តើគួរធ្វើយ៉ាងណា ដើម្បីរក្សាធ្មេញឲ្យបានល្អ បន្ទាប់ពីព្យាបាលសរសៃរន្ធឬសរួច?

ជាទូទៅប្រជាជនមួយចំនួន បានសម្រេចចិត្តទទួលការព្យាបាល នៅពេលដែលគាត់ ឈឺធ្មេញក្នុងកម្រិតមួយធ្ងន់ធ្ងរ ដោយព្យាបាលយកសសៃរន្ធឬសធ្មេញ ហើយមិនបានស្រោបធ្មេញ នៅលើធ្មេញដែលព្យាបាលនោះទេ។ ពួកគាត់គ្រាន់តែចង់ទាមទារឲ្យគ្រូពេទ្យ ឬទន្តបណ្ឌិតប៉ះបំពេញប្រហោងធ្មេញ ដែលត្រូវព្យាបាលតែប៉ុណ្ណោះ។ ការព្យាបាលត្រឹមដំណាក់កាលនេះ បានជួយអ្នកជំងឺឲ្យរួចផុតពីការឈឺចាប់ តែវាក៏បានធ្វើឲ្យធ្មេញធម្មជាតិរបស់យើង មានសភាពទន់ខ្សោយផងដែរ មានន័យថាធ្មេញធម្មជាតិបាត់បង់ភាពរឹងមាំ ដោយសារលែងមានសារធាតុចិញ្ចឹម អាចទៅដល់ធ្មេញបានដូចមុន។ យើងអាចស្រោចស្រង់ស្ថានភាព ធ្មេញរបស់យើងមកវិញបានដោយការស្រោបធ្មេញ។

មូលហេតុអ្វីបានជាយើងចាំបាច់ត្រូវ ស្រោបធ្មេញ? តើការស្រោបធ្មេញ អាចជួយអ្វីខ្លះ?

យើងចាំបាច់ត្រូវស្រោបធ្មេញ ពីព្រោះវានឹងជួយការពារធ្មេញដែលព្យាបាល យកសសៃរន្ធឬសធ្មេញរួច ឲ្យនៅតែមានសភាពរឹងមាំ និងមានសោភណ្ឌភាពល្អដូចធ្មេញធម្មជាតិ។ នៅពេលដែលគ្មានសរសៃរន្ធឬស ធ្មេញនឹងប្រែទៅជាងាយបែក ស្រួយ ហើយផុយដោយសារគ្មានឈាមទៅចិញ្ចឹមកោសិកាធ្មេញ។ លើសពីនេះវាក៏អាចផ្លាស់ប្តូរពណ៌ និងធ្វើឲ្យប៉ះពាល់ដល់សោភណ្ឌភាពនៃសម្រស់ផងដែរ។ ហេតុដូច្នេះហើយ ការស្រោបធ្មេញបានជួយរក្សា គុណភាពធ្មេញដែលព្យាបាលរួច និងរក្សាសោភណ្ឌភាពធ្មេញឲ្យបានស្អាត។ 

ប្រសិនបើធ្មេញបែកបន្តិចបន្តួច យើងអាចស្តាឡើងវិញបាន ដោយការប៉ះ ប៉ុន្តែប្រសិនបើធ្មេញបែកធំមិនអាចប៉ះជាប់ យើងអាចស្តាឡើងវិញបានដោយការស្រោបធ្មេញ។ ប្រសិនបើការខូចខាតមានសភាពធ្ងន់ធ្ងរ យើងត្រូវដកធ្មេញនោះចេញហើយជំនួសដោយធ្មេញស្រោបទាំងស្រុង។ ជាពិសេសចំពោះធ្មេញផ្នែកខាងមុខ នៅពេលដែលយើងព្យាបាលយកសសៃ រន្ធឬសធ្មេញ វានឹងប្រែទៅជាពណ៌លឿងក្រមៅ។

ការសិក្សារបស់វិទ្យាស្ថានជាតិដើម្បីសុខភាព ក៏បានបង្ហាញថា ការស្រោបធ្មេញក្រោយពេលព្យាបាលយកសរសៃឬសធ្មេញចេញ បានជួយផ្តល់ភាពរឹងមាំដល់ធ្មេញ។ ទោះបីជាយ៉ាងណា ក្រោយពីធ្វើការស្រោបធ្មេញហើយក៏ដោយ ធ្មេញដែលព្យាបាលហើយនោះ ត្រូវបានគេចាត់ទុកថាជាប្រភេទធ្មេញដែលងាយប្រឈមនឹងការបាតបង់។ ដូច្នេះហើយបន្ទាប់ពីស្រោបរួច ដើម្បីឲ្យធ្មេញប្រើប្រាស់យូរអង្វែង លោកអ្នក ត្រូវធ្វើការសំអាតធ្មេញមួយថ្ងៃ 2ដងឲ្យបានត្រឹមត្រូវ និងប្រើអំបោះទាក់ចន្លោះធ្មេញ (Dental Floss) ហើយជាពិសេស ត្រូវជួបជាមួយទន្តបណ្ឌិតដែលមានជំនាញច្បាស់លាស់ ដើម្បីពិនិត្យនិងសំអាត (Scaling and Polishing) ជារៀងរាល់6ខែម្តង៕

រៀបរៀងដោយ៖ ទន្តបណ្ឌិត ជួ ដារិទ្ធ

ទន្តបណ្ឌិតនៃមន្ទីរព្យាបាលធ្មេញបស្ចិមសាខាខេត្តសៀមរាប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]