ព័រទុយហ្គាល់៖ ក្រោយពីការប្រកួតលីកបាល់ទាត់របស់អេស្ប៉ាញសម្រាកអស់មួយរយៈ កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid កីឡាករ Cristiano Ronaldo បាននាំមិត្តស្រី នាង Georgina Rodriguez ទៅលេងនៅឯស្រុកកំណើតរបស់ខ្លួន ក្នុងតំបន់ Madeira ប្រទេសព័រទុយហ្គាល់។ ទន្ទឹមនឹងនេះ ខ្សែប្រយុទ្ធ វ័យ៣១ឆ្នាំរូបនេះ ក៏ឆ្លៀតពេលចូលទស្សនា សណ្ឋាគារបស់ខ្លួន ដែលមានឈ្មោះថា Pestana CR7 Hotel ផងដែរ។

ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកំណើត និងផ្លូវចូលទៅសណ្ឋាគារ Ronaldo និងមិត្តស្រី ត្រូវបានក្រុមអ្នកគាំទ្រ ចោមរោមស្វាគមន៍ជាច្រើនកុះករផងដែរ ដើម្បីចង់ជួបថតរូប និងសុំហត្ថលេខា ខណៈដែលម្តាយ និងកូនប្រុសរបស់កីឡាកររូបនេះ ក៏បានរួមដំណើតមកកាន់ប្រទេសព័រទុយហ្គាល់ជាមួយគ្នាផងដែរ។ 

គួរបញ្ជាក់ដែរថា Ronaldo មិនត្រឹមជាកីឡាករឆ្នើមមួយរូបទេ ថែមទាំងជាម្ចាស់ សណ្ឋាគារ ២ នៅក្នុងប្រទេសព័រទុយហ្គាល់ថែមទៀតផង ដោយមួយស្ថិតក្នុងតំបន់ Madeira និងមួយទៀតនៅក្នុងទីក្រុង Lisbon។ លើសពីនេះទៀត Ronaldo ក៏គ្រោងនឹងបង្កើតសណ្ឋាគារ២ថ្មីថែមទៀតផងដែរ ដោយមួយនៅក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ និងមួយទៀតនៅទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក។

យ៉ាងណាមិញ ក្នុងការវិលត្រលប់មកកាន់ប្រទេសកំណើតជាមួយមិត្តស្រីលើកនេះ កីឡាករ Cristiano Ronaldo ក៏ទទួលបានការអនុញ្ញាត្តិដោយគ្រូបង្វឹក លោក Zinedine Zidane ផងដែរ ដើម្បីសម្រាកពីការហ្វឹកហាត់ ជាពិសេសគឺការប្រកួតនៅយប់នេះ។

ដូច្នេះការប្រកួតយប់នេះ Ronaldo នឹងបានត្រឹមមើលពីខាងក្រៅតែប៉ុណ្ណោះ ខណៈ Real នឹងត្រូវប្រកួតជាមួយ Sevilla នៃពានរង្វាន់ Copa Del Ray វគ្គ១៦ចុងក្រោយ៕ 

ប្រភព៖ Dailymail

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ CR7៖ «មានគេប្រាប់កូនខ្ញុំថា មានកីឡាករផ្សេងទៀត ដែលល្អជាងខ្ញុំ»...ចង់ដឹងអត់ថា CR7 ប្រាប់ទៅកូនប្រុសវិញយ៉ាងម៉េច?

Cristiano Ronaldo ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid តែងតែត្រូវបានអ្នកគាំទ្រ ធ្វើការប្រៀបធៀបជាមួយខ្សែប្រយុទ្ធកំពូលរបស់ Barcelona គឺ Lionel Messi។

ទាក់ទងនឹងការប្រៀបធៀបនេះដែរ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់បាននិយាយថា កូនប្រុសរបស់ខ្លួន Cristiano Jnr ក៏ធ្លាប់ឆ្លងកាត់នូវសំនួរបែបនេះដែរ ជាពិសេសនោះ គឺសំនួរដែលទាក់ទងនឹងការប្រៀបធៀបរវាង Ronaldo និង Messi តែម្តង។

ថ្លែងទៅកាន់ស្ថានីយ៍ទូរទស្សន៍ Ronaldo បានឲ្យដឹងទៀតថា «កន្លងមកមានមនុស្សច្រើនណាស់ បានសួរមកកាន់កូនខ្ញុំ ហើយបានប្រាប់កូនប្រុសខ្ញុំថា មានកីឡាករផ្សេងទៀត ដែលល្អជាងខ្ញុំ…ប៉ុន្តែកូនប្រុសខ្ញុំអាចប្រឈមនឹងរឿងនេះបាន»។

Ronaldo បានបន្តទៀតថា «គេគឺជាក្មេងឆ្លាតម្នាក់ ដោយសារខ្ញុំតែងតែប្រាប់គេថា ត្រូវធ្វើជាខ្លួនឯង ហើយត្រូវចេះសំដែងការសមរម្យ ពីព្រោះមនុស្សទាំងនោះសុទ្ធតែជាអ្នកច្រណែន» ។

ទាក់ទងនឹងអនាគតកូនប្រុសវិញ ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះ បានបញ្ជាក់ទៀតថា «ខ្ញុំនឹងពេញចិត្ត បើកូនប្រុសខ្ញុំដើរតាមគន្លងខ្ញុំ ចង់ក្លាយជាកីឡាករបាល់ទាត់។ ប៉ុន្តែវាស្ថិតទៅលើការព្យាយាម ហើយពិតជាមិនមានភាពងាយស្រួលទេ ណាមួយវិញ ខ្ញុំក៏មិនបង្ខំកូនប្រុសដែរ គឺគេអាចធ្វើអ្វីផ្សេងបាន ទៅតាមចំណង់ចំណូលចិត្តគេ» ។

Ronaldo បានបន្តទៀតថា «ប្រសិនជាគេចង់ក្លាយជាកីឡាករបាល់ទាត់មែននោះ ខ្ញុំនឹងខំប្រឹងជម្រុញគេ ឲ្យក្លាយជាខ្សែប្រយុទ្ធម្នាក់ មិនមែនធ្វើជាអ្នកចាំទីនោះទេ» ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]