ភ្នំពេញ៖ ពេញមួយឆ្នាំ២០១៦ មានរឿងរ៉ាវជាច្រើនបានកើតឡើង ដោយឥតព្រាងទុក នៅក្នុងឆាកជីវិតរបស់បុគ្គលម្នាក់ៗ។ នៅក្នុងនោះមានទាំងរឿងល្អ និងរឿងអាក្រក់នៅលាយឡំគ្នាមិនចេះចប់មិនចេះហើយ។ ប្រសិនបើនិយាយពីរឿងល្អៗ ក្រៅពីការទទួលបាននូវភាពជោគជ័យលើកិច្ចការងារ ស្នេហា និងមុខជំនួញ អ្វីដែលធ្វើឱ្យរឹតតែមានភាពកក់ក្តៅនៅក្នុងជីវិតបុគ្គលទៀតនោះ គឺការទទួលបានមនុស្សជាទីស្រលាញ់ម្នាក់ ដែលខ្លួនប៉ងប្រាថ្នានោះគឺ «កូន» ប្រុសស្រីដែលជាចំណងដៃស្នេហារវាងមនុស្សពីរនាក់។

ជាក់ស្តែងតារាៗស្រីល្បីៗនៅក្នុងសង្គមសិល្បៈខ្មែរយើង ទាំងតារាសម្តែង តារាចម្រៀង ពិធីការិនី ក៏បានទទួល «កូន» ជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតនៅក្នុងជីវិតរបស់ពួកគេផងដែរ។ តោះចង់ដឹងថា តើតារាស្រីប្រុសដួងណាខ្លះ? ដែលបានទទួលកូន ជាចំណងដៃនៅក្នុងឆ្នាំ២០១៦នេះ ទៅតាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៖

១. អ្នកនាង ភិន សុដាលីស៖ ជាតារាសម្តែង បានសម្រាលកូនស្រីដំបូងដ៏គួរឱ្យ ស្រលាញ់ម្នាក់ កាលពីដើមខែតុលា និងបានដាក់ឈ្មោះថា «Katherina»។ កូននេះបានសម្រាលដោយការវះកាត់នៅមន្ទីរពេទ្យរ៉ូយ៉ាល់រតនៈ រាជធានីភ្នំពេញ ក្រោមការយកចិត្តទុកដាក់ថែទាំពីសំណាក់ លោក អ៊ិន សុភិន ជាឪពុកបង្កើត និងក្រុមគ្រួសាររបស់អ្នកនាង ដាលីស ខណៈដែល លោក ប៉ែន ចំរ៉ុង ដែលជាឪពុកកូននៅក្នុងផ្ទៃ បានលែងលះគ្នាដាច់ស្រេចទៅហើយនោះ កាលពីពេលកន្លងទៅ។ 

២. អ្នកនាង គឹម លីហ្សា៖ អតីតតារាសម្តែងស្រីរូបនេះ ទទួលបានកូនប្រុសដំបូងម្នាក់ ក្រោយពេលសម្រាលនៅក្នុងមន្ទីពេទ្យ ប្រទេសអូស្រ្តាលីកាលពីចុងខែតុលា។ កូននាងត្រូវបានដាក់ឈ្មោះថា នីកូឡាស់ (Nicolas) មានសក់វែងស្អាតតាំងពីកំណើត និងមានមុខCute គួរឱ្យស្រលាញ់ដូចកូនកាត់អ៊ឺរ៉ុប។ បច្ចុប្បន្នអ្នកនាង គឹម លីហ្សា កំពុងរស់នៅយ៉ាងមានសេចក្តីសុខជាមួយស្វាមី និងកូនប្រុសខ្លួន។ មិនតែប៉ុណ្ណោះ នាងក៏បានទទួលភាពកក់ក្តៅពីម្តាយខាងគ្រួសារស្វាមីផងដែរ ក្រោយទទួលបានកូនប្រុសសំណព្វមួយនេះ។

៣. អ្នកនាង អឿន ល័ក្ខលីតា ឬ Vj លីតា៖ ជាអតីតពិធីការិនីនៅ MY TV នាងសម្រាលបានកូនស្រីទី២ គួរឱ្យស្រលាញ់ម្នាក់នៅប្រទេសថៃ កាលពីចុងខែតុលាដូចគ្នា។ បច្ចុប្បន្ននាងកំពុងរស់នៅ ជាមួយស្វាមីយ៉ាងមានសេចក្តីសុខ។

៤. អ្នកនាង ឈិន ច័ន្ទសុធារី៖ អតីតតារាចម្រៀង និងជាពិធីការិនីរូបនេះ បានសម្រាលកូនភ្លោះប្រុស-ស្រី ប្រកបដោយសុវត្ថិភាពក្នុងកំឡុងខែកុម្ភៈ។ នាពេលនោះស្ថានភាពកូនប្រុសម្នាក់ ក្នុងចំណោមកូនភ្លោះទាំងពីររបស់នាង មិនល្អ នេះបើតាមការអះអាងរបស់ស្វាមីនាង លោក សុវណ្ណ មករា ប៉ុន្តែក្រោយសម្រាលបានជិតមួយសប្តាហ៍ទើបមានសុខភាពល្អប្រសើរវិញ។

៥. អ្នកនាង អែនជី៖ ពិធីការិនីដ៏ស្រស់ស្អាតនៅក្នុងកម្មវិធីតន្ត្រីស៊ូភើ សាន់ដេ របស់ស្ថានីយ៍ទូរទស្សន៍ PNN និងពិធីការិនីប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ អ្នកនាង លី ចាន់ដាលីស ឬ ហៅ អែនជី បានសម្រាលកូនប្រុសដ៏គួរឱ្យស្រលាញ់ម្នាក់ កាលពីដើមខែវិច្ឆិកា។

៦. អ្នកនាង ស៊ន ដាវីន៖ នាងជាភរិយារបស់កីឡាករប្រដាល់ លោក វ៉នវី វ៉ា ដែលទើបតែ សម្រាលបានកូនស្រីម្នាក់ប្រកបដោយសុវត្ថិភាព កាលពីកំឡុងខែតុលា ក្រោយរៀបការជាមួយគ្នាបានរយៈពេល២ឆ្នាំកន្លងផុតទៅ។

៧. VJ រស្មី៖ ពិធីការិនី ភា បុទុមរស្មី ឬVJ រស្មី ក៏បានសម្រាលកូនប្រុសម្នាក់ដែរ ក្នុងខែតុលា ក្រោយពីរៀបការបាន ១០ខែជាមួយស្វាមី។ ហើយជីវិតគ្រួសារ នាងហាក់ព្យាយាមលាក់បាំង មិនចង់ឱ្យល្បីសុះសាយខ្លាំងណាស់ណាទេនៅក្នុងស្រទាប់មហាជន។ 

៨. ភរិយាលោក សាវិន ហ្វីលីព៖ បានសម្រាលកូនប្រុសទី៣ កាលពីខែកុម្ភៈ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ កូនរបស់លោកកើតមកមានទម្ងន់ ៣គីឡូក្រាម និងមានសុខភាពល្អណាស់ ជាហេតុធ្វើឱ្យលោក សាវីន ហ្វីលីព និងភរិយាមានភាពសប្បាយរីករាយយ៉ាងខ្លាំង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]