ្គលិកមើលការខុសត្រូវចំនួន១នាក់ និងនាយិកាស្រីម្នាក់តែប៉ុណ្ណោះ។ ហើយបច្ចុប្បន្ននេះ ពួកយើងគ្មានសិស្សដែលសិក្សាថ្នាក់ទី២ ទី៣ ទី៤ និងទី៦ឡើយ។ ពោលមានសិស្សរៀនត្រឹមតែថ្នាក់ទី១ និងទី៥តែប៉ុណ្ណោះ»

បើយោងតាមប្រសាសន៍ របស់អ្នកគ្រូនាយិកា Azmah បានលើកឡើងថា ទោះបីជារយៈពេល ១០ឆ្នាំចុងក្រោយនេះ សាលាបឋមសិក្សា SK Tebing Rebak មានចំនួនសិស្សសិក្សាតិចតួចក្តី ប៉ុន្តែកម្មវិធីសិក្សារបស់សាលា នៅតែប្រព្រឹត្តទៅជាធម្មតា។

នាយិកា Azmah បានឲ្យដឹងឲ្យដឹងទៀតថា «កន្លងមក ពួកយើងទទួលបានចំនួនសិស្ស មកចុះឈ្មោះសិក្សា ជាង២០០នាក់ ប៉ុន្តែក្រោយមក ដោយសារតែមានការសាងសង់ សាលារៀនផ្សេងទៀតជាច្រើនកន្លែង ទើបបណ្តាលឲ្យការចុះឈ្មោះចូលរៀននៅទីនេះ បានចាប់ផ្តើមធ្លាក់ចុះតែម្តង»

ដោយឡែក បើតាមការឲ្យដឹងពីកុមារី Dhia Sofea វ័យក្មេងមហិច្ឆតាខ្ពស់ ចង់ក្លាយខ្លួនជាអ្នកគ្រូពេទ្យម្នាក់ នាថ្ងៃអនាគត ទើបតែចុះឈ្មោះសិក្សានៅសាលាបឋមសិក្សានេះ និយាយថា នាងមិនមានអារម្មណ៍ថាឯកា អផ្សុក ឬធុញថប់នៅក្នុងថ្នាក់រៀនឡើយ ហើយគ្រូបង្រៀនតែងយកចិត្តទុកដាក់ ក្នុងការបង្រៀនមកលើរូបនាងជានិច្ច ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]