មិនថា អ្នកគ្រាន់តែទៅធ្វើការណាត់ជួបបែបធម្មតា ឬទម្លាប់ប្រចាំថ្ងៃនោះទេ អ្នកគួរតែរក្សានូវភាពទាក់ទាញជាប់នឹងខ្លួនជានិច្ច។ ក្នុងនាមជាបុរស អ្នកប្រាកដជាចង់ ទទួលបាននូវភាពទាក់ទាញ ជាពិសេស ពីភាគីខាងស្រីជាក់ជាមិនខាន។

ហេតុនេះ ដើម្បីកុំឲ្យរង់ចាំយូរ យើងនឹងបង្ហាញពីគន្លឹះបង្កើនភាពទាក់ទាញ សម្រាប់សុភាពបុរសទាំងឡាយ ដោយផ្អែកតាមគំនិតបែបវិទ្យាសាស្រ្ត ដូចខាងក្រោមនេះ ៖

១. ស្លៀកពាក់ឲ្យដូចជាសុភាពបុរស

ប្រសិនបើអ្នកចង់ស្លៀកពាក់ ឲ្យបានស្អាតបាត អ្នកត្រូវតែជ្រើសរើស ការស្លៀកពាក់របៀបចាស់ទុំបន្តិច។ នេះក៏ព្រោះតែ ការដែលមើលទៅដូចជាចាស់ទុំបែបនេះ ពិតជាជួយបង្កើនភាពទាក់ទាញបុរស បានយ៉ាងជឿជាក់ ជាពិសេស វាមិនបង្ហាញពីភាពយុវវ័យក្មេងខ្ចីឡើយ។ ភាពចាស់ទុំ គឺគួរឲ្យគោរព និងសក្តិសមជាសុភាពបុរសពិត ដែលអ្នកគ្រប់គ្នា ប្រាថ្នាចង់បាន មិនថាតែនារីៗឡើយ។

២. ចេះធ្វើឲ្យដៃគូសើច

ការសិក្សាជាច្រើន បានបង្ហាញថា ស្រ្តីភាគច្រើន មានចិត្តចាប់អារម្មណ៍លើមនុស្សប្រុស ដែលអាចធ្វើឲ្យពួកគេញញឹម ឬសើចបាន ជាជាងបុរស ដែលមិនសូវចេះលេងសើចជាមួយនឹងពួកគេ។ ឥទ្ធិពលនៃសំណើច ទៅលើសុភាពនារីៗ មានប្រសិទ្ធភាពខ្ពស់ ក៏ព្រោះតែគេតែងតែជឿថា អ្នកដែលអត្តចរិតកំប្លែងបែបនេះ ជាមនុស្សដែលចុះចំណោមក្នុងសង្គម និងមានភាពវៃឆ្លាតខ្ពស់។ 

៣. មានដុះពុកចង្ការ

ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ស្រ្តីភាគច្រើនចាប់អារម្មណ៍លើ បុរសណា ដែលមានដុះពុកចង្ការ ដោយពួកគេបានធ្វើការអះអាងថា វាបញ្ជាក់អំពីទំនាក់ទំនង យូរអង្វែងរវាងគ្នានឹងគ្នា។ អ្នកស្រាវជ្រាវ ក៏បានសរុបសេចក្តីដែរថា ពុកចង្ការ ជួយបង្កើនភាពជាបុរស និងជាសញ្ញាដែលឲ្យនារីៗដឹងថា ខ្លួនជាមនុស្សដែលមានសុខភាពល្អ និងស្រួលចិញ្ចឹមផងដែរ។

៤. មានក្លិនខ្លួនក្រអូប

ក្លិនខ្លួនរបស់បុរសមានឥទ្ធិពលយ៉ាងខ្លាំង ទៅដល់ការទាក់ទាញចិត្តរបស់មនុស្សជុំវិញ ជាជាងអ្វីៗទាំងអស់ ជាពិសេស គឺមនុស្សស្រីតែម្តង។ ទន្ទឹមនឹងនោះដែរ ស្រ្តីភាគច្រើន ក៏បានយល់ស្របដែរ ដោយពួកគេបានលើកឡើងថា គ្មានអ្វីដែលអាក្រក់ ជាងបុរសដែលមានក្លិនខ្លួនមិនល្អនោះទេ។ ហេតុនេះ សូមចៀសវាងបញ្ហាក្លិនខ្លួននេះឲ្យបាន ទោះមិនបាន ១០០% ក៏បានភាគច្រើនដែរ។ 

៥. ចេះប្រើភ្នែកទាក់ទាញ

ទំនាក់ទំនង ដោយប្រើក្រសែភ្នែក ពិតជាពិសេស ជាងចំណុចដទៃ ពីព្រោះតែ វាអាចប្រាស្រ័យទាក់ទងបានល្អជាងពាក្យ និងសកម្មភាពទៅទៀត។ ដំបូង គឺគ្រាន់តែសម្លឹងភ្នែករបស់នារី ដែលអ្នកចាប់អារម្មណ៍មួយភ្លឹក រួចងាកមុខចេញ។ បន្ទាប់មកប្រសិនបើអ្នកងាកប្រសព្វភ្នែកជាមួយនាងម្តងទៀត ហើយនាងកំពុងតែសម្លឹងមកអ្នក ជាមួយនឹងទឹកមុខធម្មតានោះ មានន័យថាអ្នកទទួលបានការចាប់អារម្មណ៍ហើយ។

៦. មានសម្លេងពិសេស

សំឡេងដែលធ្ងន់ ម៉ឺងម៉ាត់ គឺជាអន្ទាក់សម្រាប់ឲ្យអ្នក បង្កើននូវភាពលេចធ្លោ ដោយអ្នកណាៗ ក៏ចង់ស្តាប់អ្នកនិយាយដែរ។ ការសិក្សាមួយបានបង្ហាញថា ស្រ្តីភាគច្រើន តែងតែគិតថាបុរស ដែលមានសម្លេងធ្ងន់ ស្តាប់ទៅមានលក្ខណៈម៉ឺងម៉ាត់ គឺមានភាពទាក់ទាញ តាមបែបស៊ិចស៊ី ពិតៗ។ 

៧. អួតកំភួនដៃ

យោងតាមការសិក្សាមួយ បានលើកឡើងថា ស្រ្តីភាគច្រើនចាប់អារម្មណ៍លើមនុស្សប្រុសណា ដែលមានសាច់ដុំរឹងមាំ ខ្ពស់ ចង្កេះតូច -ល-។ ប៉ុន្តែ គេបានកត់សម្គាល់ អំពីចំនុចមួយ ដែលនារីៗទាំងនោះ បង្ហាញការចូលចិត្តដូចគ្នា នោះគឺកំភួនដៃ ដែលមានសរសៃផុសឡើង។ សរសៃដៃទាំងនោះ បញ្ជាក់ថាបុរសនោះគ្មានជាតិខ្លាញ់ទាបបំផុត ក្នុងរាងកាយ និងមានសាច់ដុំរឹងមាំច្រើន។

៨. មានសត្វចិញ្ចឹម

យោងតាមការសិក្សាមួយ គេបានធ្វើការបង្ហាញថា បុរសតែម្នាក់អាច ទាក់ទាញលេខទូរស័ព្ទ មួយភ្លែត បានដល់ទៅចំនួន ៣ ខ្សែឯណោះ។ ហេតុផលនោះគឺ ដោយសារតែ បុរសម្នាក់នោះ មានចិញ្ចឹមសត្វឆ្កែ ដែលជាភាពទាក់ទាញមួយបែប ពីព្រោះថាមនុស្សភាគច្រើន មិនថាស្រី មិនថាប្រុស គឺសុទ្ធតែចូលចិត្តភាពគួរឲ្យស្រលាញ់ របស់សត្វចិញ្ចឹមទាំងនោះ។ 

៩. ចេះលេងហ្គីតា

យោងតាមការសិក្សា ដែលបានចេញផ្សាយ នៅក្នុងទស្សនាវដ្តី Psychology of Music បានលើកឡើងថា ស្រ្តីភាគច្រើន មានចំណាប់អារម្មណ៍ទៅលើ មនុស្សប្រុស ដែលចេះលេងហ្គីតា លើសពីបុរសធម្មតា ៣ ដងឯណោះ។ អ្នកស្រាវជ្រាវបានបកស្រាយ នូវហេតុផលថា ដោយសារតែនារីៗ គិតថាបុរសលេងហ្គីតា មានភាពសង្ហារ ឡូយ និងពោរពេញទៅដោយភាពរីករាយជានិច្ច។

១០. មានអាយុចាស់ជាងដៃគូ

ការសិក្សាមួយក្នុងឆ្នាំ ២០១០ លើមនុស្សចំនួន ៣,៧៧០នាក់ បានបង្ហាញថា ស្រ្តីភាគច្រើន ចូលចិត្តបុរសដែលមានអាយុចាស់ជាងខ្លួន។ នេះក៏ដោយសារតែពួកគេ គិតថាបុរសទាំងនោះ មិនត្បិតត្បៀតបញ្ហាហិរញ្ញវត្ថុចំពោះខ្លួន ហើយថែមទាំងមើលទៅហាក់ដូចជាមានអំណាចយ៉ាងដូច្នោះដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាអាចជួយដល់សុខភាពផ្លូវភេទ ទាំងទ្វេភាគីទៀតផង។ 

១១. និយាយចំៗ

ស្រ្តីភាគច្រើន មានទំនោរទៅមានទំនាក់ទំនងរយៈពេលយូរជាមួយបុរសណា ដែលចូលចិត្តនិយាយចំៗ (ឧទាហរណ៍ដូចជា “ខ្ញុំឃើញនាងដើរកាត់ ហើយក៏ចង់ជួបតែម្តង។ តើនាងឈ្មោះអីដែរ?” ឬ “មានពេលនិយាយគ្នាបន្តិចដែរឬទេ?”) ជាជាងអ្នកដែលនិយាយមិនចូលសាច់រឿង បែបអូសក្រឡាគួរឲ្យធុញ។

១២. មានការយកចិត្តទុកដាក់

ការស្រាវជ្រាវរបស់អូស្រ្តាលីមួយ បានរកឃើញថា បុរស ដែលមានការយកចិត្តទុកដាក់ខ្ពស់ ទទួលបានភាពទាក់ទាញយ៉ាងក្លាំងក្លា ពីភាគីខាងស្រី។ ការសិក្សានោះ បានលើកឡើងថា រវាងភេទផ្ទុយគ្នា បុរសដែលអាចទទួលបាន ភាពទាក់ទាញពីនារីខ្លាំងជាងគេ គឺជាបុរស ដែលយកចិត្តទុកដាក់ខ្ពស់ ដោយការយល់អារម្មណ៍ដៃគូ និងសម្គាល់រាល់រឿងតូចតាច របស់នាងទាំងអស់៕ 

ប្រភព៖ Interesting Facts | IFL SCIENCE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]