បរទេស៖ វីរបុរសគឺអាចកើតចេញពីមនុស្សគ្រប់សណ្ឋាន មិនថាខ្ពស់ទាប តូចធំ ឬក្មេងចាស់នោះទេ ដូចជាករណីមួយនេះអ៉ីចឹង ដែលក្មេងប្រុសអាយុ២ឆ្នាំម្នាក់ បានក្លាយជាវីរបុរសតូច ជួយសង្គ្រោះបងប្អូនភ្លោះរបស់គេ ដែលគៀបជាប់នៅក្រោមទូរដ៏ធំមួយ ដែលរលំសង្កត់ពីលើ។

ក្មេងប្រុសតូច Brock Shoff ត្រូវបានទូរមួយសង្កត់ជាប់នៅខាងចុងនៃទូរ ខណៈពេលដែលគេកំពុងតែលេង នៅក្នុងបន្ទប់គេងរបស់គេ ហើយបងប្អូនភ្លោះឈ្មោះ Bowdy ក៏នៅទីនោះជាមួយគ្នាដែរ។ បន្ទាប់ពីឃើញប្អូនប្រុសជាប់នៅក្រោមទូរបែបនេះ Bowdy ក៏បានខ្នះខ្នែងជួយប្អូនប្រុសភ្លាមៗផងដែរ ហើយសកម្មភាពទាំងអស់របស់គេត្រូវបាន​ថតជាប់ដោយកាមេរ៉ាសុវត្តិភាព ដែលបំពាក់នៅក្នុងបន្ទប់នោះ។

ប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ ត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្កម Facebook កាលពីថ្ងៃអាទិត្យ ដោយឪពុកម្តាយរបស់ក្មេងតូចទាំង២នាក់នេះ អមជាមួយនឹងការក្រើនរំឮកពីគ្រោះថ្នាក់ដែលអាចកើតមានឡើងចំពោះកូនតូចៗ ដោយសារទូរដាក់អីវ៉ាន់ដែលងាយរលំទាំងនោះ។ 

តាមរយៈវីដេអូដែលបង្ហោះនោះ បានបង្ហាញថា ក្មេងប្រុសតូច Brock បានរើបម្រាស់ចុះឡើង នៅពេលដែលគេជាប់នៅក្រោមទូរនោះ វាជារឿងដ៏គ្រោះថ្នាក់ណាស់ ព្រោះគេអាចទទួលរងសម្ពាធកាន់តែខ្លាំងពីទូរដែលសង្កត់ ខណៈពេលដែលម្តាយរបស់គេឈ្មោះ Kayli បានចេញពីបន្ទប់នោះចុះទៅក្រោមផ្ទះមួយភ្លែត ដូច្នេះគ្មានមនុស្សធំណាម្នាក់នៅជិតនោះ ដើម្បីជួយគេនោះទេ។

ប៉ុន្តែវាពិតជាសំណាងល្អណាស់ ដែលបងប្រុសរបស់គេ Bowdy ក៏នៅទីនោះដែរ ដោយគេបានដើរចុះឡើងជុំវិញទូរនោះ ដើម្បីព្យាយាមរកដំណោះស្រាយ ជួយទៅដល់ប្អូនភ្លោះរបស់គេដែលជាប់នៅក្រោមទូរនោះ។ ដំបូងឡើយ Bowdy បានព្យាយាមលើកទូរនោះឡើង ដោយដៃតូចៗរបស់គេ ប៉ុន្តែដោយសារទូរនោះធ្ងន់ពេក គេមិនអាចលើកបាននោះទេ។

ដោយសារតែមិនអាចលើកបាន Bowdy ក៏បានប្តូរវិធីសាស្រ្ត ដោយគេចាប់ផ្តើមរុញទូរនោះម្តងវិញ ហើយវាពិតជាទទួលបានផលមែន ខណៈBrock អាចត្រឡប់ខ្លួនរបស់គេបាន និងរើចេញពីក្រោមទូរ ដោយសុវត្តិភាព។ ក្មេងតូច Brock បានយំមួយសន្ទុះ ហើយលែងអី រួចនាំគ្នាលែងជាមួយបងប្អូនរបស់គេវិញ នៅពេលដែលម្តាយរបស់គេត្រឡប់ទៅដល់បន្ទប់។

នាង Kayli ដែលត្រូវជាម្តាយបានឲ្យដឹងថា នាងមិនបានឮសម្លេងទូរនោះរលំ ឬក៏សម្លេងកូនរបស់នាងយំនោះទេ ខណៈដែលឪពុកក្មេងទាំងពីរ បានឲ្យដឹងថា គាត់មានក្តីរីករាយជាខ្លាំងចំណោះចំណងមិត្តភាពរបស់កូនគាត់ទាំង២នាក់ចំពោះគ្នាទៅវិញទៅមកនេះ៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]