ជាទូទៅជុំវិញពិភពលោក ល្បឿនជាមធ្យមរបស់អ៉ីនធើណេត  ៦.៣ មេហ្គាបីត (megabits) ក្នុងមួយវិនាទី។ តែយ៉ាងណាក៏ដោយ មានប្រទេសមួយចំនួន ពិតជាមានល្បឿនអ៉ីនធើណេតលឿនជាងនេះទៅទៀត ដូច្នេះយើងនឹងនាំប្រិយមិត្តអ្នកអានមកស្គាល់ប្រទេសទាំង ១០ ដែលមានល្បឿនអ៉ីនធើណេតលឿនជាងគេបំផុត នៅលើពិភពលោក ដោយយោងតាមក្រុមហ៊ុនផ្តល់សេវាអ៉ីនធើណេត Akami Technologies នៅរដ្ឋ Massachusetts របស់សហរដ្ឋអាមេរិក ដូចខាងក្រោម៖

១០. សាធារណរដ្ឋហ្វាំងឡង់ (Finland)

ហ្វាំងឡង់ (Finland) ឬឈ្មោះជាផ្លូវការ សារធារណរដ្ឋហ្វាំងឡង់ គឺជារដ្ឋអធិបតេយ្យមួយ នៅតំបន់អ៊ឺរ៉ុប ភាគខាងជើង។ Helsinki គឺជារាជធានីរបស់ ហ្វាំងឡង់ ហើយក៏ជាទីក្រុងដែលធំជាងគេផងដែរ។ សារធារណរដ្ឋហ្វាំងឡង់ មានទំហំផ្ទៃដីស្មើនឹង ៣៣៨,៤២៤ គីឡូម៉ែតការ៉េ និងមានប្រជាពលរដ្ឋប្រមាណ ៥,៤៨៨,៥៤៣ នាក់ បើគិតមកទល់នឹងឆ្នាំ ២០១៦ ខែកក្កដា។

ប្រជាជននៅទីនោះ អាចប្រើប្រាស់អ៉ីនធើណេតល្បឿន ១៧.៧ មេហ្គាបីតក្នុងមួយវិនាទី (17.7 Mbps) ជាមធ្យម ដែលនេះជាតួលេខមួយ នៃល្បឿនយ៉ាងលឿន បើប្រៀបធៀបទៅនឹងល្បឿន ៦.៣ មេហ្គាបីតក្នុងមួយវិនាទីជាមធ្យមនៅជុំវិញពិភពលោក។ 

៩. សាធារណរដ្ឋឆែក (Czech Republic)

សាធារណរដ្ឋឆែក (Czech Republic) ជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបកណ្តាល។ រាជធានីរបស់សាធារណរដ្ឋឆែកគឺ Prague ដែលជាទីក្រុងធំជាងគេផងដែរ។ ទំហំផ្ទៃដីសរុបស្មើនឹង ៧៨,៨៦៦ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅប្រមាណជា ១០,៥៥៣,៤៤៣ នាក់ បើគិតមកត្រឹមឆ្នាំ ២០១៥។

ល្បឿនអ៉ីនធើណេតនៅទីនោះ អាចដំណើរការបានរហូតដល់ ១៧.៨ មេហ្គាបីតក្នុងមួយវិនាទី (17.8 Mbps) ជាមធ្យម ដែលតួលេខនេះ បញ្ជាក់ពីការកើនឡើងល្បឿន ៣១% ពីឆ្នាំ ២០១៥។ អ្នកអាចទស្សនាវីដេអូកម្រិត HD និងបើកចូលគេហទំព័រផ្សេងៗបាន ដោយគ្មានបញ្ហារអាក់រអួលបន្តិចសោះឡើយ។ 

៨. ប្រទេសហូឡង់ (The Netherlands)

ហូឡង់ (The Netherlands) ឬព្រះរាជាណាចក្រហូឡង់ គឺជាប្រទេសតូចមួយ តែមានប្រជាពលរដ្ឋរស់នៅច្រើន ដែលស្ថិតក្នុងតំបន់ អ៉ឺរ៉ុបប៉ែកខាងលិច។ Amsterdam គឺជារាជធានីរបស់ហូឡង់ ហើយក៏ជាទីក្រុងដែលធំជាងគេក្នុងប្រទេសនេះផងដែរ។ ហូឡង់ មានផ្ទៃដីសរុប ៤១,៥៤៣ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅប្រមាណ ១៧,០០០,០៥៩ នាក់ បើគិតត្រឹមឆ្នាំ ២០១៦។

ល្បឿនអ៉ីនធើណេតជាមធ្យម របស់ប្រទេសហូឡង់ គឺស្មើនឹង ១៧.៩ មេហ្គាបីតក្នុងមួយវិនាទី (17.9 Mbps)។ យោងតាមរបាយការណ៍ឆ្នាំ ២០១៤ ប្រទេសនេះមានចំនួនភាគរយ អ្នកប្រើប្រាស់អ៉ីនធើណេតខ្ពស់ជាងគេ ក្នុងតំបន់សហភាពអ៊ឺរ៉ុបថែមទៀតផង។ 

៧. ប្រទេសជប៉ុន

ជប៉ុន គឺជាប្រទេសកោះមួយ ស្ថិតនៅអាស៊ីខាងកើត លើមហាសមុទ្រប៉ាស៊ីហ្វិច។ រាជធានីរបស់ប្រទេសជប៉ុន គឺទីក្រុងតូក្យូ (Tokyo) ។ ផ្ទៃដីសរុបរបស់ប្រទេសជប៉ុន ស្មើនឹង ៣៧៧,៩៧២.២៨ គីឡូម៉ែត្រការ៉េ និងមានចំនួនប្រជាពលរដ្ឋប្រមាណជា ១២៧,១១០,០៤៧ នាក់ បើគិតត្រឹមឆ្នាំ ២០១៥។

ប្រជាជនជប៉ុន អាចប្រើប្រាស់ល្បឿនអ៉ីនធើណេត ជាមធ្យមចំនួន ១៨.២ មេហ្គាបីតក្នុងមួយវិនាទី (18.2 Mbps)។ និយាយរួម មនុស្សច្រើននាក់ ក្នុងគ្រួសារមួយ អាចមើលវីដេអូ លេងហ្គេម និងដំណើរការគេហទំព័រផ្សេងៗបាន ដោយគ្មានជួបបញ្ហាយឺតអ្វីបន្តិចឡើយ។ 

៦. ប្រទេសឡេតូនី (Latvia)

ឡេតូនី (Latvia) ឬមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឡេតូនី គឺជាប្រទេសមួយនៅតំបន់បាល់ទិក (Baltic) នៃភាគខាងជើងតំបន់អ៉ឺរ៉ុប។ Riga គឺជារាជធានីរបស់ឡេតូនី ហើយក៏ជាទីក្រុងធំជាងគេដែរ។ ប្រទេសនេះមានផ្ទៃដីសរុបចំនួន ៦៤,៥៨៩ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅប្រមាណជា ១,៩៥៧,២០០ នាក់ បើគិតមកត្រឹមឆ្នាំ ២០១៦ នេះ។

ប្រជាពលរដ្ឋ ដែលរស់នៅប្រទេសឡាតវី អាចប្រើប្រាស់អ៉ីនធើណេត ក្នុងល្បឿនរហូតដល់ទៅ ១៨.៣ មេហ្គាបីតក្នុងមួយវិនាទី (18.3 Mbps) ជាមធ្យម។ បើគិតទៅ ល្បឿននេះលឿនជាង ល្បឿនអ៉ីនធើណេតជាមធ្យមរបស់ពិភពលោក ជិតបីដងឯណោះ! 

៥. ប្រទេសស្វីស (Switzerland)

ស្វីស ឬសហព័ន្ធស្វីស (Swiss Confederation) គឺជាប្រទេសមួយ ស្ថិតនៅកណ្តាលលោកខាងលិចក្នុងទ្វីបអឺរ៉ុប។ ទីក្រុង Bern គឺជារាជធានីរបស់ស្វីស រីឯទីក្រុងដែលធំជាងគេគឺទីក្រុង Zürich ។ ប្រទេសនេះមានផ្ទៃដីសរុប ៤១,២៨៥ គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋរស់នៅប្រមាណ ៨,៤០១,១២០ នាក់ បើគិតមកទល់នឹងឆ្នាំ ២០១៦។

ល្បឿនអ៉ីនធើណេតរបស់ ប្រទេសស្វីស សម្រាប់អ្នកប្រើប្រាស់ គឺកើនឡើងរហូតដល់ទៅ ១៨.៧ មេហ្គាបីតក្នុងមួយវិនាទី (18.7 Mbps) ជាមធ្យម។ ចំនួនទិន្នន័យនេះ គឺមានការកើនឡើងពីឆ្នាំ ២០១៥ ចំនួន ២៥% ឯណោះ។

៤. កោះហុងកុង

កោះហុងកុង ឬឈ្មោះជាផ្លូវការ “ហុងកុង តំបន់រដ្ឋបាលពិសេស នៃសាធារណរដ្ឋប្រជាមានិតចិន” គឺជាទឹកដីស្វយ័តនៅលើតំបន់ដីសណ្ត ទន្លេគជ់ (Pearl River) នៃអាស៊ីខាងកើត។ ផ្ទៃដីសរុបរបស់ ទឹកដីកោះហុងកុងមានចំនួន ២,៧៥៥ គីឡូម៉ែត្រការ៉េ ជាមួយនឹងចំនួនប្រជាពលរដ្ឋរស់នៅប្រមាណជា ៧,២៣៤,៨០០ នាក់ បើគិតត្រឹមឆ្នាំ ២០១៤ ។

ជាក់ស្តែង ហុងកុង គឺជាទឹកដីមួយ ដែលមានល្បឿនអ៊ិនធឺណេតប្រើប្រាស់ រហូតដល់ ៦០ មេហ្គាបៃក្នុងមួយវិនាទី ដំបូងគេបង្អស់ តាំងពីឆ្នាំ ២០១៣ ។ ប៉ុន្តែ សព្វថ្ងៃនេះ ប្រជាជនរស់នៅហុងកុង អាចរីករាយនឹងល្បឿនអ៊ិនធីណេត ១៩.៩ មេហ្គាបីតក្នុងមួយវិនាទី (19.9 Mbps) ជាមធ្យម។ ទោះជាយ៉ាងណា តួលេខនេះ ក៏ស្ថិតនៅចំណាត់ថ្នាក់លេខ ៤ របស់ពិភពលោកដែរ។ 

៣. ប្រទេសស៊ុយអែត

ស៊ុយអែត ឬព្រះរាជាណាចក្រស៊ុយអែត គឺជាប្រទេសមួយ ស្ថិតនៅឯអ៊ឺរ៉ុបភាគខាងជើង។ រាជធានីរបស់ប្រទេសស៊ុយអែត គឺ Stockholm ហើយវាក៏ជាទីក្រុងធំជាងគេផងដែរ។ ផ្ទៃដីសរុបរបស់ស៊ុយអែតមានចំនួន ៤៥០,២៩៥ គីឡូម៉ែត្រការ៉េ និងមានមនុស្សរស់នៅប្រមាណជា ៩,៩៥៤,៤២០ នាក់ បើគិតត្រឹមខែកញ្ញា ឆ្នាំ ២០១៦។

ល្បឿនអ៊ិនធឺណេត ជាមធ្យមរបស់ប្រទេសស៊ុយអែត មានចំនួន ២០.៦ មេហ្គាបីតក្នុងមួយវិនាទី (20.6 Mbps) ជាមធ្យម ដែលល្បឿននេះមានការកើនឡើង ៣២% ពីឆ្នាំ ២០១៥។ នេះមានន័យថា ទោះបីជាអ្នករស់នៅប្រទេសនោះ បើកដំណើរការកម្មវិធីច្រើនប៉ុណ្ណា ក៏បញ្ហាល្បឿនយឺតយ៉ាវ មិនដែលកើតមានដែរ។ 

២. ប្រទេសន័រវែស

ន័រវែស ឬព្រះរាជាណាចក្រន័រវេស គឺជាប្រទេសរាជាធិបតេយ្យ ដែលមានអធិបតេយ្យភាពមួយ របស់ទ្វីបអ៊ឺរ៉ុប។ Oslo គឺជារាជធានីរបស់ប្រទេស ន័រវេស ហើយក៏ជាទីក្រុងធំជាងគេក្នុងប្រទេសដែរ។ ប្រទេសនេះ មានផ្ទៃដីសរុប ៣៨៥,១៧៨ គីឡូម៉ែត្រការ៉ និងមានប្រជាពលរដ្ឋរស់នៅប្រមាណ ៥,២៥២,១៦៦ នាក់ បើគិតត្រឹមខែតុលា ឆ្នាំ ២០១៦។

ល្បឿនអ៊ិនធឺណេត របស់ន័រវេស មានកំណើនធំជាងគេបង្អស់ រហូត ៦៨% ធៀបនឹងឆ្នាំ ២០១៥។ ប្រជាជនន័រវេស អាចប្រើប្រាស់អ៊ិនធឺណេតល្បឿន ២១.៣ មេហ្គាបីតក្នុងមួយវិនាទី (21.3 Mbps) ជាមធ្យម។ ល្បឿននេះ អាចឲ្យអ្នក upload ឬ download រូបភាពច្បាស់ទំហំធំ (HQ) ៥ សន្លឹក ត្រឹមតែ ១ វិនាទី។ 

១. ប្រទេសកូរ៉េខាងត្បូង

កូរ៉េខាងត្បូង ឬសាធារណរដ្ឋកូរ៉េ ជាប្រទេសនៅតំបន់អាស៊ីខាងកើត ស្ថិតនៅភាគខាងត្បូង នៃឧបទ្វីបកូរ៉េ។ រាជធានីរបស់ប្រទេសនេះគឺទីក្រុងសេអ៊ូល (Seoul) ហើយវាក៏ជាទីក្រុងធំជាងគេផងដែរ។ ផ្ទៃដីសរុបមានចំនួន ១០០,២១០ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅប្រមាណជា ៥០,៨០១,៤០៥ នាក់ បើគិតត្រឹមឆ្នាំ ២០១៦។

ជាការពិតណាស់ ល្បឿនអ៊ិនធឺណេត របស់កូរ៉េខាងត្បូងពិតជា ធ្វើឲ្យអ្នកប្រើប្រាស់ មានភាពរីករាយបំផុត ពីព្រោះល្បឿនរបស់វាជាមធ្យម គឺរហូតដល់ទៅ ២៩ មេហ្គាបីតក្នុងមួយវិនាទី (29 Mbps) ដែលតួលេខនេះ លើសចំនួនល្បឿនអ៊ិនធឺណេត ជាមធ្យមរបស់ពិភពលោកជិត ៥ ដងឯណោះ! អ្នកអាចទាញយកខ្សែភាពយន្ត កម្រិត HD (ទំហំប្រមាណជា ៥,០០០ មេហ្គាបៃ ឬ 5GB) ត្រឹមតែ ២នាទីកន្លះប៉ុណ្ណោះ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏អ្នកប្រើប្រាស់អ៉ីនធើណេត ក្នុងប្រទេសនេះ ត្រូវបានរឹតបន្តឹង មិនឲ្យប្រើប្រាស់លើសចំនួន ដែលបានកំណត់ឡើយ៕ 

ប្រភព៖ Business Insider | Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]