ភ្នំពេញ៖ ឈានចូលឆ្នាំសកល ឆ្នាំថ្មី ២០១៧ ភ្លាម ត្រូវចំថ្ងៃខួបកំណើតតារាៗ ប្រុស-ស្រីជាច្រើនដួង ក្នុងនោះដែរកាលពីថ្ងៃទី ១ ខែមករា ត្រូវជាខួបកំណើតរបស់តារាសម្តែងស្រី កញ្ញា នី មុន្នីនាថ ហើយកាលពីថ្ងៃទី ២ មករា ម្សិលមិញនេះ ក៏ត្រូវជាថ្ងៃខួបកំណើតរបស់ម្ចាស់ពានរង្វាន់កម្មវិធីប្រលងចម្រៀង Cambodian Idol រដូវកាលទី១ លោក នី រតនា ផងដែរ។

ឆ្លៀតនៅក្នុងថ្ងៃដ៏រីករាយមួយឆ្នាំមានម្តង តារាចម្រៀងវ័យក្មេង ប្រចាំនៅផលិតកម្មរស្មីហង្សមាស នី រតនា ក៏បានជូនពរជាហូរហែអ្នកគាំទ្ររបស់ខ្លួនទាំងអស់តាមរយៈគណនីហ្វេសប៊ុក អានហើយត្រជាក់ចិត្តខ្លាំងណាស់។

សាររបស់លោក នី រតនា មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «ថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់ខ្ញុំ ឆ្លៀតឱកាសនេះដែរ ខ្ញុំបាទ នី រតនា ក៏សូមអរគុណដល់បណ្ដាបងប្អូនទាំងអស់គ្នា ដែលតែងតែស្រលាញ់ចូលចិត្តគាំទ្ររូបខ្ញុំ ដែលបានជូនពរដល់ខ្ញុំបាទនៅក្នុងថ្ងៃនេះ ខ្ញុំបាទក៏សូមជូនពរដល់ពុកម៉ែបងប្អូន អ៊ំ ពូមីង និងមិត្តៗយុវវ័យដូចគ្នា សូមឱ្យទេវតាឆ្នាំថ្មី តាមជួយថែរក្សា ដល់បងប្អូនទាំងអស់គ្នា កុំឱ្យមានជំងឺដង្កាត់ផ្សេងៗ សូមឱ្យសុខភាពល្អ សំណាងល្អ ជួបតែសេចក្ដីសុខ រកស៊ី ទទួលទានមានបាន និងជាពិសេសប្រាថ្នាអ្វីសូមឱ្យបានសម្រេចផងដែរ អរគុណ»

ក្រៅពីនេះនៅឯខេត្តកំពង់ធំ ដែលជាស្រុកកំណើតរបស់តារាចម្រៀងទើបរះរូបនេះវិញ គេក៏ឃើញមានប្រិយមិត្តអ្នកគាំទ្រជាច្រើននាក់ ទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង បាននាំគ្នារួមធ្វើកម្មវិធី Surprise ថ្ងៃកំណើតយ៉ាងភ្ញាក់ផ្អើល និងរីករាយកក់ក្តៅបំផុតដែលមិនធ្លាប់មានពីមុន មុនថ្ងៃខួបកំណើតរបស់លោកមួយសប្តាហ៍ដែរ៕

ខាងក្រោមគឺជារូបភាពនៅក្នុងថ្ងៃខួបកំណើតរបស់តារាចម្រៀង លោក នី រតនា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា