(ភ្នំពេញ)៖ អតីតម្ចាស់មេដាយមាសកីឡាស៊ីហ្គេម លើកទី៣ កាលពីឆ្នាំ១៩៦៥ លើវិញ្ញាសាចោលស្នលោកស្រី ណុល កន បានទទួលមរណភាពហើយ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ដែលនឹងប្រារព្ធពិធីបុណ្យ ៧ថ្ងៃ នៅថ្ងៃទី៤ ខែមករាស្អែកនេះ ប៉ុន្ដែក្រោយការស្លាប់របស់អតីតកីឡាការិនីអត្ដពលកម្មនេះ បានបន្សល់ទុកនូវបំណុលប្រមាណ ៥ពាន់ដុល្លារឲ្យកូន-ចៅសងជំនួស ដោយហេតុនេះកូនៗ ក៏បានធ្វើការអំពាវនាវរកជំនួយ ដើម្បីសម្រាលទុក្ខលំបាកក្នុងគ្រួសារ ដែលកំពុងជួបការខ្វះខាត។

លោកស្រី ខាន់ ចន្ត្រា កូនស្រីបង្កើតរបស់លោកស្រី ណុល កន បានឲ្យដឹងថា ម្ដាយរបស់ខ្លួនបានលាចាកលោកកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ប៉ុន្ដែបានបន្សល់នូវបំណុលចំនួន ៥ពាន់ដុល្លារ ដែលម្ដាយបានខ្ចីគេមកសាងសង់ផ្ទះ ដែលកូន-ចៅក្នុងបន្ទុកត្រូវទទួលរាប់រង។ តែដោយសារ​បច្ចុប្បន្នគ្រួសារនៃសពពុំមានលទ្ធភាព និងខ្វះខាតថវិកាធ្វើបុណ្យឲ្យម្ដាយផង លោកស្រី ខាន ចន្ត្រា ក៏បានអំពាវនាវដល់​សប្បុរសជន​ជួយសម្រាលទុក្ខលំបាក និងរៀបចំធ្វើបុណ្យជូនអតីត កីឡាការិនីជម្រើសជាតិខាងលើ តាមរយៈលេខទូរស័ព្ទ ០៩៦ ៣៧២ ៨១ ៧៧។

ទន្ទឹមនឹងការទទួលបានដំណឹងដ៏ក្រៀមក្រំនេះ ថ្នាក់ដឹកនាំអង្គភាពកីឡាក្រសួងមហាផ្ទៃ ក៏បានត្រៀមថវិកាចំនួន ១លានរៀល ដើម្បីចូលរួម​សម្រាលទុក្ខលំបាកជាមួយគ្រួសារសពលោកស្រី ណុល កន ផងដែរ។ នេះបើយោងតាមការឲ្យដឹងពីមនុស្សជំនិតរបស់លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ ដែលគ្រោងនាំយកថវិកាខាងលើ ទៅប្រគល់ជូនគ្រួសារសពក្នុងពេលឆាប់ៗខាងមុខ ហើយអង្គភាព​កីឡាក្រសួងមហាផ្ទៃ ក៏បានសម្ដែងការសោកស្ដាយ ចំពោះការបាត់បង់ធនធានកីឡា ដ៏មានស្នាដៃខាងលើផងដែរ៕

ប្រភព៖ Khmertalking

ដោយឡែកព័ត៌មានមួយផ្សេងទៀត៖ កីឡាករប្រដាល់ ឈិន ក្វាន់ងុយ ជួបគ្រោះថ្នាក់ចរាចរណ៍ របួសបាក់ជើង

កីឡាករប្រដាល់ ឈិន ក្វាន់ង៉ុយ ជិះម៉ូតូទៅបុក និងរថយន្តនៅផ្លូវបំបែកជាបួន បណ្តាលឲ្យរងរបួសបាក់ជើងខាងឆ្វេង កាលពីម៉ោង ៩៖៣៥នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ លើកំណាត់ ផ្លូវ១៤៣កែងនិងផ្លូវ៣០៤ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់អាយុ ប្រហែលជាងឆ្នាំ៣០ឆ្នាំ បានបើករថយន្តម៉ាក ហ៊ីយ៉ានដាយ ស្តារិច ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2AG 3072 បានធ្វើដំនើរតាមផ្លូវ លេខ១៤៣ ក្នុងទិសដៅ លិចទៅកើត ក្នុងល្បឿនលឿនខណៈមកដល់ចំនុចផ្លូវបំបែកជាបួន ក៏ស្រាប់តែបុរសម្នាក់ទៀត បានជិះម៉ូតូម៉ាក វ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ នគរបាល 1-5560 ធ្វើដំនើរតាមផ្លូវលេខ៣០៤ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចគ្នា ព្រមទាំងខ្វះការប្រុងប្រយ័ត្ន រួចជ្រុលទៅបុក និងរថយន្តចំពាក់កណ្តាល ពេញទំហឹង បណ្តាលអោយ អ្នកបើកម៉ូតូ បោកក្បាល់ផ្កាប់មុខទៅនិងកញ្ចក់រថយន្ត រងរបួសបាក់ជើងខាងឆ្វេង និងបែកក្បាល ។

ភ្លាមៗក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះ នៅគ្លីនិកឯកជន ហុងហាក់ ចំនែកម៉ូតូរងកាខូចខាត ខ្ទេចខ្ទីផ្នែកខាងមុខ ឯរថយន្ត រងកាខូចខាតកំពិតមួយចំហៀងខាងស្ដាំ និងបែកកញ្ចក់ចំហៀងខាងស្ដាំដូចគ្នា តែមិនគ្រោះថ្នាក់ដល់មនុស្សនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ កន្លែងកើតហេតុ រួចបានឃាត់ខ្លួនអ្នកបើករថយន្ត រួចហើយធ្វើការវាស់វែង យករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅ អធិការដ្ឋានខណ្ឌចំការមន ដើម្បីធ្វើការដោះស្រាយ នៅពេលក្រោយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]