(ភ្នំពេញ)៖ អ្នកគាំទ្រក្រុមគោព្រៃកម្ពុជា បានសម្ដែងការសោកស្ដាយ ក្រោយបានឃើញបញ្ជីឈ្មោះ ក្រុមជម្រើស ជាតិកម្ពុជា ត្រូវប្រមូលផ្ដុំត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិអារ៉ាប់រួម នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ខាងមុខ តែគ្មានវត្តមាន Idol របស់ពួកគេចំនួន ២រូប គឺខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា និងអ្នកចាំទីដៃស្អិត ស៊ូ យ៉ាទី។

យោងតាមបញ្ជីឈ្មោះថ្មី ដែលបង្ហោះលើ Page ទំនាក់ទំនងសង្គមរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) គឺមាន សមាជិកសរុប ២៤នាក់មកពី ៦ក្លឹប ដើម្បីធ្វើការប្រមូលផ្ដុំនៅថ្ងៃទី៥ ខែមករាស្អែកនេះ សម្រាប់ត្រៀមចេញទៅ ប្រកួត មិត្តភាពទល់នឹងក្រុមម្ចាស់ផ្ទះអារ៉ាប់រួមនាចុងសប្ដាហ៍ក្រោយ។ ប៉ុន្ដែគេពិតជាមានការភ្ញាក់ផ្អើល និងសោកស្ដាយជាខ្លាំង ដែលកីឡាករ ២រូបខាងលើមិនអាចរួមដំណើរ ក្នុងបេសកកម្មនេះបាន។

ជុំវិញការបង្ហាញបញ្ជីឈ្មោះកីឡាករ ដោយមិនទាន់ដឹងពីសមត្ថភាពថ្នាក់ដឹកនាំ ឬគ្រូបង្វឹកនេះ សហព័ន្ធក៏មិន បាន បង្ហាញពីមូលហេតុនៃការមិនកោះហៅ ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ដែរ។ ប៉ុន្ដែបើយោងតាមមូលហេតុជាក់ស្ដែង គឺដោយសារកីឡាករទាំងពីរ សុទ្ធតែមានរបួស អំឡុងពេលប្រកួតពានអន្ដរជាតិ នៅប្រទេសវៀតណាម កាលពីដើម ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ប្រកួតពាន Toyota Mekong Cup កាលពីសប្ដាហ៍មុន វឌ្ឍនាកា នៅតែលេងមិនទាន់បាន ខណៈ ស៊ូ យ៉ាទី ត្រូវបានបង្ខំចិត្ដលេងទាំងមានអារម្មណ៍ថាឈឺទៀតផង៕

ប្រភព៖ Khmertalking

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន បានចាកចេញទៅប្រទេសថៃហើយ ដើម្បីចូលរួមលេងឲ្យក្លិប Krabi FC

ខ្សែបម្រើកូនកាត់ខ្មែរ-បារាំង កីឡាករ ធារី ចន្ថាប៊ីន បានសម្រេចចិត្តជាផ្លូវការហើយ អំពីទិសដៅបន្ទាប់ក្នុងវិថីបាល់ទាត់ ដោយបានប្រកាសកាលពីថ្ងៃទី៣១ ខែធ្នូ កន្លងទៅនេះថា បានចុះកុងត្រារួចរាល់ហើយ ជាមួយក្លិប Krabi FC ដែលលេងនៅលីកទី២ប្រទេសថៃ។

ដោយឡែកនៅព្រឹកថ្ងៃទី០២ ខែមករា កន្លងទៅនេះ ធារី ចន្ថាប៊ីន ក៏បានលាប្រិយមិត្តអ្នកគាំទ្រនៅកម្ពុជា និងមិត្តស្រីរបស់ខ្លួនផងដែរ ដើម្បីធ្វើការចាកចេញពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅប្រទេសថៃ ដើម្បីត្រៀមខ្លួន បើករដូវកាលថ្មី ជាមួយក្លិបថ្មី Krabi FC ។ 

ទាក់ទងនឹងការសម្រេចចិត្ត ទៅលេងនៅលីកប្រទេសថៃ បន្ទាប់ពីចំណាយពេល៤ឆ្នាំជាមួយក្លិបភ្នំពេញក្រោន ធារី ចន្ថាប៊ីន បានប្រកាសក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា «បន្ទាប់ពីការរងចាំប្រាប់អ្នកពីដំណឹងមួយនេះ ខ្ញុំអាចប្រាប់បានហើយថា ខ្ញុំបានធ្វើការចុះកុងត្រាជាមួយ Krabi Football Club - สโมสรฟุตบอลกระบี่ នៅឯប្រទេសថៃ! ខ្ញុំពិតជាមានភាពរីករាយណាស់ដែលអាចឈានទៅដល់គោលដៅមួយរបស់ខ្ញុំបាន វាប្រៀបដូចជាអំណោយឆ្នាំថ្មី ២០១៧ អីចឹង។ វាជាការប្រកួតប្រជែង ហើយនិងជាការបោះជំហានដ៏ធំមួយសម្រាប់ខ្ញុំផងដែរ ខ្ញុំបានត្រៀមចិត្តកាយរួចជាស្រេចដើម្បីឱកាសដែលខ្ញុំទទួលបាននេះ!!

សូមថ្លែងអំណរគុណជាអនេកសម្រាប់ការបន្តគាំទ្ររូបខ្ញុំ ក៏ដូចជាការលើកចិត្តឱ្យខ្ញុខិតខំពុះពារទៅមុខ។ ខ្ញុំពិតជារំភើបចំពោះបទពិសោធន៍ទាំងនេះ ទាំងការសិក្សាពីអ្វីថ្មីៗហើយនាំយកវាមកកម្ពុជា។ ខ្ញុំនឹងមិនអាចបំភ្លេចបានពីការឈរឈ្មោះលេងសម្រាប់ប្រទេសយើង ហើយខ្ញុំក៏សង្ឈឹមដែរថានឹងអាចត្រឡប់មកវិញនៅពេលក្រោយផងដែរ!» ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]